រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើដំណើរ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ពង្រឹង​ទំនាក់ទំនង

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) ​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Secretary Antony Blinken)

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានធ្វើដំណើរ​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ីហើយ នៅថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ដែលបានក្លាយជាសមរភូមិយុទ្ធសាស្ត្ររវាងអាមេរិក និងចិន។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ក្នុងដំណើរទស្សនកិច្ចនៅ​អាស៊ីអាគ្នេយ៍ជា​លើកដំបូងរបស់ខ្លួន គិតចាប់តាំងពីប្រធានាធិបតី​​សហរដ្ឋ​​អាមេរិក លោក ចូ បៃឌិន ឡើងកាន់តំណែងក្នុងខែមករា លោក អេនតូនី ប្លីនខេន នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃក្នុងសប្ដាហ៍នេះ បន្ទាប់ពីបំពេញទស្សនកិច្ចក្នុង​ទីក្រុង​ហ្សាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី ជាកន្លែងដែលលោកនឹងជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) និងថ្លែងសុន្ទរកថាស្ដីពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ការ​បរទេសរូបនេះក៏នឹងបញ្ជាក់ពីគោលបំណងរបស់លោក ចូ បៃឌិន ក្នុងការ​បង្កើនការចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ និងពិភាក្សាអំពីចក្ខុវិស័យរបស់ប្រធានាធិបតីរូបនេះ​ សម្រាប់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

រដ្ឋបាល​លោក ចូ បៃឌិន បានចាត់ទុកថា​ ការចូលរួមកាន់តែជិតស្និទ្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរុញច្រានប្រឆាំងនឹងអំណាចដែលកំពុងកើនឡើងរបស់ប្រទេសចិន។

ទោះជាយ៉ាងណា រដ្ឋបាលរបស់លោកមិនទាន់​បញ្ជាក់​លម្អិតថាតើ​ក្របខណ្ឌ​សេដ្ឋកិច្ច​ដែល​​លោក ចូ បៃឌិន ​បាន​រំពឹង​ទុក​​មានអ្វីខ្លះនោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ