មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន ធ្វើ​យុទ្ធនាការ​១ម៉ឺនរៀល​ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា

សកម្មភាពមួយរបស់បុគ្គលិកពេទ្យ និងកុមារដែលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារ «បេះដូងជប៉ុន»។ (ហ្វេសប៊ុក៖ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន)

មជ្ឈមណ្ឌលព្យាបាលកុមារ «បេះដូងជប៉ុន» ធ្វើយុទ្ធនាការ «១ម៉ឺនរៀល»​ ដើម្បីរៃអង្គាស​ប្រាក់​ពីសាធារណជន​យកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាដែល​មានជីវភាព​ក្រីក្រ ជាពិសេសប្រើស​ម្រាប់​ជួយ​ដល់ការ​វះកាត់​​​ដល់​កុមារចំនួន៨នាក់ដែលកំពុង​​មាន​​ជំងឺ​មហារីកក្នុងកម្រិត​ធ្ងន់​។​

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានផ្សព្វផ្សាយយុទ្ធនាការនេះលើផេកហ្វេសប៊ុករបស់ខ្លួន កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយបញ្ជាក់ថា ខាងមជ្ឈមណ្ឌលមិនមានលទ្ធភាពសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទាំងនេះទៀតបានទេ បើខ្វះការចូលរួមពីសាធារណជន។​

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បាន​សរសេរក្នុងបណ្ដាញសង្គម​ថា៖ «ក្នុងខែធ្នូនេះ យើងកំពុ​ងធ្វើការវះកាត់ដ៏ស្មុគស្មាញនិងមានទ្រង់ទ្រាយធំដល់កុមារមហារីកចំនួន៨នាក់។ ពិតប្រាកដណាស់ថា អង្គការយើងនឹងមិនអាចធ្វើបានដោយខ្លួនឯងនោះទេ ប៉ុន្តែប្រសិនបើយើងរួមគ្នា យើងនឹងទទួលបានជោគជ័យ»។​

លោកស្រី រុន សុភាព ជាបុគ្គលិកផ្នែករដ្ឋបាលប្រចាំនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានរៀបរាប់ប្រាប់ វីអូឌី ថាដោយសារពលរដ្ឋដែលស្វែងរកការព្យាបាលកើនឡើង ទើបខាង​មជ្ឈមណ្ឌលជួបការខ្វះខាត។​

លោកស្រីថា៖ «កន្លងមក ការព្យាបាលរបស់ខាងយើង គឺទទួលបានជំនួយសប្បុរសធម៌ពីសំណាក់ប្រជាជនជប៉ុន ប៉ុន្តែសព្វថ្ងៃនេះ ដោយសារអ្នកជំងឺមកសម្រាកព្យាបាលមានចំនួនកើនឡើងច្រើនជាងមុន រីឯការចំណាយលើសេវាព្យាបាល​ក៏ចំណាយរឹតតែច្រើនថែមទៀត ជាហេតុនាំឱ្យមជ្ឈមណ្ឌលយើងជួបប្រទះការខ្វះខាត ជាពិសេសការព្យាបាលជំងឺមហារីកកុមារ ត្រូវចំណាយថវិកាច្រើនជាងការព្យាបាលជំងឺផ្សេងៗ ទើបធ្វើឱ្យយើងសម្រេចចិត្តបង្កើតយុទ្ធនាការនេះឡើង»។​

បើតាមលោកស្រី រុន សុភាព ខាងមជ្ឈមណ្ឌលមិនទាន់បូកសរុបចំនួនលុយដែលទទួលបានទេ ប៉ុន្តែនៅលើផេកហ្វេសប៊ុកនេះ គឺមានសប្បុរសជនមួយចំនួនបានថតរូបចំនួនលុយដែលពួក​គេ​ជួយឧបត្ថម្ភ​ដាក់​នៅ​ខាងក្រោម​សារយុទ្ធនាការ «១ម៉ឺនរៀល» នេះជា​បន្តបន្ទាប់ ដោយអ្នកខ្លះជួយ១ម៉ឺនរៀល អ្នកខ្លះជួយដល់ទៅ៤ម៉ឺនរៀល។​

ប្រធានផ្នែកស្រ្តីនិងកុមារ នៃសមាគមការពារសិទ្ធមនុស្សអាដហុក លោកស្រី មាស សាអ៊ីម អំពាវនាវឱ្យសាធារណជននិងស្ថាប័នពាក់ព័ន្ធចូលរួម ដើម្បីជួយដល់ការសង្គ្រោះជីវិតអ្នកជំងឺដែលមានជីវភាពក្រីក្រ ពិសេសស្ត្រីនិងកុមារដែលនៅជួបការលំបាកច្រើន។​

អ្នកស្រីបន្តថា៖ «ខ្ញុំចង់សំណូមពរឱ្យមានការចូលរួមយកចិត្តទុកដាក់លើផ្នែកសុខាភិបាលនេះទាំងអស់គ្នា ទាំងបងប្អូន​ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួយផ្គត់ផ្គង់ទៅដល់វិស័យមួយនេះ ព្រោះវាជាតម្រូវការមួយសំខាន់ខ្លាំងណាស់នៅក្នុងសង្គម»។​

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍​ថា ជាពេលសមស្រប​ដែលកម្ពុជាជួយគ្នាប្រឹងប្រែងបន្ថែមលើការជួយរបស់ជប៉ុននៅពេលកន្លងមក។​

លោកថា៖ «ជប៉ុនគេមានលទ្ធភាព ហើយកន្លងមកគេបានជួយយើងច្រើន តាមរយៈជំនួយសប្បុរសធម៌ផ្សេងៗ ដូច្នេះ ប្រជាជនយើងដែលមានជីវភាពសមរម្យគួរតែនាំគ្នាចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះឱ្យបានច្រើន»។​

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បង្កើតឡើងនៅឆ្នាំ២០០៤ ដោយជនជាតិជប៉ុនម្នាក់ គឺ​លោក​វេជ្ជបណ្ឌិត យ៉ុក ស៊ិអុកាក់ ហ៊ីដេតុ ( Dr. Yoshi O Ka Hideto )។ ដំបូងឡើយ មជ្ឈ​មណ្ឌល​នេះមិនមានអគារផ្ទាល់ខ្លួនសម្រាប់ព្យាបាលជំងឺទេ ប៉ុន្តែ​បាន​សហការជាមួយអគារមន្ទីរពេទ្យរដ្ឋនៅតាមខេត្ត​ក្រុង​នានា​ ពិសេសផ្ដោតលើតំបន់ដាច់ស្រយាល។​ រហូតដល់ឆ្នាំ២០១៦ មជ្ឈមណ្ឌលនេះមានអគារសម្រាប់ព្យាបាលជំងឺផ្ទាល់ខ្លួន ​ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យ​​បង្អែកពញាឮ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល។​

របាយការណ៍របស់មជ្ឈមណ្ឌល អ្នកជំងឺដែលទទួលការព្យាបាលជំងឺទូទៅនិងជំងឺមហារីកដោយឥតគិតថ្លៃ ក្នុង១ឆ្នាំ មានប្រមាណ១ម៉ឺននាក់៕

អត្ថបទ៖ សុន រស្មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ