អ្នកឃ្លាំមើលថា ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ពេល​អវត្តមាន​បក្សប្រឆាំង

ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ជិត២០នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​បទចោទប្រកាន់​លើ​គ្រួសារ​របស់​ពួក​គេ នៅមុខសាលាឧទ្ធរណ៍ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកឃ្លាំមើលសង្គមនិងសិទ្ធិមនុស្សនៅកម្ពុជាបានកត់សម្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះខ្លាំងនៅពេល​អវត្តមានអតីត​គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។

ការលើកឡើងរបស់​ក្រុមអ្នកឃ្លាំមើល បានធ្វើឡើងស្របពេលខួប៤ឆ្នាំ​គត់​នៃ​ការ​រំលាយគណបក្ស​សង្គ្រោះជា​តិ ដោយតុលាការកំពូលកម្ពុជា ​នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អ្នកវិភាគនិងឃ្លាំមើលសង្គម លោកបណ្ឌិត មាស នី បានលើកឡើង​ដោយផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជាថា គិត​មកទល់នឹងពេលនេះ រដ្ឋាភិបាលនៅមិនទាន់ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅឡើយទេ។ ចំណែកឯការគំរាមកំហែង ឬ​ការចាប់ចងសកម្មជនអតីតគណបក្សប្រឆាំងនិងសង្គម លោកថា ក៏កើតឡើងជាបន្តបន្ទាប់ដែរ។

លោកលើកឡើងថា៖ «យើងមើល​​ដល់ពេល​នេះក៏ការគំរាមកំហែង​ ការចាប់ខ្លួនសកម្មជន​គណបក្ស​ប្រឆាំង​នៅតែបន្តទៀតនៅ​ឡើយ។​ យើងសួរថា​ទៅ​មុខ?​ សម្រាប់ខ្ញុំគិតថា​ មិនទាន់មាន​ភាពប្រសើរនៅឡើយ។​ បើយើងមើល​អំ​ពី​អ្វី​ដែលជា​លក្ខខណ្ឌដែលមាន​ចែងក្នុងរដ្ឋ​ធម្មនុញ្ញ ​ស្ថិតក្រោម​រដ្ឋាភិបាលរបស់អ៊ុនតាក់ ​គឺអត់ទាន់មាន​»។

ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ក៏បានកត់សម្គាល់ដែរថា ក្នុងរយៈពេលនៃអវត្តមានរបស់គណបក្សប្រឆាំងនៅកម្ពុជានេះ ការចាប់ចងសកម្មជននយោបាយ ដីធ្លី សង្គម បរិស្ថាន និងសិទ្ធិមនុស្ស បានកើនឡើងខ្លាំង។ លោក​ស្រីបានអំពាវនាវ​ឱ្យរដ្ឋាភិបាល ងាកមកដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យឡើងវិញ និងគោរពតាមសន្ធិសញ្ញានិងកតិកាសញ្ញាអន្តរជាតិនានា។

លោកស្រីលើកឡើងថា៖ «យើងឃើញទាំងគណបក្សជំទាស់ ទាំងសារព័ត៌មាន ឬក៏អង្គការសង្គមស៊ីវិល ឬក៏ពលរដ្ឋសាមញ្ញ ដែលគាត់ភាគច្រើនឈរលើជួរមុខ ដែលគាត់ហ៊ានក្នុងការបញ្ចេញមតិ ដែលប្រឈមនឹងការចោទប្រកាន់ ក៏ដូចជាបទចោទនានា ក្នុងករណីខ្លះមានជាប់ឃុំឃាំង ឬក៏មានការចោទប្រកាន់តាមផ្លូវតុលាការផងដែរ»

ចំណែកអនុប្រធាន​អង្គការ​ការ​ពារ​​​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ក៏បានកត់សម្គាល់ដែរ​ថា ស្ថានភាពនយោបាយតានតឹងបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក៏បានថយចុះផងដែរ។ តែលោករំពឹងថា បើអ្នកនយោបាយចរចាគ្នាឡើងវិញ នោះស្ថានភាពនយោបាយនិងសិទ្ធិមនុស្សក៏នឹងអាចវិលទៅរកភាពល្អប្រសើរឡើងវិញដែរ។

លោកលើកឡើងថា៖ «យើងឃើញតាំងពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ មកដល់បច្ចុប្បន្ននេះ ស្ថានភាពនយោបាយមានការតានតឹង។ អ៊ីចឹងស្ថានភាពលទ្ធិប្រជាធិបតេយ្យនិងលំហសិទ្ធិមនុស្សមានការធ្លាក់ចុះខ្លាំងរហូតទៅដល់ការរិះគន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ហើយនិងពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ឬក៏អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនិងលំហប្រជាធិបតេយ្យធ្លាក់ចុះ»

នៅថ្ងៃដដែល អតីតគណបក្សប្រឆាំង​ដែលនៅប្រើប្រាស់ឈ្មោះនិង​រូបសញ្ញារបស់ខ្លួន បាន​ចេញសេចក្ដីថ្លែងការណ៍មួយដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តដាក់សម្ពាធទៅ​លើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ឡើង​វិញ តាម​រយៈការផ្ដល់សេរីភាពពេញលេញ និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់​ដោយឥតលក្ខខណ្ឌ, ផ្ដល់នីតិសម្បទាគណបក្សសង្គ្រោះ​ជាតិ​ឡើងវិញ, ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោតដោយទូលំទូលាយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដោយមានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិផងដែរ។

សេចក្ដីថ្លែងការណ៍របស់​គណបក្សនេះបានកត់សម្គាល់ថា រយៈពេល៤ឆ្នាំក្រោយការរំលាយគណបក្សនេះ​មក រដ្ឋាភិបាលបានប្រើប្រាស់អំណាចដោយគ្មានត្រាប្រណី ធ្វើទុក្ខបុក​​ម្នេញ បិទសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបង្ក្រាបកាន់តែខ្លាំងលើព្រះសង្ឃ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលនានា ព្រមទាំងបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជា ជាពិសេសធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ចំនួន២០ភាគរយ ជាដើម។

តែយ៉ាងណាក្ដី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចាត់ទុកការអំពាវនាវរបស់អតីតគណបក្សសង្គ្រោះជាតិនេះថា ជាទម្លាប់នយោបាយរបស់អតីត​គណបក្សប្រឆាំងដែលតែងតែទៅពឹងពាក់បរទេសឱ្យដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។ លោកក៏បានច្រានចោលដែរថា ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាមិនមែនដោយសារតែការអនុវត្តច្បាប់ទៅលើពួកគេនោះទេ។

លោកមានប្រសាសន៍ថា៖ «វាជាទម្លាប់និងជាចរិតនយោបាយរបស់ពួកគាត់ក្នុងការទៅពឹងពាក់បរទេស ទៅអង្វរ​លន់តួបរទេស ដើម្បីឱ្យ​គេមកលូកលាន់កិច្ចការផ្ទៃក្នុង និងដាក់សម្ពាធ ដាក់ទណ្ឌកម្មមកលើជាតិសាសន៍របស់ខ្លួនឯង គឺសាធារណជន គេដឹងគ្រប់គ្នាទាំងអស់ហើយ ហើយក៏គ្មានអ្នកណាគេគាំទ្រនូវទង្វើចរិតនយោបាយបែបបរទេសនិយមបែបនេះដែរ»។

លោកបន្ថែមថា៖ «មែនទែន ស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ នៅកម្ពុជាហ្នឹង គឺវាមិនមែនធ្លាក់ចុះដោយសារការផ្ដន្ទាទោសការអនុវត្តច្បាប់លើពួកគាត់នោះទេ។ តែផ្ទុយទៅវិញ ការអនុវត្តច្បាប់ទៅលើក្រុមគាត់ដែលប្រព្រឹត្តបទល្មើស ដែលធ្វើសកម្មភាពល្មើសច្បាប់ សូម្បីតែព្រះមហាក្សត្រក៏ហ៊ានចេញមុខប្រមាថជាចំហដោយមិនខ្លាចរអែងហ្នឹង គឺថាវាជាការលើកស្ទួយនិងនីតិរដ្ឋប្រជាធិបតេយ្យទៅវិញទេ តាមរយៈការផ្ដន្ទាទោសអ្នកដែលប្រព្រឹត្តខុសច្បាប់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ»

គួររម្លឹកជូនថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះតុលាការកំពូល​ចំនួន​៩​រូប​ ដឹកនាំដោយលោក ឌិត មុន្ទី បានចេញសាលដីកាជាប្រវត្តិសាស្ត្ររំលាយគណបក្សសង្គ្រោះជាតិ ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ​ ដោយ​ចោទប្រកាន់​ថា​ គណបក្ស​នេះមាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ តាមរយៈសាលដីកានេះ តុលាការក៏បានសម្រេច​ព្យួរ​សិទ្ធិ​នយោបាយ​របស់ថ្នាក់​ដឹកនាំអតីត​គណបក្ស​សង្គ្រោះជាតិ ​​ចំនួន​១១៨​​នាក់​ ​ក្នុង​​ម្នាក់ៗ​​ចំនួន​៥​ឆ្នាំ​ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាត់ចែងបែងចែកអាសនៈសភារបស់អតីត​គណបក្សសង្គ្រោះជាតិ ចំនួន​៥៥ និងអាសនៈឃុំ-សង្កាត់ ចំនួន៥០០៧ ទៅឱ្យគណបក្សនយោបាយផ្សេងៗទៀត។

គួរជម្រាបជូនថា បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក សហភាពអឺរ៉ុបបានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០ភាគរយ​ពីកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខណៈសហរដ្ឋអាមេរិកកំពុងពិចារណាក្នុងការបន្តឬមិនបន្តការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាវិញនៅឡើយទេ ស្របពេលដែលរដ្ឋសភាសហរដ្ឋអាមេរិកក៏បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ឬ H.R 4686» ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ