UNDP រកឃើញថា​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​និង​របួសធ្ងន់​ភាគច្រើន​ជា​យុវជន

ប៉ូលិសចរាចរណ៍ម្នាក់សម្រួលការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លើកឡើងថា ជនរងគ្រោះ​ដែល​ស្លាប់​និង​រង​របួស​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើនជា​យុវជន ​ហើយ​មូលហេតុនៃគ្រោះ​ថ្នាក់​កើត​ឡើង​ដោយសារតែពួកគេ​​​មិនបាន​​គោរព​ច្បាប់​ចរាចរណ៍ ប្រើប្រាស់​​គ្រឿងញៀ​ន និង​សេព​​​គ្រឿងស្រវឹង។

អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកាកន្លងនេះ បានបង្ហោះសារនៅលើទំព័រ​ហ្វេសប៊ុករបស់ខ្លួន​ ដោយសរសេរថា៖ «តើអ្នកដឹងទេថា គ្រោះថ្នាក់ចរាចរណ៍គឺជាបន្ទុកសេដ្ឋ​កិច្ចយ៉ាងខ្លាំង? ការខាតបង់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍​នៅកម្ពុជាក្នុងឆ្នាំ​២០១៩ ស្មើ​នឹង ៤៦៦,៨លានដុល្លារអាមេរិក ឬ ១,៧% នៃផលិតផលក្នុងស្រុកសរុប។ ៨៨,៨% នៃការខាតបង់នេះ គឺដោយសារការបាត់បង់អាយុជីវិត និងការខាតបង់ប្រាក់ចំណូលពេញមួយជីវិតរបស់​ជនរងគ្រោះ»។

ការលើកឡើងរបស់ UN ប្រចាំកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយ​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២១នេះ បាន​ផ្សាយ​របាយ​ការណ៍​មួយស្ដីពី «គ្រោះថ្នាក់ចរាចរណ៍​នៅ​កម្ពុជា ឬ Road Traffic Accidents in Cambodia» ដែល​បាន​សិក្សា​នៅ​​ចន្លោះ​ឆ្នាំ​២០១៤២០១៩។

របាយការណ៍នោះ​បញ្ជាក់ថា ក្រាហ្វិក​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​កើត​ឡើង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ពោល​​​គឺ​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យ ហើយ​ពេលវេលានៃឧប្បត្តិ​ហេតុភាគច្រើន​កើតឡើ​ងនៅម៉ោង៦ល្ងាច និង​​ស្ទើរតែ ៥០% នៃអ្នករងគ្រោះ​ គឺបាត់បង់​ជីវិត និងមានសភាពធ្ងន់ធ្ងរ។

UNDP បន្ថែមថា ទិន្នន័យទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ចំនួន៨០ ៣៩៨ករណី ដែលបានកើតឡើងនៅកម្ពុជា ចន្លោះឆ្នាំ២០១៤-២០១៩ ត្រូវបានប្រើសម្រាប់ការវិភាគ ក្នុងនោះ​ ​អ្នក​ស្លាប់ដោយសារ​គ្រោះថ្នាក់ចរាចរណ៍មាន​​ចំនួន១១ ៨៩១នាក់, របួសធ្ងន់២៧ ៦០៣នាក់, របួស​មធ្យម១៨ ៤៥៤នាក់, របួសស្រាល១៨ ៤៧៧នាក់ និង ៣ ៩៧៣នាក់ មិនដឹង​ស្ថាន​ភាព។

របាយការណ៍ដដែលបន្តទៀត​ថា តាមរយៈទិន្នន័យនេះ​ ៨២% នៃករណីគ្រោះថ្នាក់សរុប ត្រូវបាន​រកឃើញថា មិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់, ៨០% មិនកាន់បណ្ណបើកបរ និងគ្រោះ​ថ្នាក់ ១៣% កើតឡើងក្នុងពិធីបុណ្យ ហើយភាគច្រើនកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ (៦% នៃគ្រោះថ្នាក់សរុប)។

របាយការណ៍ដដែលបញ្ជាក់​ថា៖ «យុវជនច្រើន​ជាអ្នកបាត់​បង់​ជីវិតឬ​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ប៉ុន្តែ​ការ​ស្រាវជ្រាវ​​រក​ឃើញ​​ថា ពួកគេជា​អ្នកដែល​​មិន​​គោរព​​ច្បាប់​ចរា​ចរណ៍ ប្រើប្រាស់​គ្រឿងញៀន និង​ផឹក​គ្រឿង​ស្រវឹង ព្រមទាំងបើកបរ​លើស​ល្បឿន​កំណត់​ក្នុង​ពេល​តែ​មួយ»។

បើតាមការវិភាគ​របស់ UNDP ឥរិយាបថរបស់អ្នកបើកបរ គឺជាបញ្ហាចម្បង​ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតនិងរបួសធ្ងន់ធ្ងរ និងថាយុវជន​មិន​មែន​ជា​បញ្ហា​ទេ បើពួកគេ​មិន​​ប្រើ​ប្រាស់គ្រឿងញៀន​និង​មិនល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក។ លទ្ធផល​នៃការវិភាគដដែលនោះ​ក៏​បង្ហាញ​ដែរ​ថា ស្ត្រី​​មិន​សូវជាមានករណី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​នេះ​ទេ។

UNDP អះអាងថា កត្តាផ្លូវ កត្តាយានយន្ត ភ្លៀង ការបើកបរពេលយប់ ករណីបុកហើយរត់គេច ការផឹកគ្រឿងស្រវឹងនិងប្រើប្រាស់គ្រឿងញៀន កត្តាល្បឿន ការប្រើប្រាស់ទូរសព្ទ ការមិនគោរព​ច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរមិនប្រុងប្រយ័ត្ន ងាយនឹង​បង្កើន​ឱកាស​នៃ​គ្រោះថ្នាក់​ដល់អាយុជីវិត ហើយការសង្គ្រោះបឋម​នៅកន្លែងកើតហេតុ មួកសុវត្ថិភាព ឬខ្សែក្រវាត់ ឬរថយន្តសង្គ្រោះ អាចជាកត្តាកាត់បន្ថយអត្រាការ​​ស្លាប់និងរបួសធ្ងន់។

អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី បូរិន មានប្រសាសន៍នៅ​ថ្ងៃ​អង្គារ​នេះ​ថា ករណី​ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ កើតឡើងទាំងលើអ្នកដំណើរ​ជា​យុវជន និងមនុស្សចាស់។ យ៉ាងណា លោកសង្កេតឃើញថា យុវជនមានអត្រា​បាត់​បង់​​អាយុ​ជីវិត​​ច្រើនជាង​គេ។

លោក​​ លី បូរិន ថ្លែង​ថា៖ «រក​ឃើញអ៊ីចឹង ​វាត្រឹម​ត្រូវហើយ ពីព្រោះ​យើងឃើញ​កន្លង​មក ​គ្រោះថ្នាក់​ចរាចរណ៍ ច្រើន​តែអ្នកមិនគោរព​ច្បាប់​ចរាចរណ៍ ​ច្រើន​តែក្មេង​ច្រើន​ជាង​មនុស្ស​ចាស់​។ ​ឃើញទេ​រាល់​ថ្ងៃ? ​វាប្រជែង​​គ្នា​ វ៉ា​គ្នា​អត់​មើល​មុខមើលក្រោយ អ៊ីចឹង​ចេះតែគ្រោះថ្នាក់។​ គាត់ជិះម៉ូតូ​អី​​បើក​លើក​ទូរសព្ទលើកអី​ហ្នឹង​ ជាពិសេសក្រុម​ខាង​ដឹកអីវ៉ាន់អនឡាញហ្នឹង»។

លោកបន្ថែមថា កន្លងមក ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ បានសហការផ្សព្វផ្សាយ អប់រំពលរដ្ឋ​នៅតាមមូលដ្ឋាន និង​ការ​រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ហាក់​មិនទាន់មាន​ការ​ថយចុះនៅឡើយ​ ដែលទាមទារឱ្យមានការ​ចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ​បន្ថែម​ទៀត។

ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក​​ គង់ រតនៈ​​ គាំទ្ររបាយការណ៍របស់ UNDP ដោយអះអាងថា ការ​សិក្សា​​របស់ស្ថាប័នក្នុងឆ្នាំកន្លងមក​ក៏រក​ឃើញ​ដែរ​ថា ​តួលេខ​​អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​​​ភាគច្រើនជាយុវជន មាន​អាយុ​ចន្លោះ​ពី​១៥ឆ្នាំទៅ​​២៩​ឆ្នាំ​។

លោក​​មាន​ប្រសាសន៍​ថា៖ «​ក្មេង​រហូត​ទៅ​ដល់​ចាស់ ​គាត់​ត្រូវ​តែចូលរួម​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ មាន​ន័យ​ថា ​កន្លែង​ហ្នឹង​គឺ​ត្រូវ​តែ​សំ​ខាន់​ជាង​គេបំផុត។ ​នៅ​ពេល​ពលរដ្ឋ​​លោក​គោរព​ច្បាប់​ ខ្ញុំ​ជឿជាក់​ថា ​នឹង​កាត់​បន្ថយ​បាន​ច្រើន។​ រឿង​ទី២ ​គឺ​សូម​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ហ្នឹង គឺ​គាត់​ធ្វើ​ការត្រួត​ពិនិត្យឡើង​វិញ​នូវ​កត្តាសុវត្ថិភាព​ទាក់​ទង​នឹង​ផ្លូវ​ថ្នល់​ ពីព្រោះ​កន្លែង​មួយចំនួន​ហ្នឹងគឺ​អត់​មាន​ភ្លើង​សញ្ញា ​អត់​មាន​គំនូស​សញ្ញា​ អត់​មាន​សញ្ញា​ជូន​ដំ​ណឹង​ផ្សេងៗ អាហ្នឹង​គឺជាកក្តា​ដែល​បណ្ដាល​ឱ្យមាន​បញ្ហា​ដែរ»។

លោកក៏បានជំរុញ​ដល់​អាជ្ញាធរត្រូវអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក​​ឱ្យ​បាន​តឹងរ៉ឹង​​ជាប្រចាំនិងប្រកប​ដោយ​តម្លាភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ