បទល្មើស​ព្រៃឈើ​បន្ត​កើតឡើង​ឥត​ថមថយ​ក្នុង​ព្រៃសហគមន៍​មួយ​ចំនួន​នៅ​ខេត្តក្រចេះ

លំនៅឋាន ដែលសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានអះអាងថា ជាការសង់លំនៅឋានដោយខុសច្បាប់ ក្នុងសហគមន៍ព្រៃឈើភ្នំសេះ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ក្រោយការចុះស្រាវជ្រាវអំឡុងខែកញ្ញា ឆ្នាំ២០២១។ (CYN)

ប្រជាសហគមន៍ និងសមកម្មជនបរិស្ថាន រកឃើញបទល្មើសព្រៃឈើបន្តកើតឡើង​ឥតថមថយឡើយក្នុងព្រៃសហគមន៍មួយចំនួននៅខេត្តក្រចេះ ដែលកំពុងរងការបាត់បង់គម្របព្រៃឈើគួរឱ្យបារម្ភ។

ការអះអាងនេះ ក្រោយពេលសកម្មជនមូលដ្ឋាន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ បានចុះល្បាតដោយ​ប្រទះឃើញគល់ឈើ គំនរឈើ ដែលជនល្មើសលួចចូលអារ ហើយមិនទាន់ដឹកចេញជាច្រើនកន្លែងក្នុងតំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្ថិតនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ដោយឡែកសហគមន៍ព្រៃឈើ៣ផ្សេងទៀតរួមមាន «ព្រៃសហគមន៍ថ្មទន្លេ» «ព្រៃសហគមន៍ភ្នំបាក់» «ព្រៃសហគមន៍ភ្នំសេះ» ហើយតំបន់ខ្លះជាតំបន់របៀងអភិរក្សជីវចម្រុះក្នុង «ដែនជម្រកសត្វព្រៃសំបូរ» ស្ថិតនៅក្នុងឃុំសំបូរ កំពុងរងការកាប់ទន្ទ្រានដោយខុសច្បាប់ថែមទៀតផង។

មន្ត្រីសម្របសម្រួលគម្រោងនៃបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ​បញ្ជាក់ថា អ្នកកាប់បំផ្លាញព្រៃឈើភាគច្រើនជាប្រជាពលរដ្ឋមកពីចម្ងាយ រួមមាន ខេត្តក្រចេះ កំពង់ធំ ព្រៃវែង និងព្រះវិហារ។ លោកបន្ថែមថា ឈើទាំងនោះបានយកទៅលក់បីប្រភពធំៗ ទីមួយ គឺលក់ឱ្យក្រុមហ៊ុន​ ទីពីរ លក់ទៅដេប៉ូនានា និងមួយចំនួនទៀតប្រជាជនបានប្រើប្រាស់លក្ខណៈទ្រង់ទ្រាយតូច។

លោកលើកឡើងថា៖ «ឈើភាគច្រើនកាប់ដឹកចេញ កាប់លក់ចេញឱ្យឈ្មួញដឹកតាមម៉ូតូ ឈើមួយចំនួន មានន័យថា អ្នកខាងក្រចេះ អ្នកខាងនៅដេប៉ូមួយចំនួន គេទិញ! ហើយឈើមួយចំនួនដឹកទៅក្រុមហ៊ុនដែលនៅជិតព្រៃឡង់ហ្នឹង គឺក្រុមហ៊ុន ស៊ីងបាយអូតិច [Think Biotich] និងក្រុមហ៊ុនអង្គរផ្លាយវូដ [Angkor Plywood]»។

លោកឱ្យដឹងដែរថា ​សម្រាប់ «ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ» នៅជាប់ដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក៏កំពុងបន្តរងការកាប់ឈើធ្វើអាជីវកម្មយ៉ាងគំហុកផងដែរ ហើយជនល្មើសដឹកចេញតាម​ម៉ូតូ គោយន្ត និងឡានកែឆ្នៃ ដោយមិនញញើតអាជ្ញាធរនោះឡើយ។

សមាជិកសកម្មសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោក ហ៊ឹម យល់ បានឱ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនេះកើតទាំងយប់ទាំងថ្ងៃ ប៉ុន្តែមន្រ្តីរដ្ឋបាលព្រៃឈើ និងខាងបរិស្ថាន​ មិនបានចាត់វិធានការឱ្យមាន​ប្រសិទ្ធភាពនោះទេ។ ​លោក​​គ្មានសង្ឃឹមថា រដ្ឋាភិបាលអាចការពារសហគមន៍ព្រៃឈើទាំងនោះឱ្យនៅគង់វង្សបានឡើយ ប្រសិនបើស្ថានភាពបទល្មើសនៅតែបន្តកើតឡើង។

លោកលើកឡើងថា៖ «ព្រួយបារម្ភ ចេះតែព្រួយបារម្ភហើយ តែចឹងវាចេះតែបាត់បង់ហ្នឹងហើយ! មិនសង្ឃឹមថានៅគង់វង្សអីទេ មិនបានទៅដល់កូនចៅជំនាន់ក្រោយទេ ​​បើលេងសម្បើមៗយ៉ាងនេះ បើមានគោយន្ត រ៉ឺម៉ក រណារយន្តកែឆ្នៃធំៗក៏មានដែរ»។

​ប្រធានសហគមន៍ភ្នំសេះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ​ លោក ហ៊ា សំអឿន មានប្រសាសន៍ថា បទល្មើសព្រៃឈើកំពុងកើតមានប្រាកដមែន ហើយបាត់បង់ព្រៃឈើចន្លោះពី២ទៅ ៣ហិកតាក្នុងមួយថ្ងៃៗ។ លោកបន្ថែមថា ឧបករណ៍សម្រាប់កាប់បំផ្លាញព្រៃឈើមានច្រើនប្រភេទដែលពួកគេប្រើប្រាស់ ​ដូចជា ម៉ាស៊ីនអារឈើ កាំបិត ពូថៅ ព្រមទាំងថ្នាំបាញ់សម្លាប់ដើមឈើជាដើម។

លោកលើកឡើងថា៖ «កាប់ហើយដាំដំឡូវ ហើយឥលូវប្រើថ្នាំមានអីពិបាក បាញ់ថ្នាំងាប់ទាំងឈើ ទាំងស្មៅ ហើយលឿន​ដុតឆេះទៀត»។

​លោកបន្តថា ដីព្រៃសហគមន៍ភ្នំសេះដែលបានចុះបញ្ជីតាមផ្លូវច្បាប់​មានផ្ទៃដីជាង៣ ០០០ហិកតា ប៉ុន្តែបច្ចុប្បន្នមកសល់ត្រឹមតែជាងមួយពាន់ហិកតាប៉ុណ្ណោះ ខណៈដីដែលបានកាប់ទន្ទ្រានដោយខុសច្បាប់ទាំងនោះ ត្រូវបានលក់បន្តទៅឱ្យឈ្មួញ​។ លោកថា វិនាសកម្មព្រៃឈើនេះបានធ្វើឱ្យអ្នកស្រុកបាត់បង់កន្លែងប្រពៃណីសាសនាផង និងបាត់បង់ចំណូល​ដែលបានមកពីផលអនុផលព្រៃឈើផង​។

លោកលើកឡើងថា៖ «ព្រៃឈើក៏បាត់បង់ ជំនឿសាសនាហ្នឹងក៏បាត់បង់ដែរ ព្រោះកន្លែងហ្នឹងមានព្រះ។ ជ័រទឹកហ្នឹងដូចធនាគារអ៊ីចឹង អាហ្នឹងដូចធនាគារអ៊ីចឹង បើយើងអត់ទៅដង វានៅក្នុងកុង បើយើងទៅដងបានប្រចាំ អត់ចេះងាប់ទេ តកូនតចៅ ប៉ុន្តែបើបាត់បង់ទៅ ចំណូលសេដ្ឋកិច្ចរលីងហ្មង»។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ដួងសាវុធ ​មិនអាចបញ្ជាក់ឱ្យបានច្បាស់នោះទេ ដោយ​ថា ព្រៃសហគមន៍មួយចំនួនត្រូវបានរដ្ឋាភិបាលផ្ទេរទៅឱ្យក្រសួងការពារជាតិរួចទៅហើយ។

លោកលើកឡើងថា៖ «ដីហ្នឹងចេញ ស.ជ.ណ ឱ្យក្រសួងការពារជាតិអស់ហើយ​។ អាហ្នឹងខ្ញុំមិនច្បាស់ទេ ប៉ុន្តែដីសហគមន៍ភ្នំបាក់​ ដីទាំងអស់នេះត្រូវបានគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ»។

​យ៉ាងណា លោក អូត ឡាទីន មើលឃើញថា ព្រៃឈើកម្ពុជាកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយការធ្វើអាជីវកម្មឈើ ការកាប់រានទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ អនាធិបតេយ្យ កម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋាភិបាល។ លោកថា ក្រៅពីតំបន់ការពារធម្មជាតិ តំបន់ព្រៃសហគមន៍ បទល្មើសព្រៃឈើនៅតែបន្តកើតឡើងឬកំពុងរងការវិនាសគួរឱ្យព្រួយបារម្ភ ដែលពិបាកនឹងការជួយសង្រ្គោះ ប្រសិនបើរាជរដ្ឋាភិបាលមិនរឹតបន្តឹងការអនុវត្តច្បាប់ទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ