គណៈកម្មការ​អឺរ៉ុប​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ប្រសិនបើ​ប្រទេស​នេះ​ឈ្លានពាន​អ៊ុយក្រែន

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។ (ធ្វីតទ័រ៖ Ursula von der Leyen)

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ប្រសិនបើយោធារបស់ប្រទេសមួយនេះឈ្លានពានអ៊ុយក្រែន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីប្រធាន​គណៈកម្មការ​អឺរ៉ុបរូបនេះដែលបានថ្លែងប្រាប់​សន្និសីទសារព័ត៌មានមួយថា៖ «គ្មានអ្វីដែលត្រូវសង្ស័យនោះទេ ប្រសិនបើរុស្ស៊ីធ្វើសកម្មភាពណាមួយ​ដែល​ជាការ​ឈ្លាន​ពាន​អ៊ុយ​ក្រែន សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មដែលធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើប្រទេសមួយនេះ»។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន​ បាន​ចាប់ផ្ដើមកើនឡើង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មក​លើ​អ៊ុយក្រែន ​តាម​រយៈ​ចលនា​​ទ័ព​របស់​ខ្លួន​នៅក្បែរព្រំដែនរបស់ប្រទេសមួយនេះ។

ទាក់ទិននឹងករណីនេះ ប្រទេសមួយចំនួន ក្នុងនោះមាន អាមេរិក​ និងអាល្លឺម៉ង់ ក៏ធ្លាប់បានព្រមានដាក់វិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរ និងចំណាត់ការផ្សេងទៀតលើរុស្ស៊ី ក្នុងករណីដែលប្រទេសមួយនេះឈ្លានពានអ៊ុយក្រែនផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ី​ធ្លាប់បានបដិសេធ​គម្រោងរៀបចំ​ការ​វាយ​ប្រហារ​ណា​មួយលើអ៊ុយក្រែន ខណៈដែលពួកគេបានលើកឡើងកាលពីពេលកន្លងទៅថា កងទ័ពទាំងឡាយរបស់ពួកគេគឺស្ថិតនៅលើទឹកដីរបស់ខ្លួន ដោយមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ