ក្រុម​ស្ត្រីថ្ងៃសុក្រ​ប្ដេជ្ញា​​បន្ត​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​នានា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ ពេលពួកគេនាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យ​បារាំង​កោះ​ហៅប្រទេស​ជា​ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ដោយថា​ប្រទេសកម្ពុជាបានប្រាសចាកពីកិច្ចព្រមព្រៀងមួយនេះ។ (គួយ ឡង់ឌី)


ក្រុមស្ត្រីថ្ងៃសុក្រ បានអះអាងថា ពួកគេនឹងបន្តដើរដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យនានា ដើម្បីស្វែងរកកិច្ច​អន្តរាគមន៍ឱ្យតំណាង​ប្រទេស​ទាំងនោះជួយជំរុញទៅរដ្ឋាភិបាល​កម្ពុជាងាក​មកគោរព​ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១​ និងអន្តរាគមន៍ដោះលែងស្វាមីរបស់ពួកគេឱ្យមានសេរីភាពឡើងវិញ។

ការប្ដេជ្ញាចិត្តរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ បានធ្វើឡើងបន្ទាប់ពីពួកគេនៅថ្ងៃនេះបានយកញត្តិទៅដាក់នៅស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ភរិយាអតីតជំទប់ទី១ ឃុំចន្ទ្រា ខេត្តស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី អ៊ុក ចន្ធី ថ្លែងថា នេះជាលើកទី៣ហើយដែលក្រុមអ្នកស្រីបានមកតវ៉ានៅពីមុខស្ថានទូតអូស្ត្រាលី។ អ្នកស្រីថា គោលបំណងនៃការដាក់ញត្តិនេះ គឺចង់ឱ្យស្ថានទូតអូស្ត្រាលីដែលជាប្រទេសហត្ថលេខីមួយក្នុងចំណោម១៨ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ជួយឱ្យ​កម្ពុជាមានការគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះឡើងវិញ និង​ជួយ​ជំរុញទៅ​រដ្ឋាភិបាលកម្ពុជាដោះលែង​សមាជិ​កគ្រួសារពួកគេដែលកំពុងជាប់ពន្ធនាគារ។

អ្នកស្រីបន្តថា តំណាងស្ថានទូតបានទទួលញត្តិពីក្រុមគាត់ដោយភាពកក់ក្ដៅនិងឆ្លើយតបថាស្ថានទូតនឹងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

អ្នកស្រី អ៊ុក ចន្ធី លើកឡើងថា៖ «ខ្ញុំនឹងបន្តដាក់ញត្តិគ្រប់ស្ថានទូតប្រជាធិបតេយ្យទាំងអស់ ដើម្បីឱ្យគាត់ជួយអន្តរាគមន៍ទៅប្រទេសកម្ពុជា ព្រោះអីប្រទេសទាំង១៨ បានធានាថា នឹងគោរពលទ្ធិប្រជាធិបតេយ្យ ២៣ តុលា ទីក្រុងប៉ារីសហ្នឹង! ឱ្យគាត់ជួយឱ្យប្រទេសកម្ពុជាងាកមកគោរពស្មារតីនៃកិច្ចព្រមព្រៀង ២៣​តុលា នេះឡើងវិញ។ កាលណាគាត់ងាកមកគោរពនូវសន្ធិសញ្ញា ២៣​តុលាហ្នឹង ក្រុមគ្រួសារពួកខ្ញុំច្បាស់ជាមានសេរីភាពបរិបូណ៌»។

ភរិយារបស់អតីតក្រុមប្រឹក្សារាជធានីភ្នំពេញ នៃ​អតីតគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ និងត្រូវជាម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រុំ ចាន់ថា បានប្រាប់ វីអូឌី ​នៅមុខស្ថានទូតអូស្ត្រាលី​ដែរថា ការបន្តដាក់ញត្តិនេះ ព្រោះតែពួកគាត់ចង់ឱ្យស្ថានទូតធ្វើយ៉ាងណាជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍សិទ្ធិមនុស្ស សិទ្ធិនៃការបញ្ចេញមតិ ព្រមទាំងដោះលែងអ្នកទោសមនសិការដោយឥតលក្ខខណ្ឌ ខណៈអ្នកស្រីថា បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាកំពុងរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ។

អ្នកស្រី​និយាយថា៖ «គួរគាត់ [រដ្ឋាភិបាល] គោរពសិទ្ធិមនុស្ស ហើយនិងលទ្ធិប្រជាធិបតេយ្យ កុំឱ្យប្រទេសនីមួយៗមើលឃើញគាត់មិនគោរពសិទ្ធិមនុស្ស កុំឱ្យខ្មាសគេ! ហើយដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាព ដូចជាប្ដីពួកខ្ញុំទាំងអស់ ឱ្យពួកគាត់មានសេរីភាពឡើងវិញមក ព្រោះពួកគាត់ចាស់ៗអស់ហើយ ហើយយកពួកគាត់ឃុំអ៊ីចឹង?»

យ៉ាងណា ការដាក់ញត្តិរបស់ក្រុមស្ដី្រថ្ងៃសុក្រនេះ ក៏មានការតាមឃ្លាំមើលពីសំណាក់អាជ្ញាធរប្រមាណ១០នាក់ ខណៈក្រុមស្ត្រីដែលទៅដាក់ញត្តិនោះមានគ្នាប្រហែលជិត២០នាក់ផងដែរ។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការដែលអ្នកទាំងនោះពាំនាំនូវសំណើឬសំណូមពរអ្វីមួយទៅបណ្ដាស្ថានទូតពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺជាសេរីភាពរបស់ពួកគេ។

លោក​​ថា ការដែលស្ត្រីទាំងនោះព្យាយាម​ស្វែង​រក​​អន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដោយ​សារ​ពួក​គាត់​​យល់​ថា ​​គ្រួសារបស់ពួកគាត់រងនូវភាពអយុត្តិធម៌ ដោយត្រូវបានអាជ្ញាធរចាប់ឃុំ​ខ្លួន ខណៈដែលគ្រួសាររបស់ពួកគាត់​គ្រាន់តែ​បំពេញនូវសិទ្ធិជាមូលដ្ឋានក្នុងការចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលធានាដោយបទដ្ឋានអន្តរជាតិ និងទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

លោក អំ សំអាត ថ្លែងថា៖ «អ្វីដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័ន និងទទួលស្គាល់បទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស រដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចនៅក្នុងការគោរពទៅតាមគោលការណ៍ជាបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលយើងបានទទួលស្គាល់»

យ៉ាងណាក្ដី អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន មានប្រសាសន៍ថា ការដាក់ញត្តិរបស់ក្រុមស្រ្តីថ្ងៃសុក្រនេះ ជាសេរីភាពរបស់ពួកគាត់ដែលបានធ្វើជាយូរមកហើយ។ លោកថា អ្នកទាំងនោះត្រូវប្រើសិទ្ធិសេរីភាពដោយមើលក្របខណ្ឌច្បាប់ អនុវត្តដោយមានព្រំដែន និងមិនត្រូវបំពានច្បាប់ឡើយ។

លោក កត្តា អ៊ន ថ្លែងថា៖ «ក្រុមស្រ្តីសុក្រនេះ ខ្ញុំមើលសកម្មភាពរបស់គាត់ហាក់បីដូចជាមិនសូវស៊ីសង្វាក់ទៅនឹងគោលបំណងពិតរបស់គាត់ទាល់តែសោះ។ […] ដូច្នេះហើយការដែលគាត់ធ្វើ ហាក់បីដូចជាពុំមានប្រសិទ្ធភាពអ្វីនោះទេ ការដែលយើងទៅអំពាវនាវទៅស្ថានទូតនេះ ស្ថានទូតនោះ វាគ្មានឥទ្ធិពលអ្វីដែលជះមកលើការអនុវត្តច្បាប់ ការអនុវត្តសិទ្ធិមនុស្សរបស់រដ្ឋាភិបាលទេ»

ការបន្តដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រនៅថ្ងៃនេះ បានធ្វើឡើង ខណៈសាលាដំបូងរាជធានីភ្នំពេញ​ គ្រោង​នឹងបើក​សវនា​ការ​លើ​ថ្នាក់ដឹកនាំ​និង​សកម្មជនអតីតគណបក្ស​ប្រឆាំង​ចំនួន​៤២នាក់ ​នៅថ្ងៃអង្គារ ទី៧​ ខែធ្នូ​ ខាងមុខនេះ។ ពួកគេអំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់និងដោះលែងស្វាមីរបស់ពួកគេឱ្យមានសេរីភាពឡើងវិញ ខណៈពួកគេបានត្អូញត្អែរថា អាជ្ញាធរបានឃុំខ្លួនអ្នកទាំងនោះដោយអយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ