កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពន្ធ​បន្ថែម​ជាង​២០០​លាន​ដុល្លារ​ក្នុង​ពេល​៥ឆ្នាំ បើ​ដំឡើង​ពន្ធ​ថ្នាំជក់​៧៥%

បុរសម្នាក់កំពុងជក់បារី។ (ហ៊ុយ ឧស្សាហ៍)

កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម២៣៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ និងជិត១០០០លានដុល្លារសហរដ្ឋអាមេរិក (៩៣៣) ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធបារីលក់រាយដល់ទៅ៧៥%។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី៩ ខែធ្នូនេះ ឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងក្រាស់ក្រែលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។

ផ្ទុយទៅវិញ បើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំ២០១៨ លើកឡើងថា កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធក្នុងទំហំទឹកប្រាក់ ២៧៩,៦ពាន់លានរៀល នៅក្នុងឆ្នាំ២០១៩ និង ៥៣២,៣ពាន់លានរៀល ក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម៥០០រៀលក្នុងមួយកញ្ចប់ និង១ ០០០រៀលក្នុងមួយកញ្ចប់។ ​

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលុបគាំទ្រការដំឡើងពន្ធថ្នាំជក់ ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលពន្ធជាតិ។

សេចក្ដីប្រកាសព័ត៌មាន​សរសេរថា៖ «​ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលចេញផ្សាយនៅឆ្នាំ២០២១នេះ បានបង្ហាញថា ប្រជាជនកម្ពុជារហូត ៩៤% គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់។ ពោលគឺគាំទ្រឱ្យដំឡើងដល់ ៦២% នៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន»។

​ប្រភពដដែលបន្តថា បច្ចុប្បន្ន កម្ពុជាហូតពន្ធថ្នាំជក់ត្រឹមតែ ២៥% និង ៣១% ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុត បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ាន។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជាដដែលបញ្ជាក់ថា មិនត្រឹមតែខាតចំណូលពន្ធរដ្ឋនោះទេ ការជក់បារីក៏បានបង្កឱ្យមានជំងឺផ្សេងៗជាច្រើន រួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ ជាដើម។

បើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជាបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែជំងឺបង្កឡើងដោយ​ការប្រើប្រាស់ថ្នាំជក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ៦៤៩លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ