យូណេស្កូ​ប្រចាំ​កម្ពុជា៖ រដ្ឋ​ត្រូវ​ធានា​ថា​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​លើ​អ្នក​សារព័ត៌មាន​ត្រូវ​ទទួល​ទោស

មន្ត្រីប៉ូលិសចរាចណ៍និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ឈរនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (Matt Surrusco)

តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃសហប្រជាជាតិ ហៅថា យូណេស្កូ (UNESCO) ប្រចាំកម្ពុជា ជំរុញដល់រដ្ឋាភិបាល​កម្ពុជាបង្កើន​ការ​​ការ​ពារ​​អ្ន​ក​សារព័ត៌មាន និងត្រូវធានាថាអ្នកប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារ​ព័ត៌មាន ត្រូវទទួលទោសទៅតាមផ្លូវច្បាប់។

ការជំរុញនេះ​ធ្វើ​ឡើង​ក្នុង​កិច្ចពិភាក្សាមួយរវាងតំណាងអង្គការយូណេស្កូ ជាមួយក្រសួងយុត្តិធម៌ ក្រសួងមហា​ផ្ទៃ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ដើម្បីពិភាក្សាពីរបៀបបញ្ឈប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា និងពង្រឹងសុវត្ថិភាពអ្នកសារព័ត៌មាន កាលពីថ្ងៃទី​២៩ ខែវិច្ឆិកា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់អង្គការ UNESCO ប្រចាំកម្ពុជា កាលពីថ្ងៃទី​៣០ ខែវិច្ឆិកា។

តំណាងអង្គការយូណេស្កូ​ប្រចាំកម្ពុជា លោក Sardar Umar Alam បាន​លើកឡើ​ង​​​​​ថា៖ «រដ្ឋមានកាតព្វកិច្ចការពារអ្នកសារព័ត៌មាន និងត្រូវធានាថា អ្នកប្រព្រឹត្តបទឧក្រិដ្ឋលើ​អ្នក​សារព័ត៌មានត្រូវទទួលទោស។ ចៅក្រម និងព្រះរាជអាជ្ញា មានតួនាទីសំខាន់ណាស់ក្នុងការជំរុញដំណើរការនីតិវិធីព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាពនិងឆាប់រហ័ស»។

លោក Sardar Umar Alam បន្ថែមថា យូណេស្កូ​បានត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់​ការ​គាំទ្រ បន្ត​ធ្វើកា​រ​ជាមួយ​​​អ្នកសារព័ត៌មាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ក្នុងការបង្កបរិយាកាស​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មានដើម្បីបំពេញការងារ​របស់ពួកគេ។

ក្នុងកិច្ចពិភាក្សានោះ អង្គការ​យូណេស្កូ​​ បានដាក់ឱ្យប្រើប្រាស់នូវឯកសារជាភាសាខ្មែរកម្រាស់២៥ទំព័រ មាន​ចំណង​ជើង​ថា «គោលការណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញា ក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌​មាន» ដែលផលិតឡើងដោយសហការជាមួយសមាគមព្រះរាជអាជ្ញារអន្តរជាតិ (IAP)។

បើតាមអង្គការអន្តរជាតិមួយនេះ តំណាងស្ថាប័ននីមួយៗដែលចូលរួមបានពិភាក្សាអំពីរបៀបពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហានិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងការបង្កើតយន្តការសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ដើម្បីធានាថា នៅកម្ពុជា សេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិទទួលបានព័ត៌មានត្រូវបានការពារ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ ថ្លែងប្រាប់ វីអូឌី តាមសារតេឡេក្រាមនៅយប់ថ្ងៃទី​១ ខែធ្នូ ថានៅកម្ពុជា សិទ្ធសេរីភាពសារព័ត៌មាន ក៏ដូចជា​អ្នកសារព័ត៌មាន គឺត្រូវបានធានាយ៉ាងគត់មត់ដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របបសារព័ត៌មាន។ 

លោកបន្តថា ​សិទ្ធិសេរីភាពសារព័ត៌មានត្រូវលើកកម្ពស់ឱ្យ​កាន់តែប្រសើរឡើង ហើយអ្នកសារព័ត៌មានជាតិនិង​អន្តរជាតិដែលមានវត្តមាននៅកម្ពុជា អាចបំពេញការងាររបស់ខ្លួនបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងក្នុងប្រទេស ដោយគ្មានការរើសអើងឬ​ប្រកាន់និន្នាការនយោបាយឡើយ។

លោក​​បង្ហាញសុទិដ្ឋិនិយមថា ​កម្ពុជាតែងតែយកចិត្តទុកដាក់លើបញ្ហានេះ ដោយចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន ក្នុងការពាំនាំនូវព័ត៌មានពិត​ពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាលវិញ។

លោកអះអាងថា ក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ដល់ជំនួយផ្នែកច្បាប់ជូនដល់​អ្នកសារព័ត៌មាន នៅពេលមានវិវាទខាងវិជ្ជាជីវៈសារព័ត៌មាន​កើត​ឡើង ទៅតាមអង្គហេតុនិងអង្គច្បាប់ផងដែរ។ 

លោក មាស សោភ័ណ្ឌ សរសេរថា៖ «អាជ្ញាធរមានសមត្ថកិច្ចតែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចទៅតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន ក្នុងការរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីធានានូវសុខសុវត្ថិភាពជូនដល់ប្រជាជន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈនានា រួមទាំងអ្នកសារព័ត៌មានផង និង [អាជ្ញាធរមានសមត្ថកិច្ចតែងតែ] ខិតខំស៊ើបអង្កេតស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់ ទៅតាមករណីនីមួយៗ ដែលមានទាំងករណីដែលបានប្រព្រឹត្តចំពោះអ្នកសារព័ត៌មានផងដែរ»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍កាលពីថ្ងៃ​ម្សិលមិញថា កម្ពុជាបានប្រកាន់ខ្ជាប់នូវកាតព្វកិច្ចការពារអ្នកសារព័ត៌មាន ក៏ដូចជាភ្ជាប់នូវយន្តការថា អ្នកប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន ត្រូវទទួលទោស។

លោក ជិន ម៉ាលីន ប្រាប់ថា៖ «នេះជាយន្តការនៃការអនុវត្តច្បាប់របស់កម្ពុជាដែលប្រកាន់ខ្ជាប់។ ឧក្រិដ្ឋកម្មមិនមែនតែទៅលើអ្នកសារព័ត៌មានទេ ទៅលើជនទូទៅ [មិនថា] នរណាក៏ដោយ នឹងត្រូវប្រឈមមុខនិងទទួលទោសតាមផ្លូវច្បាប់។ អានេះជាវិធានច្បាប់ដែលអនុវត្តចំពោះជាទូទៅ មិនថា [អនុវត្តតែលើ] អ្នកសារព័ត៌មាន»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី លើកឡើងថា គោលនយោបាយកម្ពុជា គឺប្រកាន់យកគោលការណ៍នីតិរដ្ឋជាសសរស្តម្ភ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលតម្រូវឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ លោកថា ដូច្នេះ កម្ពុជា​ត្រូវធានាថា អ្នកប្រព្រឹត្តបទល្មើសដាច់ខាតត្រូវតែទទួលទោសទៅតាមច្បាប់ ដើម្បីផ្ដល់យុត្តធម៌ដល់អ្នករងគ្រោះ។

លោកថា៖ «យើងមើលឃើញករណីភាគច្រើនបំផុតហ្នឹង គឺជនល្មើសនៅរួចខ្លួន ក្រៅសំណាញ់ច្បាប់នៅឡើយ។ អ៊ីចឹងកន្លែងនេះ គឺជាចំណុចមួយដែលនៅខ្វះខាត ខ្វះចន្លោះ ដែលអាជ្ញាធរសមត្ថកិច្ចលោកគួរតែពន្លឿននូវដំណើរការនៃការស៊ើបអង្កេតនេះ ហើយធានាថា ជនល្មើសត្រូវបានចាប់យកមកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ជូនសាច់ញាតិរបស់ពួកគាត់»។

​បើតាមលោក ណុប វី ចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន មានអ្នកសារព័ត៌មានប្រមាណ១៧រូប ដែលត្រូវបានគេសម្លាប់ ហើយភាគច្រើនបំផុត​ គឺជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោស ដែលផ្ទុយនឹងការផ្ដល់យុត្តិធម៌និងនីតិរដ្ឋ។ លោកថា ស្ថានភាពនេះទាមទារឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ ពង្រឹងការផ្ដល់យុត្តិធម៌ និងវែកមុខនូវជនល្មើស ដោយមិនត្រូវពន្យារពេលពីមួយឆ្នាំទៅមួយឆ្នាំ​ ហើយ​គ្រាន់​តែ​ឆ្លើយ​តបថា​ «កំពុងស្ថិតក្នុងការស៊ើបអង្កេត» នោះឡើយ។

ឯកសារអង្គការយូណេស្កូ​ ស្តីពី «គោលការណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញា ក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មាន» សរសេរថា ការប្រយុទ្ធប្រឆាំង​និទណ្ឌភាពដែលពាក់ព័ន្ធ​ការវាយប្រហារទៅលើអ្នកសារព័ត៌មានអាចសម្រេចទៅបាន នៅពេល​យន្តការនិងគោលការណ៍នានាដែលត្រូវបានលើកឡើង ព្រមទាំង​កិច្ចសហការជាមួយស្ថាប័នអយ្យការឬស្ថាប័នអនុវត្តច្បាប់ជាធាតុផ្សំនៅក្នុងយុទ្ធសាស្ត្រអនុវត្ត។

អង្គការអន្តរជាតិមួយនេះអះអាងថា នៅពេល​ព្រះរាជអាជ្ញាធ្វើការសម្រេចចិត្តត្រឹមត្រូវ អព្យាក្រឹត្យ ប្រកប​ដោយ​សុចរិតភាព ធានាថាជនរងគ្រោះនិងសាធារណជនទូទៅទទួលបានយុត្តិធម៌ នោះអ្នកសារព័ត៌មានអាចជួយរក្សាសង្គមឱ្យមានសេរីភាពនិងគោរពគោលការណ៍ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ