អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ថា​ជប៉ុន​និង​អាមេរិក​មិន​អាច​ឈរ​ឱបដៃ​មើល​ចិន​វាយប្រហារ​តៃវ៉ាន់

លោក Shinzo Abe ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ធ្វីតទ័រ៖ 安倍晋三)

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងមិនអាចឈរ​ឱបដៃ​មើលបាននោះទេ ក្នុងករណីដែលចិនវាយប្រហារកោះតៃវ៉ាន់ ហើយ​ចិនចាំបាច់ត្រូវតែយល់ច្បាស់ពីរឿងនេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ​ ដែលបានថ្លែងនៅក្នុងវេទិកាមួយធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ថាកោះមួយចំនួនរបស់ប្រទេសជប៉ុន គឺមាន​ចម្ងាយប្រមាណ​តែ១០០​គីឡូម៉ែត្រប៉ុណ្ណោះពីតៃវ៉ាន់។

ទាក់ទិននឹងករណីនេះ លោក​បន្ថែម​ថា រាល់ការ​លុកលុយ​​ប្រដាប់​ដោយ​អាវុធណាមួយនៅ​លើ​កោះ​តៃវ៉ាន់នេះ ​នឹង​ក្លាយ​ជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជប៉ុន។

លោក ស៊ិនហ្សូ អាបេ បន្តថា៖ «រាល់គ្រាអា​សន្នណាមួយ​ដែល​កើត​ឡើង​នៅ​តៃវ៉ាន់ ក៏ជាគ្រាអាសន្នរបស់​ប្រទេស​ជប៉ុន និងសម្រាប់សម្ព័ន្ធភាពជប៉ុន-អាមេរិកផងដែរ។ ដូច្នេះហើយ ប្រជាជនចិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង គួរតែទទួល​ស្គាល់លើរឿងនេះ»។

អតីតនាយករដ្ឋមន្ត្រីជប៉ុនដដែលបានឱ្យដឹងទៀតថា៖ «ប្រទេសជប៉ុន តៃវ៉ាន់ និងប្រជាជនទាំងអស់ដែលជឿជាក់​លើលទ្ធិប្រជាធិបតេយ្យ ចាំបាច់ត្រូវបន្តជំរុញឱ្យប្រធានាធិបតី លោក ស៊ី ជីនពីង និងមេដឹកនាំបក្សកុម្មុយនីស្តចិនផ្សេងទៀត កុំឱ្យបន្តដើរលើផ្លូវខុសម្ដងហើយម្ដងទៀត»។

លោកបន្តថា៖ «តៃវ៉ាន់ដែលរឹងមាំ រីកចម្រើនជាងមុន និងតៃវ៉ាន់ដែលធានាសេរីភាពនិងសិទ្ធិមនុស្ស ក៏ជាផលប្រយោជន៍សម្រាប់ប្រទេសជប៉ុន និងពិភពលោកទាំងមូលផងដែរ»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់និងចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលចិននៅតែបន្តអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ជាការឆ្លើយតប តៃវ៉ាន់ធ្លាប់បានលើកឡើងថា ខ្លួននឹងបន្តពង្រឹងការការពាររបស់ខ្លួន ដើម្បីធានាឱ្យបានថា គ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះទទួលយកផ្លូវដែលចិនបានរៀបចំដោយមិនផ្ដល់សេរីភាព និងប្រជាធិបតេយ្យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ