អត្ថបទទស្សនៈ៖ សារៈសំខាន់នៃការសិក្សានយោបាយ

ទិដ្ឋភាពមុនពេលចាប់ផ្ដើមកម្មវិធីនៅវិមានឈ្នះឈ្នះ ក្នុង «ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

អត្ថបទនេះបកស្រាយពីសារៈសំខាន់នៃការសិក្សានយោបាយដោយផ្អែកលើទស្សនវិជ្ជានយោបាយ។ ទស្សនវិទូក្រិកបុរាណសម័យ លោក អារីស្តូត បានលើកឡើងថា “នយោបាយជាមេវិទ្យាសាស្ត្រ” (Politics is the master science)។ ក្នុងន័យនេះ លោកមានន័យថា គ្រប់រឿងរ៉ាវកើតឡើងក្នុងសហគមន៍នយោបាយស្ថិតក្នុងបរិបទនយោបាយ ពីព្រោះការសម្រេចចិត្តនយោបាយនឹងមានផលជះលើជីវភាពរស់នៅរបស់ពលរដ្ឋ។

លោក អារីស្តូត បន្ថែមទៀតថា “មនុស្សតាមធម្មជាតិរបស់ខ្លួន ជាសត្វនយោបាយ” (man by nature is a political animal)។ ក្នុងន័យនេះ មនុស្សមិនអាចផ្ដាច់ខ្លួនចេញពីដែនសីមានយោបាយបាននោះទេ ពីព្រោះអន្តរទំនាក់ទំនងរវាងមនុស្សនិងមនុស្សនៅក្នុងសង្គមបង្កើតបានជាសកម្មភាពនយោបាយដែលមានឥទ្ធិពលទៅលើឥរិយាបថ អាកប្បកិរិយា និងវប្បធម៌នយោបាយរបស់សហគមន៍នយោបាយ ដើម្បីភាពចម្រុងចម្រើនរបស់រដ្ឋ។ សម្រាប់ អារីស្តូត នយោបាយគឺជាសិល្ប៍សាស្ត្រនៃការរស់​នៅល្អ​និង​រស់នៅជាមួយគ្នាប្រកបដោយ​ភាពសុខដុមរមនា។

នៅពេលនិយាយពីនយោបាយ ទស្សនៈការយល់ឃើញអំពីបញ្ញត្តិនេះគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ពីព្រោះមនុស្សយល់ឃើញនិងឱ្យនិយមន័យផ្សេងៗគ្នា។ នយោបាយ ក្នុងន័យទូលាយ ជាសកម្មភាពស៊ីវិល័យដែលមនុស្សរួមគ្នាបង្កើត​ រក្សាការពារ ឬក៏ធ្វើវិសោធនកម្មនូវវិធាន​ និយាម បទដ្ឋាន ឬច្បាប់ទូទៅ ដើម្បីបម្រើសេចក្ដីត្រូវការផលប្រយោជន៍រស់នៅរបស់ពួកគេ។

ប៉ុន្តែនៅក្នុងសង្គមក្រីក្រវិញ មនុស្សហាក់មិនបានដឹងពីសារៈសំខាន់នៃនយោបាយនោះទេ គឺទាល់តែពួកគេជួបប្រទះបញ្ហាដែលប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។ ជាការពិត នយោបាយមានសារៈសំខាន់ដូចខ្យល់ដកដង្ហើមដូច្នេះដែរ។ ខ្យល់ពុលអាចប៉ះពាល់សុខភាព អាយុជីវិត រីឯវិបត្តិនយោបាយ (នយោបាយក្នុងកម្រិតអន់) នាំមកនូវភ្លើងសង្គ្រាម ប្រជាហិង្សា និងការសម្លាប់រង្គាល ជាដើម។

ក្នុងន័យទស្សនវិជ្ជានយោបាយ នយោបាយបង្កើតបានគុណតម្លៃនយោបាយដែលជាសហគ្រាសស៊ីវិល័យ ដែលផ្ដល់លទ្ធភាពឱ្យមនុស្សក្នុងសហគមន៍នយោបាយមានជីវភាពល្អប្រសើរ​ នាំមកនូវការរីកចម្រើនទាំង​​​សម្ភារ ព្រលឹង និងស្មារតី ព្រមទាំងនាំមកនូវការបង្កើតថ្មីនិងភាពច្នៃប្រតិដ្ឋ។

ទស្សនវិទូក្រិកបុរាណសម័យ លោក​ ប្លាតុង និង អារីស្តូត យល់ឃើញថា នយោបាយជាបឋមក្នុងអត្ថន័យនៃបញ្ញត្តិសីលធម៌ ដែលអ្នកដឹកនាំនយោបាយឬអ្នកសម្រេចចិត្តនយោបាយគួរតែស្វះស្វែងរកនិងអនុវត្ត។ សម្រាប់អ្នកប្រាជ្ញទាំងពីរ នយោបាយកើតឡើងដើម្បីបំពេញផលប្រយោជន៍សាធារណៈ សម្រាប់រដ្ឋ​បង្កើតគុណធម៌ពលរដ្ឋ (civic virtue) និងសុក្រិតភាពសីលធម៌។

ស្រដៀងគ្នានេះដែរ អ្នកប្រាជ្ញនិងរដ្ឋបុរសឥណ្ឌាបុរាណ កៅឌីល្យៈចាន៉ណក្យៈ ឱ្យបញ្ញត្តិនយោបាយក្នុងន័យរាជ្យកិច្ចឬតួនាទីរបស់មេដឹកនាំដែលត្រូវលើកតម្កើងនិងគ្រប់គ្រងប្រកបដោយធម៌។ ដូច ប្លាតុង ដែលឱ្យតម្លៃខ្លាំងលើស្ដេចទស្សនវិទូ (Philosopher king) ដែលមានគតិបណ្ឌិតក្នុងការគ្រប់គ្រងដោយយុត្តិធម៌ ហើយកៅឌីល្យៈ ផ្ដល់គុណតម្លៃដល់ក្សត្រឬមេដឹកនាំដែលចេះឃុំគ្រងតណ្ហានិងចំណង់របស់ខ្លួនដូច្នេះថា “ក្សត្រត្រូវគ្រប់គ្រងឥន្ទ្រីយ៍ខ្លួនឯង ដោយត្រូវសិក្សាវិទ្យាសាស្ត្រ [នយបាយ] ត្រូវបោះបង់ចោលកាមរាគៈ កំហឹង សេចក្ដីលោភលន់​ មោទកភាព​ ច្រឡោងខាម​ និងភាពល្ងង់លីលា”

អ្វីដែលគួរឱ្យកត់សម្គាល់ កាលពីអតីតកាល មនុស្សដែលមានសិទ្ធិសិក្សារៀនសូត្រអំពីនយោបាយសុទ្ធតែជាមនុស្សដែលកើតចេញពីវណ្ណៈអភិជនឬវណ្ណៈដឹកនាំ។ ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន ការសិក្សានយោបាយមិនមានការប្រកាន់វណ្ណៈបុណ្យសក្តិទៀតនោះឡើយ ពោលគឺនរណាក៏អាចស្វែងយល់អំពីអំណាចនយោបាយបានដែរ។

ហេតុដូច្នេះ ដើម្បីឱ្យមនុស្សក្លាយជាសត្វនយោបាយល្អដូចការលើកឡើងរបស់អារីស្តូត​ ពលរដ្ឋនៅក្នុង​សង្គ​​ម រួមទាំងយុវជនត្រូវមានការយល់ដឹងនិងជំនាញជាមូលដ្ឋានអំពីនយោបាយ ជាពិសេសការយល់ដឹង​ពី​ដំណើរ​ប្រព្រឹត្តទៅនៃរដ្ឋាភិបាល​ តួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាល​ សិទិ្ធនិងតួនាទី​របស់​ពលរដ្ឋ​ ជាដើម។ លើសពីនេះទៀត ត្រូវខិតខំពង្រឹងស្មារតីក្នុងការក្លាយខ្លួនជាពលរដ្ឋសកម្មនិងជាអ្នកដឹកនាំជីវិត​របស់ខ្លួន​​ សហគមន៍ ឬប្រទេសជាតិ​របស់​ខ្លួន។

គេពិបាកបដិសេធបាន សង្គមមួយដែលពោរពេញទៅដោយបុគ្គលគ្មានចំណេះដឹង នោះអំពើពុករលួយកាន់តែរីករាលដាល ហើយភាពពុករលួយនយោបាយរឹតតែគ្រោះថ្នាក់ដល់ការអភិវឌ្ឍសង្គម ដូចអ្នកប្រាជ្ញនិងអ្នកនយោបាយរបស់អង់គ្លេសដ៏ល្បីល្បាញ លោក អាកតុន (Lord Acton) ដែលបានក្រើនរម្លឹកថា “អំណាចប្រទាញទៅរកអំពើពុករលួយ​​ អំណាចផ្ដាច់ការនាំឱ្យ​មហា​ពុករលួយ” (Power tends to corrupt, absolute power corrupts absolutely)។

សរុបមក​ ការយល់ដឹងអំពីនយោបាយ​មាន​សារៈសំខាន់មិនអាចខ្វះបាននៅក្នុងសង្គម ពីព្រោះវា​ធានា​ចំពោះដំណើរ​​ប្រព្រឹត្តទៅ​នៃការចូលរួមក្នុងផ្លូវត្រូវ​របស់ពលរដ្ឋ ​និង​ការបំពេញមុខងារ តួនាទីរបស់រដ្ឋាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​និង​​មាន​ប្រសិទ្ធភាព។ ការយល់ដឹងអំពីនយោបាយ នឹងជួយឱ្យ​ពលរដ្ឋចេះចូលរួមក្នុងសង្គម​ និងនយោបាយ​ប្រកប​ដោយភាពវៃឆ្លាត​ រស់​នៅល្អ​និង​រស់នៅ​ជាមួយ​គ្នាប្រកបដោយ​ភាព​សុខដុម​រមនាផងដែរ៕

រៀបរៀងដោយ៖ លោក ប៉ា ចន្ទរឿន  ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ​
សូមបញ្ជាក់ថា ខ្លឹមសារទាំងស្រុងក្នុងអត្ថបទមិនឆ្លុះបញ្ចាំងពីគោលជំហរឬទស្សនៈរបស់ វីអូឌី ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ