ចិន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​ភាគី​ជប៉ុន​លើ​ការ​អត្ថាធិប្បាយ​រឿង​កោះតៃវ៉ាន់​របស់លោក អាបេ

អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោកស្រី​ Hua Chunying បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាល​ពីថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ក្រសួងការពារប្រទេសចិន

ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសចិន ឱ្យមកចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពី​ថ្ងៃពុធ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ បានលើកឡើង​នៅក្នុងវេទិកាមួយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងមិនអាចឈរ​ឱបដៃ​មើលបាន​នោះទេ​ ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់។

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក ហ៊ិដេអុ តារូមិ (Hideo Tarumi) ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោកស្រី ហ្វ័រ ឈុនយីង (Hua Chunying) បានចាត់ទុកការថ្លែងរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះថាជារឿងខុសឆ្គង និងជាការរំលោភលើបទដ្ឋានជាមូលដ្ឋាន​នៃទំនាក់ទំនង រវាងចិននិងជប៉ុន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់លោកស្រី ហ្វ័រ ឈុនយីង យក​មកចុះ​ផ្សាយ​ថា៖ «ការថ្លែងរបស់លោក ស៊ិនហ្សូ អាបេ នេះ គឺជាការប្រឆាំងដោយបើកចំហចំពោះអ​ធិបតេយ្យ​ភាព​របស់ប្រទេស​ចិន និងបានផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កងកម្លាំងឯករាជ្យតៃវ៉ាន់»។

លោកស្រីបន្តថា៖ «ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការថ្លែងបែបនេះ»។

គួរបញ្ជាក់ថា នៅក្នុងវេទិកាមួយដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ កាល​ពី​ថ្ងៃ​ពុធម្សិលមិញនេះ លោក ស៊ិនហ្សូ អាបេ បានថ្លែងឱ្យដឹងថា រាល់ការ​លុកលុយ​​ប្រដាប់ដោយ​អាវុធណាមួយដែលធ្វើឡើងនៅ​លើ​កោះ​តៃវ៉ាន់​ នឹង​ក្លាយ​ជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជប៉ុន។

អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបន្តថា៖ «រាល់គ្រាអាសន្នណាមួយដែលកើតឡើងនៅតៃវ៉ាន់ ក៏ជាគ្រាអាសន្នរបស់ប្រទេសជប៉ុន និងសម្រាប់សម្ព័ន្ធភាពជប៉ុន-អាមេរិកផងដែរ។ ដូច្នេះហើយ ប្រជាជនចិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង គួរតែទទួលស្គាល់លើរឿងនេះ»។

ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលចិននៅតែបន្តអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ជាការឆ្លើយតប តៃវ៉ាន់ធ្លាប់បានលើកឡើងថា ខ្លួននឹងបន្តពង្រឹងការការពាររបស់ខ្លួន ដើម្បីធានាឱ្យបានថាគ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះទទួលយកផ្លូវដែលចិនបានរៀបចំដោយមិនផ្ដល់សេរីភាព និងប្រជាធិបតេយ្យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ