រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ចំពោះកិច្ច​ទទួល​យក​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​មកស្នាក់នៅ​កម្ពុជា

ក្មេងប្រុសម្នាក់នៅជុំរុំ Haji IDP នៅតំបន់ Kandahar ភាគខាងត្បូងអាហ្វហ្គានីស្ថាន ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UNICEF Afghanistan)

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកជនភៀសខ្លួនពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា។

ផ្អែកតាមសេចក្ដីសម្រេច​របស់​រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ បាន​ឱ្យដឹង​ថា ក្រុមការងារនេះមាន​លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, លោក​នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធានពីររូប និងសមាជិកចំនួន៩រូប។

ក្រុមការងារនេះមានតួនាទីនិងភារកិច្ចពិនិត្យនិង​សម្រប​សម្រួល​ផ្ដល់​ការ​អនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា ស្របតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ និងគោលការណ៍សម្រេចរបស់រដ្ឋាភិបាលកម្ពុជា និងមានតួនាទីចាំបាច់មួយចំនួនទៀត។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន៣០០នាក់ ដែលជាបុគ្គលិក​អង្គ​ការមូល​និធិ​អាស៊ី និងក្រុមគ្រួសារ ឱ្យមកស្នាក់នៅក្នុងប្រទេសកម្ពុជាជាបណ្ដោះអាសន្ន មុននឹងសម្រេចបញ្ជូនទៅកាន់ប្រទេសទី៣។

ការសម្រេចនេះធ្វើឡើងតាមសំណើរបស់អង្គការមូលនិធិអាស៊ី បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមតាលីបង់ កាលពីខែសីហា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ