សំណុំ​រឿង​លោក កឹម សុខា នឹង​ចាប់​ផ្ដើម​ដំណើរការ​ឡើងវិញ​នៅ​ដើម​ឆ្នាំ​ក្រោយ ក្រោយ​ផ្អាក​ប្រមាណ​២ឆ្នាំ

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

តុលាការ​រាជធានីភ្នំពេញ បានកោះហៅអតីត​ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចូលរួ​មសវនាការ​នៅចុងខែមករា ឆ្នាំ២០២២ខាងមុខ ក្រោយពីសំណុំរឿងមួយនេះ តុលាការ​បាន​​ផ្អាក​សវនាការ​ប្រមាណ​២ឆ្នាំ​មក​ហើយ ក្រោមហេតុផលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ក្នុងដីកាកោះហៅឱ្យចូលរួមសវនាការបន្តរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល កាលពីថ្ងៃចន្ទម្សិលមិញ ដែលទើបផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ តម្រូវឱ្យលោក កឹម សុខា ត្រូវចូលរួមសវនាការក្នុងសំណុំរឿង «សន្និដ្ឋិភាពជាមួយបរទេស» នៅព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ២០២២ ជាកំហិត។

ដីកានោះ​សរសេរថា៖ «ជន​ជាប់ចោទត្រូវចូលមកបង្ហាញខ្លួននៅ​ចំពោះមុខតុលាការ តាមដីកាកោះនេះឱ្យបានទាន់ពេលវេលាជាកំហិត»។

លោក កឹម សុខា បាន​រងការចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ឬ «ត្រូវរ៉ូវជាមួយបរទេសចង់ផ្ដួលរំលំ​រដ្ឋាភិ​បាល»។ ​​សំណុំរឿងក្ដីរបស់លោក​​ត្រូវបាន​តុលាការរាជធានី​ភ្នំពេញ លើក​មកជំនុំជម្រះកាលពីអំឡុងខែ​​មករា ឆ្នាំ២​០​​២០​​ ហើយសវនាការនោះក៏បានបន្តនីតិវិធីរហូតដល់ចុងខែ​មីនាឆ្នាំដដែល ទើបតុលាការសម្រេចផ្អាករហូតមក។ បើទោះបីជា​ក្រុម​សហមេធាវីលោក កឹម សុខា បានដាក់លិខិតស្នើសុំទៅតុលាការឱ្យបន្តនីតិវិធីជាច្រើនលើកក្ដី ប៉ុន្តែត្រូវបានតុលាការ​បដិសេធ ក្រោមហេតុផលការឆ្លងរាលដាល​​​ជំងឺកូវីដ-១៩។

គិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលប្រមាណ៤ឆ្នាំមកហើយដែលសិទ្ធិសេរីភាពធ្វើនយោបាយរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានបាត់បង់ទាំងស្រុង ក្រោយពេលលោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅដាក់នៅពន្ធនាគារ​​ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែន​វៀត​ណាម។

២ខែក្រោយ​ការ​ចាប់ខ្លួនលោក កឹម សុខា ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបា​ន​សម្រេច​​រំលាយ​គណបក្សសង្រ្គោះជាតិ​ជា​ស្ថាពរ ខណៈគណបក្សប្រឆាំងធំមួយ​នេះមានសំឡេងអ្នកគាំទ្រប្រហាក់​ប្រហែលគណបក្សកាន់អំណាចពេលនោះ។

ទាំងលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ចំនួន១១៧នាក់ផ្សេងទៀត ត្រូវបានតុលាការកំពូលដាក់បម្រាមធ្វើនយោបាយរយៈពេល៥ឆ្នាំតាំងពីពេលនោះមក ហើយតំណែងអតីតមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ព្រឹទ្ធសភា ក៏ត្រូវដកហូតយកទៅចែកគណបក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតជូនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ