សង្គមស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កិច្ចគាំពារ​ដល់​អាជីវករ​ខ្នាតតូច​ដោយ​យក​គំរូ​ជោគជ័យ​របស់​ប្រទេស​ក្នុងតំបន់

រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០។ (ហ៊ុ​ន សិរីវឌ្ឍន៍)

សង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាជួយសម្រួល​ផ្ដល់កិច្ចគាំពារសង្គមដល់អាជីវករខ្នាតតូច តាមរយៈការសិក្សាពីបទពិសោធន៍ជោគជ័យរបស់ប្រទេសក្នុងតំបន់ ដើម្បីផ្ដល់ជាភាពវិជ្ជមានទាំងការអភិវឌ្ឍទីក្រុង ទីប្រជុំជន និងជួយដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមផ្លូវ ជាដើម។

តាមរយៈកម្មវិធីពិគ្រោះយោបល់កម្រិតគោលនយោបាយស្ដីពី «បរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងសុខុមាលភាពសង្គមរបស់សហគ្រិនស្ត្រីវ័យក្មេង» ដែលមានអ្នកចូលរួមប្រមាណ៣០នាក់ នាថ្ងៃទី៨ ខែធ្នូនេះ សង្គមស៊ីវិលចំនួន១២ស្ថាប័នបានរៀបចំបទបង្ហាញអំពីការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ស្ដីពី «កិច្ចគាំពារសង្គម និងច្បាប់នានាសម្រាប់ជាផលប្រយោជន៍ដល់សហគ្រិនស្ត្រីវ័យក្មេងតាមដងផ្លូវ»។

នាយកប្រតិបត្តិអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ ថ្លែងថា គោលបំណងនៃការរៀបចំកម្មវិធី ដើម្បីបង្ហាញពីលទ្ធផលស្រាវជ្រាវពីបរិយាកាសអំណោយផលអាជីវកម្ម សុខុមាលភាពសង្គមដល់ស្ត្រីសហគ្រិន ជាពិសេសអាជីវករខ្នាតតូចបំផុត អ្នកលក់ដូរតាមដងផ្លូវ ដែលភាគច្រើនបំផុតជាស្ត្រី។

លោកថា ការស្រាវជ្រាវរកឃើញនូវចំណុចសំខាន់មួយចំនួន​ពីប្រទេសក្នុងតំបន់ ដែលមានផលវិជ្ជមានសម្រាប់​ឱ្យរដ្ឋាភិបាលកម្ពុជាពិចារណា យកជាបទពិសោធន៍សម្រាប់អនុវត្តនាពេលបច្ចុប្បន្ន ដើម្បីផ្ដល់​ទាំងការអភិវឌ្ឍទីក្រុង ប្រជុំជន និងប្រជាពលរដ្ឋជាក្រុមអាជីវករខ្នាតតូច។

លោកបន្តថា ប្រទេសសិង្ហបុរី ថៃ វៀតណាម ឥណ្ឌូនេស៊ី បានអភិវឌ្ឍទីក្រុងដោយប្រើគោលនយោបាយឈ្នះឈ្នះ ពោលគឺគាំទ្រអាជីវករខ្នាតតូចគ្រប់កម្រិត ដោយធ្វើផែនការពិគ្រោះយោបល់ជាមួយអាជីវករពីបញ្ហានិងដំណោះស្រាយ អភិបាលកិច្ច ផ្ដល់ការចងក្រងជាក្រុម និងផ្ដល់អត្ថប្រយោជន៍សុខភាពដល់អាជីវករទាំងនោះ។

លោក ឡាំ សុជាតិ បន្តថា៖ «កម្ពុជាយើងអាចយកមេរៀនបទពិសោធន៍ល្អៗរបស់គេ ដែលគេអភិវឌ្ឍទីក្រុងមុនយើង១០ឆ្នាំហ្នឹង មកអនុវត្តនាពេលបច្ចុប្បន្នបាន​ ដោយសារអាជីវកររបស់គេមានការរីកចម្រើន លក់ដូរមានសណ្ដាប់ធ្នាប់​ លក់ដូរមានបណ្ដាញ មានសមាជិកភាព មានការគាំទ្រពីរដ្ឋាភិបាលផ្នែកផ្លូវច្បាប់​ ការពារសង្គម និង​របៀបនៃការចាត់ចែងលក់ដូរអាជីវកម្ម​ គឺមានការរីកចម្រើន ហើយទទួលបានផលប្រយោជន៍គ្រប់ទាំងអស់គ្នា»។

លោក ឡាំ សុជាតិ បន្ថែមថា ជាក់ស្ដែង ប្រទេសថៃបានតម្រូវឱ្យអាជីវករចុះបញ្ជីអាជីវកម្មទាំងអស់ បើទោះបីជាអាជីវកម្មនោះមានកម្រិតយ៉ាងណាក៏ដោយ ពោលគឺគ្រាន់តែមានអត្តសញ្ញាណបណ្ណនិងថវិកាតិចតួច ដោយក្នុងនោះ រដ្ឋជាអ្នករៀបចំសណ្ដាប់ធ្នាប់លក់ដូរ។ លោកថា ការចុះបញ្ជីអាជីវកម្មរបស់គេផ្ដល់មកវិញនូវសេវាព្យាបាលសុខភាពអស់ថវិកាតិច និងផ្ដល់អត្ថប្រយោជន៍ផ្នែកឥណទានរកស៊ី ជាដើម។

យ៉ាងណា លោកថា កម្ពុជាវិញ គួរធ្វើឱ្យការចុះបញ្ជីអាជីវកម្មមានភាពសាមញ្ញ ពោលគឺកុំទាមទារឯកសារស្មុគស្មាញច្រើនពេក ផ្ដល់ឥណទានការប្រាក់ទាប បណ្ដុះបណ្ដាលជំនាញ រៀបចំកន្លែងលក់ដូរឱ្យបានសមរម្យ និងមានសណ្ដាប់ធ្នាប់។ ក្រៅពីនោះ លោកថា រដ្ឋគួរផ្ដល់កិច្ចគាំពារសង្គម និងលើកទឹកចិត្តឱ្យពួកគាត់ចូលជាសមាជិកសហជីព ឬសមាគមសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធនានា​ ដើម្បីងាយស្រួលទាក់ទងជាមួយរដ្ឋាភិបាល។

បើតាមលោក ឡាំ សុជាតិ អាជីវករខ្នាតតូចដែលត្រូវបានលើកមកជជែកពិភាក្សានេះ គឺសំដៅដល់អ្នកលក់ដូរតាមផ្ទះ លក់ចល័ត លក់ដូរតាមរទេះ ជាដើម ហើយមិនបានចុះបញ្ជីអាជីវកម្ម។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី សេរី បូរាពេជ្រ ថ្លែងប្រាប់ វីអូឌី ក្នុងកម្មវិធីនោះថា អាជីវករខ្នាតតូចជាស្ត្រីភាគច្រើនមិនបានចុះបញ្ជីអាជីវកម្មផ្លូវការ ខណៈពួកគាត់ជួបប្រទះបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុក្នុងអំឡុងជំងឺកូវីដ-១៩។

លោកស្រីបន្តថា ការដែលមិនបានចុះបញ្ជីបែបនេះ ធ្វើឱ្យពួកគាត់មិនអាចទទួលបានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល វាយតម្លៃពីផលប៉ះពាល់ និងរកដំណោះស្រាយជូនពួកគេឡើយ។

លោកស្រី សេរី បូរាពេជ្រ មានប្រសាសន៍ថា៖ «គាត់ [អាជីវករខ្នាតតូចត្រូវ] មានភាពក្លាហានក្នុងការស្វែងរកជំនួយ ក៏ដូចជាទាក់ទងមកខាងក្រសួងពាណិជ្ជកម្មផ្ទាល់ ពីព្រោះក្រសួងពាណិជ្ជកម្ម គឺយើងមានមន្ទីរពាណិជ្ជកម្មតាមខេត្តផងដែរ។ អ៊ីចឹងប្រសិនបើគាត់មានបញ្ហាអ្វី ត្រូវការឱ្យក្រសួង ក៏ដូចជារដ្ឋាភិបាលគាត់ជួយអន្តរាគមន៍ សូមគាត់មេត្តាទៅមន្ទីរពាណិជ្ជកម្មរបស់យើងដែលនៅជិតខ្លួនរបស់ពួកគាត់ ឬក៏ទាក់ទងអាជ្ញាធរផងដែរ»។

​អាជីវករលក់បាយសី នៅរាជធានីភ្នំពេញ និងជាតំណាងអ្នកលក់តាមដងផ្លូវ កញ្ញា សុខ ស្រីរ័ត្ន លើកឡើងថា កញ្ញាមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ ដោយសារចង់អំពាវនាវឱ្យរដ្ឋាភិបាលជួយសម្រួលតម្លៃតូបជាមួយម្ចាស់ផ្សារ ដោយស្នើបញ្ចុះតម្លៃ ៣០%។

កញ្ញាបន្តថា តូបដែលគាត់ជួលពីឧកញ៉ាមួយរូបមានតម្លៃ១៤០ដុល្លារក្នុង១ខែ ដែលធ្វើឱ្យកញ្ញានិងអ្នកលក់ដូរផ្សេងទៀតចង់បោះបង់ការលក់ដូរ ព្រោះពុំមានលទ្ធភាពរកថវិកាបង់បាន ខណៈការបង់ថវិកាថ្លៃជួលតូបយឺតយ៉ាវ នឹងត្រូវម្ចាស់ផ្សារពិន័យក្នុងមួយថ្ងៃ២០ដុល្លារ។

យ៉ាងណា កញ្ញាលើកឡើងថា ការរំពឹងទុកថារដ្ឋនឹងជួយបានឬអត់នោះ គឺពិបាកស្មាន។

កញ្ញា សុខ ស្រីរ័ត្ន និយាយថា៖ «លោកជំនាវ គាត់បាននិយាយហ្នឹង គាត់ថាទាល់តែបានចុះឈ្មោះធ្វើជាអាជីវកម្ម តែខ្ញុំអ្នកលក់តូចតាចហ្នឹង មានលទ្ធភាពឯណាទៅចុះឈ្មោះនៅខាងអាជីវកម្មអ៊ីចឹង? ហើយគាត់ថារដ្ឋនឹងមើលថែ មើលថែម៉េច? បើកាលពី៣ឆ្នាំមុន ពួកខ្ញុំបានតវ៉ាមួយសារហើយ! ប្ដឹងផ្ដល់ដល់រដ្ឋហើយ ក៏គេធ្វើមិនដឹងមិនឮផង ហើយខ្ញុំទៅធ្វើម៉េច? ព្រោះអីផ្សារហ្នឹង គឺដូចខ្ញុំនិយាយអ៊ីចឹង របស់ឯកជន! អ៊ីចឹងគេអត់សម្រុះសម្រួលឱ្យទេ! អ៊ីចឹងឧកញ៉ាហ្នឹងគាត់ឡើងតម្លៃថ្លៃតាមអំពើចិត្តគាត់ទេ ហើយខ្ញុំធ្វើម៉េច? ហើយបើយើងអត់លក់នៅហ្នឹង ហើយទៅលក់នៅណា?»

​មុខរបរលក់ដូរតាមដងផ្លូវ គឺជាអាជីវកម្មដែលមានភាគរយច្រើនជាងគេនៅកម្ពុជា ក៏ប៉ុន្តែមុខរបរនេះនៅតែមិនត្រូវបានចាត់ទុកក្នុងយុទ្ធសាស្ត្រអាទិភាពរបស់​រដ្ឋាភិបាលក្នុងការគាំទ្រលើវិស័យនេះនៅឡើយ ខណៈភស្តុតាងជាស្ថិតិបង្ហាញថា អ្នកលក់ដូរតាមដងផ្លូវក្នុងប្រទេសកម្ពុជាមានចំនួន​រហូតដល់ជាង១លាន៦សែននាក់ (១ ៦៧៣ ៣៩០​) ឬស្មើនឹង ១០% នៃចំនួនប្រជាពលរដ្ឋសរុប។

តាមការសិក្សារបស់អង្គការ ​Oxfam នៅក្នុងឆ្នាំ២០១៩ ឱ្យដឹងថា អ្នកលក់ដូរតាមដងផ្លូវដែលមាន ៧៥% ជានារី ដោយគិតតែនៅក្នុងទីក្រុងភ្នំពេញ មានចំនួន ១% នៃតួលេខទាំងនេះ ឬ ១០% នៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ