ជប៉ុន​នឹង​បញ្ចេញ​ប្រេង​មួយចំនួន​ពី​ស្តុក​បម្រុង​របស់​ខ្លួន​តាម​សំណើ​របស់​អាមេរិក

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida (岸田文雄) ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 岸田文雄)

រដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្ម​ជប៉ុន លោក Koichi Hagiuda បានថ្លែងប្រាប់អ្នកយកព័ត៌មាន​នៅថ្ងៃពុធ​នេះ​ថា ប្រទេសជប៉ុន​នឹងបញ្ចេញប្រេងមួយចំនួនពីស្តុកបម្រុងជាតិរបស់ខ្លួន ដើម្បីជួយចូលរួមទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក។

ទោះជាយ៉ាងណា រដ្ឋមន្រ្តីរូបនេះមិនបានធ្វើការបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃ​ការ​បញ្ចេញប្រេងបម្រុងរបស់ខ្លួន​នេះ​នោះ​ទេ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់លោក​នឹងបញ្ចេញប្រេង​ក្នុងស្តុកបម្រុងមួយចំនួន បន្ទាប់ពីមានសំណើដោយសហរដ្ឋអាមេរិក ក្នុងលក្ខខណ្ឌមួយដែលមិនបំពានដល់ច្បាប់ប្រទេសរបស់ខ្លួន។

លោកបន្ថែមថា ប្រទេសជប៉ុនក៏នឹងបន្តបញ្ចុះបញ្ចូល​ដល់ប្រទេសផលិតប្រេងទាំងឡាយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលនៃតម្លៃប្រេងយ៉ាងខ្លាំងផងដែរ។

យោងតាមការរាយការណ៍ដោយសារព័ត៌មាន Nikkei ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងក្នុងចំនួនប្រមាណជា៤,២លានបារ៉ែល (​ធុង) ខណៈដែលស្តុកបម្រុងជាតិរបស់ខ្លួនទាំងអស់មានប្រមាណជា៤៩០​លានបារ៉ែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ