កម្ពុជា​ទទួល​បាន​កម្ចី​និង​ហិរញ្ញប្បទាន​ឥតសំណង​ជាង​៣០០លានដុល្លារ​ពី​ADB ដើម្បី​ស្ដារ​សេដ្ឋកិច្ច​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង ធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងនាយកស្ដីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance)

កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាង៣៣២លានដុល្លារ (៣៣២,០៥)​ ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ-១៩ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្ដាញផ្លូវ ជាដើម។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងនាយកស្ដីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill ដែលធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានទឹកប្រាក់ជាង៣០០លានដុល្លារនេះ សម្រាប់ប្រតិបត្តិចំនួន៥គម្រោង និងកម្មវិធីចំនួន៤។

ចំពោះគម្រោងនិងកម្មវិធីទាំងនោះមានដូចជា កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ទ (អនុកម្មវិធីទី៣), ទី២ គម្រោងទប់ស្កាត់និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ខណៈទី៣ និងទី៤ ជាគម្រោងកែលម្អបណ្ដាញផ្លូវជាតិជំហានទី២ និងគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ទ បានចំណាយថវិកាចំនួន៤០លានដុល្លារ និងគម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (GMS) ចំនួន៣៥លានដុល្លារ ខណៈគម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន ១៩៣,៥លានដុល្លារ និងគម្រោងកែលម្អបណ្ដាញផ្លូវថ្នល់ (ដំណាក់កាលទី២) ចំនួន៩០លានដុល្លារ។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងសេដ្ឋកិច្ចបន្ថែមថា កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ដែលមានទឹកប្រាក់៤០លានដុល្លារ សម្រាប់ជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសខ្នាតតូចនិងមធ្យម អនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុផងដែរ។

អ្នក​វិភាគ​សេដ្ឋ​កិច្ច លោក យ៉ង ប៉ាក មានប្រសាសន៍ថា ប្រសិនទឹកប្រាក់ជាង៣០០លានដុល្លារដែលធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ឱ្យ ប្រើប្រាស់ត្រូវតាមវិស័យដែលកំពុងរងផលប៉ះពាល់មួយចំនួនដូចជា ទេសចរណ៍ និងសហគ្រាសធុនតូចនិងមធ្យម (SME) ជាដើមនោះ លោកថា អាចនឹងជួយសេដ្ឋកិច្ចបានច្រើន។ ​លើសពីនេះ លោកថា ទឹកប្រាក់ដែលធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ឱ្យបានទាន់ពេលវេលា ទើបអាចជួយស្ដារសេដ្ឋកិច្ចកម្ពុជាបានវិញ។​

លោកថា៖ «ទៅចាក់ត្រូវអត់ក្នុងផ្នែកណាមួយ? ហើយចាក់លឿនប៉ុនណា? ចង់និយាយ​ថា ​ចំណូលប្រជាជនភាគច្រើនធ្លាក់ចុះខ្លាំង​ តាមរបាយការណ៍របស់ ADB។ អ៊ីចឹងបើសិនជាយើងចាក់ខុស​ឬយឺត ​ដល់ពាក់កណ្ដាលឆ្នាំក្រោយ បានដាក់លុយចូលមក។ ការធ្វើបង្វិលដាក់ចុះដាក់ឡើង​ ត្រូវការ៥ខែទៀត ​វាអត់អាចជួយសេដ្ឋកិច្ចយើងបានលឿនទេ។ អ៊ីចឹងធ្វើម៉េចដាក់ឱ្យចំគោលដៅ និងដាក់ឱ្យលឿនបំផុត ប្រាក់ហ្នឹង ទៅតាមផែនការហ្នឹងឱ្យលឿនបំផុត។​ អាហ្នឹងទើបជួយសេដ្ឋកិច្ចយើងបាន»។

អ្នក​វិភាគ​សេដ្ឋ​កិច្ចរូបនេះយល់ថា បច្ចុប្បន្ន លុយនៅក្នុងស្រុកក៏មានច្រើនដែរ ប៉ុន្តែតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាជួយសម្របសម្រួលផ្លូវច្បាប់និងហានិភ័យ ដើម្បីធានាការទម្លាក់លុយទៅឱ្យសហគ្រាសធុនតូចនិងមធ្យម (SME) សម្រាប់ពួកគាត់មានដើមទុនបើកអាជីវកម្មឬក្រុមហ៊ុនឡើងវិញ។

បើតាមមូលនិធិរូ​បិយវត្ថុ​អន្តរជាតិ ​(IMF)​ បានចេញរបាយការណ៍វាយ​តម្លៃ​កាលពីថ្ងៃទី២៧ ខែកញ្ញា ថាសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ​២០២១ នឹង​មានកំណើនខ្ពស់​ជាងមុន ​ក្នុងអត្រា ​២,២% ​ហើយនឹង​បន្តងើបឡើងវិញ​ថែមទៀតក្នុងរង្វង់ ​៥% ​នៅឆ្នាំ២០២២។​

ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពីសំណាក់មូលនិធិរូ​បិយវត្ថុ​អន្តរជាតិ ​(IMF) នេះ ដូចគ្នាទៅនឹងការព្យាកររបស់ធនាគារពិភពលោក (Worl Bank) កាលពីថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំនេះ ថាកំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​ក្នុងឆ្នាំ​២០២១​នេះ មាន​អត្រាជាង២ភាគរយ (២,២%)។​ ក៏ប៉ុន្តែការព្យាកររបស់ធនាគារពិភពលោកពេលនោះ ​ខុសពីការព្យាកររបស់ខ្លួននៅគ្រាដំបូង ដោយថាអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងរង្វង់ ៤% នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ