សង្គមស៊ីវិលចង់ឃើញការដោះលែងសកម្មជនជាប់ពន្ធនាគារនៅតាមខេត្តដូចនៅភ្នំពេញ

សាច់ញាតិ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលផ្សេងៗទៀត ឈររង់ចាំនៅពីមុខពន្ធនាគារព្រៃស ក្នុងថ្ងៃដែលលោក រ៉ុង ឈុន ត្រូវដោះលែងពីពន្ធនាគារ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការសង្គមស៊ីវិលអំពាវនាវឱ្យមានការដោះលែងនិងទម្លាក់បទចោទលើសកម្មជនដីធ្លីនិងបរិស្ថាននៅតាមបណ្ដាខេត្ត ដើម្បីឱ្យពួកគេមានសេរីភាពឡើងវិញ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ការស្នើឱ្យលើកលែងទោសនេះគឺជារឿងខុសច្បាប់។

ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន បានសាទរក្រោយឃើញសកម្មជននិងអ្នកការពារសិទ្ធិមនុស្សមួយចំនួននៅរាជធានីភ្នំពេញត្រូវបានដោះលែង។ លោកក៏ចង់ឃើញសកម្មជនដីធ្លីនិងបរិស្ថាននៅតាមបណ្ដាខេត្តត្រូវបានដោះលែងឱ្យមានសេរីភាពវិញផងដែរ ដោយលោកយល់ថា សកម្មភាពរបស់សកម្មជនទាំងនោះគ្រាន់តែធ្វើការងារដើម្បីសង្គម ពុំមែនខុសច្បាប់ដូចការចោទប្រកាន់ឡើយ។

លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យតុលាការអនុវត្តនេះឱ្យបានដូចគ្នា ហើយធ្វើយ៉ាងម៉េចទទួលបានភាពយុត្តិធម៌ ហើយស្នើឱ្យស្ថាប័នតុលាការពិនិត្យដើម្បីធានាឱ្យពួកគាត់បាននៅក្រៅឃុំ និងមានសេរីភាពហើយជួបជុំក្រុមគ្រួសារ និងកិច្ចការងាររបស់ពួកគាត់ហ្នឹងគឺការងារសង្គម ហើយពួកគាត់មិនមានបទល្មើសដូចការចោទទេ ប៉ុន្តែជារូបភាពមួយមានភាពអយុត្តិធម៌»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា សកម្មជនដីធ្លីនិងបរិស្ថានតាមបណ្ដាខេត្តគួរតែត្រូវបានដោះលែង រួមទាំងការទម្លាក់ចោលបទចោទលើពួកគាត់ផងដែរ។

លោកបន្ដថា៖ «ទន្ទឹមនឹងការដោះលែងសកម្មជនបរិស្ថាន [រាជធានីភ្នំពេញ] យើងក៏ចង់ឃើញដោះលែងសកម្មជនផ្សេងទៀត​ សកម្មជនដីធ្លី អ្នកដែលធ្វើការទាក់ទងនឹងប្រយោជន៍សាធារណៈ ហើយត្រូវបានក្លាយជាអ្នកទោសមនសិការ»។

នៅដើមខែវិច្ឆិកានេះ សកម្មជនយោបាយនិងសកម្មជនមាតាធម្មជាតិដែលជាប់ពន្ធនាគារ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ដែលរួមមាន យុវជន ថុន រដ្ឋា, កញ្ញា ស៊ុន រដ្ឋា, លោក យឹម លាងហ៊ី, លោក លី ចន្ទ្រដារ៉ាវុធ, កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ជាដើម។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិដីធ្លីនិងព្រៃឈើ ក៏បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយស្នើឱ្យមានការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ ដោយអះអាងថា សកម្មជនទាំងនោះគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ក្នុងការការពារដីធ្លី ព្រៃឈើ និងធនធានធម្មជាតិដោយសន្តិវិធីប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា លោក ឆន ផល្លា សកម្មជនការពារព្រៃឈើដ៏ឆ្នើមម្នាក់ប្រចាំខេត្តរតនគិរី ត្រូវបានសាលាដំបូងខេត្តនេះផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ សកម្មជនរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អំឡុងពេលលោកទៅពិនិត្យមើលឯកសារចុះឈ្មោះបោះឆ្នោតនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសេដា។

ដោយឡែក លោក ផុន​ សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាដំបូងខេត្ត សម្រេចផ្ដន្ទាទោសមួយឆ្នាំ ខណៈលោក ចាន់ ធឿន សមាជិកសកម្មជនសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ត្រូវរងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។

ជាមួយគ្នានេះ លោក ខេម សុឃី និងលោក សូ ថាល់ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ត្រូវបានសាលាដំបូងខេត្តនេះផ្ដន្ទាទោសរយៈពេល៦ខែ និងពិន័យជាប្រាក់៤លានរៀល។

សង្គមស៊ីវិលទាំងនោះចាត់ទុកការចាប់ខ្លួននិងឃុំខ្លួនសកម្មជនទាំងអស់ គឺជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញដោយផ្ទាល់និងប្រយោលចំពោះសកម្មជនបម្រើកិច្ចការសង្គមទូទាំងប្រទេស ដែលតែងតែជួយការពារសិទ្ធិពលរដ្ឋក្នុងសហគមន៍ ការពារព្រៃឈើ និងធនធានធម្មជាតិ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រាល់សកម្មភាពណាដែលទាមទារឱ្យមានការលើកលែងទោសដល់បុគ្គលណាម្នាក់ដែលត្រូវបានផ្ដន្ទាទោសដោយតុលាការ គឺជាសកម្មភាពខុសច្បាប់។

លោកបន្ដថា៖ «ត្រឹមតែជាប្រជាពលរដ្ឋ ត្រឹមបញ្ចេញមតិ ប៉ុន្តែវាមិនបានផលអីទេ! អ្វីដែលជារបបនីតិរដ្ឋ មានតែមេធាវីទេដែលតតាំងនឹងរឿងហ្នឹង។ ហើយកាលណាយើងបញ្ចេញសកម្មភាពនោះ គេអាចចោទថា សកម្មភាពបង្កើតទិសដៅនៃសកម្មភាពនយោបាយ»។

នៅថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានរិះគន់រដ្ឋាភិបាលកម្ពុជាជុំវិញការប្រើប្រាស់ប្រព័ន្ធតុលាការជាមធ្យោបាយទប់ស្កាត់អ្នកប្រឆាំងនឹងខ្លួន។

អ្នកជំនាញឯករាជ្យមានប្រសាសន៍ថា​៖ «យើងខ្ញុំពិតជាភ្ញាក់ផ្អើលដែលថាតុលាការត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀតក្នុងការបំបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់ រួមទាំងសកម្មភាពអហិង្សាដែលត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការ​បញ្ចេញមតិ»។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការលីកាដូបានចេញផ្សាយរបាយការណ៍មួយថា រយៈពេលពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះបានរកឃើញថា ប្រជាពលរដ្ឋជាង៥០០០គ្រួសាររងនូវការរំលោភបំពានដីធ្លីនិងលំនៅដ្ឋាន។

របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លី ចំនួន២១នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន១០នាក់កំពុងជាប់ពន្ធនាគារផងដែរ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក វ៉ា សុភានុត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។