មេដឹកនាំ​កម្ពុជា-ឡាវ ជំរុញ​ឱ្យ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​រដ្ឋ​រវាង​ប្រទេស​ទាំងពីរ

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានជំរុញឱ្យគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរពន្លឿនការចរចាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ខណៈការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរសម្រេចបានចំនួន៨៦%។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មីរបស់ឡាវ លោក ផនខាំ វីផាវ៉ាន់ បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរ ឱ្យពន្លឿនការចរចាលើសន្ធិសញ្ញាកំណត់ខ្សែបន្ទាត់ព្រំដែន​ទៅលើអ្វីដែលបានឯកភាពគ្នា។

មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏ជំរុញឱ្យមានការពិភាក្សាលើការបោះបង្គោលព្រំដែនបំពេញបន្ថែមនៅចន្លោះបង្គោល​មានស្រាប់ នៅក្នុងតំបន់ដែលបានឯកភាពគ្នារួចរាល់ចំនួន ៨៦% ព្រមទាំងផលិតផែនទីជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាខាងលើនេះផងដែរ។

ព្រំដែនកម្ពុជា-ឡាវ មានប្រវែងសរុប៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ បច្ចុប្បន្ន ភាគីទាំងពីរបានសម្រេចបោះបង្គោលព្រំដែន​ចំនួន១២១បង្គោល ឬស្មើនឹង៨៦% ពោលគឺនៅសល់​១៤%ទៀតក្នុងខេត្តព្រះវិហារ និងនៅខេត្តស្ទឹងត្រែង។

សូមជម្រាបជូនថា នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបានចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី, ជួបប្រធានព្រឹទ្ធសភា លោក សាយ ឈុំ, ប្រធានរដ្ឋសភា លោក ហេង សំរិន និងបានជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

​ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាក៏បានផ្ដល់ជំនួយថវិកាដល់ប្រទេសឡាវចំនួន១៣លានដុល្លារ ដែលក្នុងនោះ ៣លានដុល្លារជាថវិការបស់រដ្ឋាភិបាល និង១០លានដុល្លារជាថវិកាដែលបានមកពីក្រុមហ៊ុនឯកជន។

ក្រៅពីជំនួយជាថវិកានេះ រដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស (៥០០ ០០០) និងរថយន្ត៣គ្រឿង សម្រាប់ជួយដល់ការខិតខំប្រឹងប្រែងរបស់ឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ពាក់ព័ន្ធបញ្ហាព្រំដែននេះដែរ កងទ័ពកម្ពុជា-ឡាវ ធ្លាប់ប្រឈមមុខដាក់គ្នាចំនួន២លើក ដោយលើកទី១កើតឡើងក្រោយយោធាឡាវបានចូលមកឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែសីហា ឆ្នាំ២០១៧។

រីឯលើកទី២ កើតឡើងកាលពីខែសីហា ឆ្នាំ២០១៩ ដោយកាលណោះ កងយោធាឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរនៅចំនុចទន្លេពៅ នៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ។ ទោះជាយ៉ាងណា ការប្រឈមមុខដាក់គ្នាមិនមានការទង្គិចគ្នានោះទេ ខណៈថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបចរចាគ្នាជាបន្តបន្ទាប់។

នៅក្នុងជំនួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីម្សិលមិញ ​នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានសន្យាថា នឹងធ្វើយ៉ាងណាឱ្យការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរបានចប់សព្វគ្រប់នៅត្រឹមឆ្នាំក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ