ក្រុមកម្មករ​ទាមទារ​ឱ្យ​រោងចក្រ​មួយ​ទទួល​យក​តំណាង​ពួកគេ​ចូល​ធ្វើការ​វិញ

កម្មករប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរោងចក្រ ស៊ីនហាវស៊ុន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ពលរដ្ឋអ្នកសារព័ត៌មាន CCIM)

កម្មករ-កម្មការិនីរោងចក្រមួយនៅរាជធានីភ្នំពេញ ទាមទារឱ្យរោងចក្រ ស៊ីនហាវស៊ុន ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទទួលយកតំណាងរបស់ពួកគេចូលធ្វើការវិញ និងគោរពតាមច្បាប់ការងារឱ្យបានត្រឹមត្រូវ។

កម្មការិនីម្នាក់ឈ្មោះ ពៅ ធំដា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ដើមហេតុនាំឱ្យមានការទាមទារនេះ បន្ទាប់ពីភាគីរោងចក្របានបញ្ឈប់តំណាងសហជីពរបស់ពួកគេ ក្រោយកម្មករ-កម្មការិនីបាននាំគ្នាផ្ដួចផ្ដើមបង្កើតឱ្យមានសហជីពក្នុងរោងចក្រនេះ ដើម្បីការពារផលប្រយោជន៍របស់កម្មករ។

អ្នកស្រីបន្ដថា៖ «យើងតវ៉ាឱ្យមានសហជីព លុយដំណាច់ឆ្នាំ លុយ៥ភាគរយ លុយសម្រាលកូន។ ហើយទាមទារពេលយើងឈប់អ៊ីចឹង ឱ្យច្បាប់មានទម្លាប់នេះ សូម្បីចាក់វ៉ាក់សាំង ក៏អត់ឱ្យយើងឈប់ដែរ។ និយាយរួម បិទសិទ្ធិយើងគ្រប់យ៉ាង យើងឈឺ ក៏អត់ឱ្យយើងឈប់»។

កម្មការិនីម្នាក់ទៀតដែលធ្វើការនៅរោងចក្រ ស៊ីនហាវស៊ុន អ្នកស្រី ធឿន សិរីរ័ត្ន អាយុ២៨ឆ្នាំ បានឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងថា រយៈពេលប្រមាណ៣ទៅ៤ឆ្នាំដែលអ្នកស្រីបានធ្វើការនៅទីនេះ ពុំដែលបានទទួលប្រាក់ដំណាច់ឆ្នាំ លុយប្រាំភាគរយ និងប្រាក់លំហែមាតុភាពឡើយ។

អ្នកស្រីស្នើថា រោងចក្រត្រូវគិតគូរពីសិទ្ធិរបស់កម្មករ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗដល់កម្មករ និងអនុញ្ញាតឱ្យសហជីពអាចធ្វើការតំណាងឱ្យផលប្រយោជន៍របស់កម្មករ។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចស្វែងរកការឆ្លើយតបពីខាងភាគីរោងចក្រ ស៊ីនហាវស៊ុន បាននោះឡើយ ខណៈលោក ប៊ូ វ៉ាន់ដា តំណាងប្រធានសហជីពដែលត្រូវបានភាគីរោងចក្របញ្ឈប់នោះ ទូរសព្ទចូលតែពុំមានអ្នកលើកទទួល។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានថ្លែងថា មន្ត្រីនៃក្រសួងការងារកំពុងស៊ើបអង្កេតនិងរកដំណោះស្រាយជុំវិញករណីនេះ ហើយគ្រប់ភាគីត្រូវអនុវត្តតាមនីតិវិធីដោះស្រាយវិវាទការងារ។

លោកបន្ដថា៖ «យើងមិនអាចធ្វើបុរេវិនិច្ឆយថាអ្នកណាខុសឬត្រូវនោះទេ។ ក្នុងករណីមិនសះជា គឺយើងអាចរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលឬតុលាការជាបន្ត»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មា​នប្រសាសន៍ថា ភាគីរោងចក្រទំនងមានការចន្លោះប្រហោងណាមួយជុំវិញការអនុវត្តច្បាប់ការងារ ទើបព្យាយាមទប់ស្កាត់មិនឱ្យមានការបង្កើតសហជីពឡើង។

លោកបន្ដថា៖ «វាជាអំពើរំលោភច្បាប់ធ្ងន់ធ្ងរ ពេលកម្មករបង្កើតសហជីព ហើយត្រូវគេបញ្ឈប់ មានន័យថា គាត់ចង់ផ្ដាច់មិនឱ្យមានសហជីពតែម្ដង»។

កាពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ កម្មករ-កម្មការិនីប្រមាណជាង២០០នាក់បានធ្វើការតវ៉ានៅពីមុខរោចក្រ ស៊ីនហាវស៊ុន ដោយទាមទារឱ្យភាគីរោងចក្រទទួលយកតំណាងសហជីពពួកគេដែលគ្រោងបង្កើតឡើង ឱ្យត្រលប់ចូលធ្វើការវិញ រួមទាំងទាមទារប្រាក់ដំណាច់ឆ្នាំ ប្រាក់​អតីតភាព​ការងារ​ និងការអនុវត្តច្បាប់ការងារឱ្យបានពេញលេញ និងធានាសិទ្ធិដល់ក្រុមកម្មករ៕

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក វ៉ា សុភានុត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។