ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​យល់ព្រម​ក្នុង​ការ​មាន​កិច្ចចរចា​ជាមួយ​គ្នា​បន្ថែម​ទៀត

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) និងសមភាគី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Vladimir Putin)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន និងសមភាគី​អាមេរិក លោក ចូ បៃឌិន បានយល់ព្រមក្នុងការមានកិច្ចចរចាជាមួយគ្នាបន្ថែម​ទៀត ស្របពេលដែលភាពតានតឹងជុំវិញច​លនា​​ទ័ព​របស់រុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែនកើនឡើង។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ការយល់ព្រមរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងការមានកិច្ចចរចាជាមួយគ្នាបន្ថែមទៀតនេះ ត្រូវបានធ្វើឡើងក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូមួយកាលពីថ្ងៃទី​៧ ខែធ្នូ ដែល​ផ្ដោត​លើ​ទំនាក់​ទំនង​នៃតំបន់​លោកខាង​កើត និងខាងលិច ដែលបច្ចុប្បន្នមានការធ្លាក់ចុះ។

តាមរយៈជំនួបនេះ លោក ចូ បៃឌិន ក៏បានព្រមានលោក ពូទីន ផងដែរថា លោកខាង​លិច​នឹង​ដាក់ «វិធាន​ការសេដ្ឋកិច្ចធ្ងន់ធ្ងរ និងចំណាត់ការផ្សេងទៀត» លើរុស្ស៊ី ក្នុងករណីដែលប្រទេសមួយនេះឈ្លានពាន​អ៊ុយ​ក្រែន។

នៅក្នុងវីដេអូមួយដែលបានចេញផ្សាយតាមរយៈទូរទស្សន៍រដ្ឋរុស្ស៊ី អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​ លោក ​Dmitry Peskov ថ្លែងថា លោក ​វ្លាឌីមៀរ ពូទីន មិនមា​ន​ជា​សុទិដ្ឋិនិយមណាមួយនោះទេ បន្ទាប់​ពីជំនួបជាមួយលោក ចូ បៃឌិន ដោយសារតែប្រទេសទាំងពីរនៅតែបន្តមានភាពខ្វែងគំនិតគ្នា។

អ្នកនាំពាក្យដដែលបន្ថែមថា លោក ពូទីន កាលពីថ្ងៃទី​៧ ខែធ្នូនោះ ក៏បានប្រាប់លោក បៃឌិន ថាកងទ័​ពរុស្ស៊ីទាំ​ងឡាយគឺស្ថិតនៅលើទឹកដីរបស់ខ្លួន ដោយមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ។

ទោះជាយ៉ាងណា លោក ​Dmitry Peskov បន្តថា មេដឹកនាំទាំងពីរ​បានយល់ព្រមក្នុងការមានកិច្ចចរចាផ្សេងទៀតដែលទំនងជានឹងធ្វើឡើងតាមរយៈវីដេអូដដែល។

លោកថា៖ «ជាការពិតណាស់ យើងនឹងជួបគ្នាសារជាថ្មី។ ខ្ញុំពិតជាចង់ឱ្យសកម្មភាពនេះ​កើតឡើងណាស់»។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន​ បាន​ចាប់ផ្ដើមកើនឡើង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈចលនា​ទ័ពរបស់ខ្លួននៅក្បែរព្រំដែនរបស់ប្រទេសមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ