វិភាគ៖ តើ​សារ​របស់​លោក កឹម សុខា នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​នៅ​មុន​ការបោះឆ្នោត?

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃអាទិត្យ បានចេញសារនយោបាយ​​ដ៏កម្រមួយរិះគន់​​សម្ព័ន្ធមិត្តរបស់ខ្លួនថា មិនគោរពគោលការណ៍រួបរួម ដែលការណ៍នេះ លោកអំពាវនាវឱ្យឈប់យករូបថ​ត​របស់​លោកភ្ជាប់ទៅនឹងសកម្មភាពនយោបាយ ខណៈលោកជាប់បម្រាមតុលាការនៅឡើយ។

លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែ​វិច្ឆិកានេះ បានលើកឡើង​តាមរយៈបណ្ដាញសង្គម​ហ្វេសប៊ុករបស់​លោក​ថា រហូតមកដល់ពេលនេះ លោកនៅតែសង្កេតឃើញលោក សម រង្ស៊ី និង​សហការី​ នៅតែប​ន្ត​យកឈ្មោះនិង​រូបថតរបស់​លោកទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដោយពុំមានការអនុញ្ញាតឬគាំទ្រ​ពី​លោក។ លើសពីនេះ លោកថា លោក សម រង្ស៊ី និងសហការី បានដើរចេញពីគោលការណ៍និងស្មារតីដើមនៃការរួបរួម រួមទាំងត្រលប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោ​បាយចាស់ នោះគឺ «គណបក្ស​ភ្លើង​ទៀន»។ 

លោក កឹម សុខា បញ្ជាក់ក្នុងសារនោះថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះមិនមានការគាំទ្រឬ​ជាជំហររបស់ខ្ញុំឡើយ»។

បញ្ហានេះ លោក កឹម សុខា អំពាវនាវឱ្យភាគី​លោក សម រង្ស៊ី ឈប់​​យក​រូប​ថត​លោកទៅភ្ជាប់​នឹង​សកម្ម​ភាពនានា ដែល​លោក​គិត​ថា ដើម្បីកុំឱ្យសាធារណមតិជាតិនិង​អន្តរជាតិ​មានការភ័ន្ត​ច្រឡំ និងមិនទទួល​ខុសត្រូវ​​ចំពោះសកម្មភាព​របស់ក្រុមលោក សម រង្ស៊ី។

សារនេះបានជំរុញឱ្យមានប្រតិកម្ម​ជាច្រើន​លើបណ្ដាញសង្គម ដែល​ខ្លះ​គាំទ្រ និងខ្លះទៀតធ្វើការរិះគន់ ដោយ​បញ្ចេញ​ទស្សនៈ​ថា លោក កឹម សុខា បានប្រកាសបែកពីលោក សម រង្ស៊ី។

ភ្លាមៗ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានផ្ញើ​សារលើហ្វេសប៊ុកតបវិញ​ថា សាររបស់លោក កឹម សុខា ធ្វើឡើង​ដោយសារមាន​ការ​គំរាមកំហែងពីមេដឹកនាំបក្សកា​ន់​អំណាច

លោក សម រង្ស៊ី បានគូសបញ្ជាក់ថា៖ «លោក ហ៊ុន សែន ភ័យខ្លាចជាទីបំផុតចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើ​យដែ​លចាប់យក​លោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»។

ភាពចម្រូងចម្រាសនេះបង្កើតជាសំណួរថា តើសាររបស់លោក​ កឹម សុខា នឹងជំរុញឱ្យមានអ្វីប្រែប្រួល​ខ្លះ​នៅ​មុន​ការ​​បោះឆ្នោត?

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា សាររបស់លោក កឹម សុខា មិនមែនជាការសុំបែកពីសម្ព័ន្ធមិត្តនោះទេ តែជាសារក្រើនរម្លឹកបែបការទូត ឱ្យសម្ព័ន្ធមិត្ត​ពិចារ​ណា​​ឡើង​វិញទៅលើការដែលដើរជ្រុលជើង​ចេញពីស្មារតីនៃ​គោលការណ៍រួម។

មួយវិញទៀត ជាទស្សនៈ​ លោកមើលឃើញថា ការដែលលោក កឹម សុខា ទាមទារឱ្យឈប់ប្រើរូបថតភ្ជាប់នឹង​ការធ្វើសកម្មភាពនយោបាយនេះ អាច​ជាជម្រើស​សមហេតុផល​មួយទប់ស្កាត់ការប្រតិដ្ឋ​ភស្តុតាងថ្មីណាមួយ ដើម្បីដាក់បន្ទុកការចោទប្រកាន់ទៅលើគាត់​។

លោកថា៖ «ការដែលគាត់មិនឱ្យដាក់រូបគាត់ចូលទៅក្នុងសកម្មភាពនយោបាយ​ ជារឿងត្រឹមត្រូវមួយ ពីព្រោះគាត់កំពុងតែមានបញ្ហាស្រាប់ផង ខ្លាចគេយកទៅ អាទោស​ដែលតុលាការរកមិនទាន់ឃើញពីទោសក្បត់ជាតិរបស់គាត់ហ្នឹង»។

យ៉ាងណា លោក សុជាតិ យល់ថា សាររបស់លោក កឹម សុខា អាចធ្វើឱ្យលោក កឹម សុខា និងលោក សម រង្ស៊ី ដើរដល់ផ្លូវបំបែក បើភាគីលោក សម រង្ស៊ី មិនព្រមធ្វើតាមការទាមទារនោះ ដែលការណ៍នេះជាការឆ្លើយតបទៅនឹងការចង់បានរបស់បក្សកាន់អំណាចដែរ។

ចំណែកអ្នកស្រាវជ្រាវ​សង្គម លោកបណ្ឌិត សេង សារី យល់​ឃើញ​ថា សាររបស់​លោក កឹម សុខា អាចមក​ពីមាន​​​ការគំរាមកំហែង​ពីបក្សកាន់អំណាច ព្រោះសារនេះ​ថ្លែង​បាន​អំឡុងពេលលោក កឹម សុខា កំពុងជាប់បម្រាមតុលាការ ហើយ​​មួយទៀត អាចជាការត្រូវរ៉ូវណាមួយ​ជាថ្នូរបានចូលប្រឡូកក្នុង​ឆាកនយោបាយឡើងវិញ តាមរយៈការ​បិទច្រកក្រុម​លោក សម រង្ស៊ី។

យ៉ាងណា លោក សារី វិភាគថា សារនេះអាចនឹងជំរុញឱ្យ​មានប៉ូលគណបក្ស​​នយោបាយ​ចំនួន​​៣ សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់ការបោះឆ្នោត ក្នុងនោះ ប៉ូលទី១ គឺគណបក្សកាន់អំណាច ទី២ ​​​គណបក្សភ្លើងទៀន និងទី៣ ​គណបក្សសិទ្ធិមនុស្ស អាចនឹងចេញដំណើរដែរ ដោយ​ស្វែងរកការចូលរួមពីក្រុមអ្នកនយោបាយដែលស្និទ្ធនឹងលោក កឹម​ សុខា ហើយចេញមកបង្កើតគណបក្សថ្មី។

លោកថា៖ «សម្រាប់ខ្ញុំ បើប៉ូលនយោបាយ៣កើតឡើងមែន វាដូចលេងល្បែងនយោបាយរបស់លោក ហ៊ុន សែន ក៏ប៉ុន្តែវាអាចជួយដល់អង្គការសង្គមស៊ីវិលមួយចំនួនដែរ យ៉ាងហោចណាស់ វារុញឱ្យសង្គមស៊ីវិល​លែងជាអ្នកជួរមុខក្នុងការប្រយុទ្ធប្រឆាំងជាមួយការរំលោភបំពានសិទ្ធិមនុស្ស ពីព្រោះកន្លងមក យើងឃើញអវត្តមានសង្គ្រោះជាតិ​ អង្គការសង្គមស៊ីវិលបានក្លាយជាអ្នកប្រឈមមុខផ្ទាល់ នៅជួរមុខគេជាមួយគណបក្សកាន់អំណាច»។

តែយ៉ាងណា សហមេធាវីការពារក្ដីឱ្យ​លោក កឹម សុខា គឺលោក​ស្រី ម៉េង សុធារី កាលពីថ្ងៃទី២៩ ខែ​វិច្ឆិកានេះ បាន​បង្ហោះ​សារ​​​បញ្ជាក់ឡើងវិញ​ទៅលើខ្លឹមសារនៃសារនយោបាយ​​របស់កូនក្ដីខ្លួន ដោយ​ស្នើ​​កុំ​បក​ស្រាយ​​បន្លំចំពោះខ្លឹមសារអត្ថបទរបស់លោក កឹម សុខា។

លោកស្រីបន្ត​ថា ខ្លឹមសារនេះ លោក កឹម សុខា មិនមែនប្រកាសបំបែកទេ តែជាការនិយាយការពិត ការដែល «​គណបក្សភ្លើងទៀន» ដើរចេញជាឯកតោភាគីជាចំហនៅពេលនេះ ដោយមិនមានការគាំទ្រពីលោក កឹម សុខា ហើយ​ករណីនេះ​បានបង្ហាញឱ្យឃើញច្បាស់​ថា លោក សម រង្ស៊ី និងក្រុមរបស់​គាត់ បាន​ចុះចោល​ស្មារតី​រួប​រួមជាមួយលោក កឹម សុខា។ មេធាវីរូបនេះបញ្ជាក់ថា សាររបស់កូនក្ដី គ្រាន់តែប្រើសិទ្ធិការពារខ្លួន ដើម្បីកុំឱ្យពាក់ព័ន្ធចំពោះសកម្មភាពលោក សម រង្ស៊ី និងក្រុមរបស់គាត់ ដែលប្រើរូបថតរបស់លោក កឹម សុខា ទៅប្រើជាប្រយោជន៍​ក្នុងសកម្ម​ភាព​នយោ​បាយ​​ប៉ុណ្ណោះ។

សាស្ត្រាចារ្យផ្នែក​​វិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា សារលោក កឹម សុខា អាចការពារខ្លួនឯងនៅក្នុងផ្លូវច្បាប់ ខណៈមេបក្សរូបនោះកំពុងជាប់បម្រាមនៅតុលាការ ។

លោកថា៖ «បើផ្អែកទៅលើទស្សនៈនយោបាយបច្ចុប្បន្ន គឺគណបក្សកាន់អំណាចគេចង់ឱ្យលោក កឹម សុខា ចូលមកក្នុងឆាកនយោបាយ ហើយទុកឱ្យលោក សម រង្ស៊ី នៅក្រៅឆាកនយោបាយ។ ក៏ប៉ុន្តែ កម្លាំងនយោបាយពិតប្រាកដមិនមែននៅលើលោក កឹម សុខា ទេ [គឺស្ថិត]នៅលើលោក សម រង្ស៊ី។ ហើយចរន្តហ្នឹង បើសិនជានៅតែដូចលោក កឹម សុខា លើកឡើង ខ្ញុំគិតថា បក្សទាំងពីរនឹងអាចបែកគ្នាទៅវិញ។ ក៏ប៉ុន្តែការបែកនេះ លោក កឹម សុខា ហាក់មិនបានយកកម្លាំងរបស់សង្គ្រោះជាតិដែលរួមគ្នាបានទាំងស្រុងទេ»។

ជាការផ្ដល់យោបល់រួម លោកបណ្ឌិត សេក សុជាតិ ចង់ឃើញអ្នកនយោបាយខ្មែរងាកមកប្រកួតអំ​ណាចដោ​យភាពស្មោះត្រង់ តាមគន្លងប្រជាធិបតេយ្យ ដើម្បីតម្កល់ប្រយោជន៍ជាតិ និងការពារសិទ្ធិពលរដ្ឋគ្រប់និន្នាការ​ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «គោលដៅធំ​របស់​អ្នកនយោបាយ គឺស្វែងរកសុខសន្តិភាព ហើយនិងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាពលរដ្ឋ​ មិនប្រាសចាកពីការពិត ហើយធ្វើតាមកម្រិតដែលខ្លួនឯងបានសន្យាជាមួយ​នឹងមហា​ជន ​ជាមួយភាគីពាក់ព័ន្ធរបស់ខ្លួន»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ