ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តពោធិ៍សាត់​និង​បាត់ដំបង​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន

ក្រុមកងកម្លាំងអាជ្ញាធរចុះអន្តរាគមន៍ជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ នារាត្រីថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Pursat Provincial Hall)

ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង និងពោធិ៍សាត់ លើកឡើងថា ជំនន់ទឹកភ្លៀងបានឡើង​លើសកម្រិតប្រកាសអាសន្ននៅតាមស្រុកមួយចំនួន ប៉ុន្តែគិតមកទល់រសៀលថ្ងៃអង្គារម្សិលមិញនេះ ទឹកបានស្រកចុះវិញ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តបាត់ដំបង លោក ឡុង ផលគុណ ប្រាប់ វីអូឌី នៅថ្ងៃទី១៦ ខែវិច្ឆិកា ថាស្រុកចំនួន២ គឺស្រុកមោងឫស្សី និងស្រុករុក្ខគិរី រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងខ្លាំង ខណៈទីនោះជាទីតាំងជិតតំបន់ភ្នំ។ យ៉ាងណា លោកថា មកដល់ពេលនេះ ទឹកបានស្រកវិញអស់ហើយ នៅសល់កន្ទុយទឹកបន្តិចនៅស្រុកមោងឫស្សី ក្នុងនោះមានឃុំចំនួន២ រួមមាន ឃុំតាលាស់ និងឃុំជ្រៃ ដែលបន្តរងផលប៉ះពាល់។

លោក ឡុង ផលគុណ និយាយថា៖ «[កាលពីពេលទឹកឡើងខ្លាំង] ទឹកមានកំពស់៦ម៉ែត្រកន្លះ កម្ពស់ក្ដារលេខដែលបានកំណត់ក្នុងសំណង់ៗ ត្រឹមទឹក! ហើយទឹកហ្នឹង យើងអនុញ្ញាតឱ្យឡើងខ្ពស់បំផុតត្រឹម៥ម៉ែត្រកន្លះទេ អ៊ីចឹងវាឡើងលើសចំណុចហានិភ័យ ៧តឹក! ប៉ុន្តែដោយសារភ្លៀងនេះមានសភាពលឿន គឺមកលិចក្នុងរយៈពេលខ្ទង់កន្លះថ្ងៃ ហើយក៏ស្រកអស់ទៅវិញទៅ»។

ទោះយ៉ាងណា លោកពុំអាចសន្និដ្ឋានពីតួលេខទំហំនៃ​ការខូច​ខាត​ទ្រព្យសម្បត្តិរបស់ពលរដ្ឋបានឡើយ ដោយថាមានតែអាជ្ញាធរមូលដ្ឋានទេដែលដឹង។

ចំណែកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក កែវ វ័យ មានប្រសាសន៍ថា នៅតាមដងស្ទឹងក្នុងស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង និង​មួយផ្នែកពីស្រុកបាកាន បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ពោលគឺតំបន់ខ្លះឈានលើសកម្រិតប្រកាសអាសន្ន។

លោកថា៖ «បើយើងគិតទៅ ទឹកជន់ជោរតាំងពីព្រឹកម៉ោង៤ទៀបភ្លឺ [ថ្ងៃទី១៦ ខែវិច្ឆិកា] មក។ អ៊ីចឹងយើងបានប្រកាសអាសន្ន ហើយឱ្យបងប្អូនត្រៀមប្រុងប្រយ័ត្ន។ ទឹកឡើងលើសពីការប្រុងប្រយ័ត្ន ដែលចំណុចនៃប្រកាសអាសន្នគឺ ៥,០០ម៉ែត្រ តែឥលូវឡើងដល់៥,១០ម៉ែត្រ។ ប៉ុន្តែឥលូវ ស្ថានភាពនេះ ទឹកនៅផ្នែកខាងលើ គិតពីព្រឹកមក នៅភ្នំក្រវាញ វាបានស្រកហើយ ស្រកបាន៣តឹក ២ហ៊ុន ប៉ុន្តែនៅពោធិ៍សាត់ យើងនៅនឹង គឺ៥,១០ម៉ែត្រដដែល»។

លោកបន្តថា បើស្ថានភាពនៅខាងលើជួរភ្នំក្រវាញមិនមានភ្លៀងទេ ក្នុងរយៈពេល៦ម៉ោង ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់នឹងស្រកមកជាធម្មតាវិញ។ ប៉ុន្តែបើសិនជាមានភ្លៀងនៅខាងលើច្រើន នោះទឹកនឹងហក់ឡើងថែមទៀត។

លោកថា គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ខេត្តពោធិ៍សាត់ មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរ​នោះទេ ដោយសារនៅខាងក្រៅស្ទឹង ទឹកមានសភាពធម្មតា ប៉ុន្តែទឹកហក់ឡើងក្នុងស្ទឹង ខណៈមន្ត្រីធនធានទឹកមិនទាន់ហ៊ានបើកទឹក​ចេញពីស្ទឹងមកខាងក្រៅទេ ព្រោះប្រជាកសិករជិតប្រមូលផលស្រូវទុំ។

ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់រូបនេះ​ថា មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងកងកម្លាំងបានត្រៀមរួចរាល់អស់ហើយ បើសិនកើតមានចំណុចប្រឈមណាមួយ អាជ្ញាធរនឹងជួយពលរដ្ឋជាអាទិភាព។

ដោយឡែក អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ថ្លែងនៅថ្ងៃទី​១៧ ខែ​​វិច្ឆិកា​​​នេះថា ជំនន់ទឹកភ្លៀងបានកើតឡើងនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សី ក្នុង​ខេត្ត​បាត់ដំបង ​ដោយ​សារ​ភ្លៀង​ធ្លាក់ជា​បន្ត​បន្ទាប់។

លោកថា កាលពីយប់ថ្ងៃទី១៣ ខែ​​​វិច្ឆិកា ទឹកភ្លៀងបានបន្ថែម៧០មីលីម៉ែត្រទៀត ធ្វើឱ្យទឹកហក់​ឡើង​ខ្ពស់ ហើយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅស្រុកទាំង២នៃខេត្តពោធិ៍សាត់។ យ៉ាងណា លោកថា ​ពលរដ្ឋ​ដែលរង​ផល​ប៉ះពាល់នៅស្រុករុក្ខគិរី ​​បានវិលទៅលំនៅស្ថានវិញ​ហើយ​ តាំងពីថ្ងៃទី១៥ ខែ​វិច្ឆិកា ខណៈ​ទឹក​នៅ​ឃុំចំនួន២​នៃស្រុកមោងឫស្សី ក៏ស្រកអស់ដែរ។

លោកបន្តថា ដោយឡែក ស្ទឹងពោធិ៍សាត់ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃ​អង្គារ​ម្សិល​មិញ​ ទឹកបានឡើង​លើសពីកម្រិតត្រូវប្រុងប្រយ័ត្ន តែមិន​មែន​ដល់កម្រិតប្រកាសអាសន្នទេ។ លោក​ថា កម្រិតប្រកាស​អាសន្ន​លុះត្រា​តែ​ជិត៦ម៉ែត្រ។ យ៉ាងណា លោកថា គិតមកដល់ព្រឹកថ្ងៃពុធនេះ ទឹកស្ទឹងបាន​ស្រក​បណ្ដើរៗ​ហើយ​។

លោក ចាន់ យុត្ថា មានប្រសាសន៍ថា៖ «ញែកឱ្យដាច់ពាក្យ២ហ្នឹង រវាងការប្រកាសអាសន្ន និងការប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន។ ប្រកាសអាសន្ន មានន័យថា លិចទប់លែងជាប់ហើយ រត់ជាន់ជើងគ្នា។ ម្សិលមិញហ្នឹង ៥,១០ ម៉ែត្រ ហើយកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នគឺ៥ម៉ែត្រគត់ [សម្រាប់ស្ទឹង​ពោធិ៍សាត់]។ ហើយម្សិលមិញ ​ហូរ​ស្រក​យឺតតិច ដោយសារយើងឱ្យទៅហូរទៅតែក្នុងស្ទឹងទេ មិនឱ្យ​ទៅចេញតាមប្រឡាយឬដៃរបស់ស្ទឹង ដោយ​សារ​ស្រូវរបស់បងប្អូនកំពុងជិតប្រមូលផលហើយ»។

ទីប្រឹក្សាឯករាជ្យផ្នែកធនធានធម្មជាតិ លោក ហែម ឧត្ដម យល់ថា ​ជារឿងស្មុគស្មាញក្នុងការគិតគូរនូវអនុសាសន៍ ដើម្បីដោះស្រាយឬបញ្ចៀសបញ្ហាទឹកជំនន់នៅខេត្តពោធិ៍សាត់និងបាត់ដំបង ខណៈរឿងនេះបានកើតឡើងជារឿយៗទៅហើយនៅខេត្តទាំង២នេះ។

យ៉ាងណា លោក​បង្ហាញសុទិដ្ឋិនិយមថា មន្ត្រីពាក់ព័ន្ធ​ប្រហែលជាបានគិតគូរពីបញ្ហាទាំងអស់នេះហើយ។

លោកបន្តថា៖ «ប៉ុន្តែនៅពេលដែលយើងមានព្រៃ នៅសល់ព្រៃឈើច្រើនអីចឹងទៅ វាអាចជួយកាត់បន្ថយផលប៉ះពាល់ហ្នឹង វាទាក់ទងនឹងធម្មជាតិ។ និងមួយទៀត ទាក់ទងនឹងកត្តាសង្គម ហេដ្ឋារចនាសម្ព័ន្ធដែលជួយទប់ទល់នឹងទឹកជំនន់ តើយើងមានរឹងមាំប៉ុនណា? យើងបានត្រៀមប៉ុនណា? ព្រោះមិនមែនជាលើកទីមួយដែលយើងលិចនោះទេ ដូចយើងដឹងអ៊ីចឹង វាលិចប៉ុន្មានឆ្នាំជាប់គ្នាហើយ»។

លោកថា រដ្ឋបានដឹងពីដើមចមដែលបង្កឱ្យមានគ្រោះទឹកជំនន់ ដូច្នេះវាទាក់ទងនឹងការវិនិយោគរបស់រដ្ឋាភិបាលថាតើរដ្ឋាភិបាលអាចដាក់ទុនឬចំណាយ​ថវិកាជាតិ​សម្រាប់​បង្កើតហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ទប់ទល់ និងមានប្រព័ន្ធប្រកាសអាសន្ន ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ