សង្គមស៊ីវិល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​បញ្ឈប់​ការ​រើសអើង​សហជីព

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

សង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធវិស័យការងារនិងសិទ្ធិមនុស្ស ទទូចឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គា​វើលដ៍បញ្ឈប់ការរើសអើងសហជីព ខណៈស្ថាប័នទាំងនោះ​​ចាត់​ទុក​ថា ​ការ​​បញ្ឈប់​បុគ្គលិក​កាស៊ីណូដែល​ជា​សកម្មជន​​សហជីពជាង៣០០​នាក់ទាំងបង្ខំ ​ជាការរំលោភ​សិទ្ធិមនុស្សនិងវិជ្ជាជីវៈសហជីព។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង១ ០០០នាក់បានបន្តធ្វើ​កូដកម្មនៅមុខក្រុមហ៊ុន​រយៈ​ពេល១៤ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ គិតត្រឹមថ្ងៃ​ទី​៣១ ​ខែ​ធ្នូ​​នេះ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៩ចំណុច ក្នុងនោះរួម​មាន ការទាម​ទារ​​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព សមាជិក​ប្រតិភូបុគ្គលិក និង​កម្មករ​និយោជិត​ចំនួន៣៦៥នាក់​ ដែលមិន​ព្រមទទួល​យក​សំណង​​បញ្ចប់​កិច្ចសន្យា​ការងារ ចូល​បម្រើ​ការងារ​ឡើងវិញ។

អង្គការ​លីកាដូ (Licadho) កាលពីថ្ងៃទី៣០ ខែធ្នូ ម្សិលមិញ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក បង្ហាញពីយុទ្ធនាការ​ទាមទារ​ឱ្យ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បញ្ឈប់ការរើសអើងសហជីព។ បដាទាំងនោះសរសេរថា «ពួកយើងត្រូវការសហជីព សហជីពត្រូវការពួកយើង» «ណាហ្គាវើលដ៍ត្រូវ​បញ្ឈប់​ការលាបពណ៌សហជីព» និង «សិទ្ធិកម្មករ»​ ជាដើម។

នៅថ្ងៃទី៣១ ខែធ្នូនេះ អង្គការ​នេះក៏បានបង្ហោះសារថា៖ «បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍មាន​សិទ្ធិ​ចូល​រួម​ក្នុង​សហជីព​​ដែល​ខ្លួន​គាំទ្រ​និង​ពេញ​ចិត្ត»​

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ អាជ្ញាធរ និងកម្មករ គួរតែស្វែងរកដំណោះស្រាយណាមួយដោយសន្ដិវិធី ត្រឹមត្រូវ និងយុត្តិធម៌ ជាជាងលាបពណ៌ដាក់គ្នាទៅវិញទៅមក។

លោកថា៖ «បើយើងមើលការធ្វើកូដកម្ម គឺគេអាចធ្វើនៅខាងមុខរោងចក្រឬក៏ជាប់របងរោងចក្រ។ ក៏ប៉ុន្តែប្រសិនបើយើងមើលកាស៊ីណូហ្នឹង គឺគាត់ធ្វើជាប់ទៅនឹងផ្លូវទៅហើយ អ៊ី​ចឹងការឈររបស់កូដករអាចឈរនៅលើផ្លូវហ្នឹងដែរ​ អ៊ីចឹង​វាមិនមែនជារឿងអីដែលខុសទាស់ទេ។ តើឱ្យគាត់ទៅឈរនៅត្រង់ណា? បើ​គ្រឹះស្ថានកាស៊ីណូណាហ្គាវើលដ៍ហ្នឹង វាជាប់នឹងផ្លូវហ្នឹងដែរ​​»

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា មើលឃើញថា ភាគីសហជីពបានអនុវត្តតាមនីតិវិធីនៃការធ្វើកូដកម្ម។ លោក​បន្តថា កូដករបានបំពេញលក្ខខណ្ឌនិងជូនដំណឹងដល់អាជ្ញាធរចំនួន៧ថ្ងៃ ដែលថេរវេលានេះគឺលើសពីរយៈពេលដែលច្បាប់កំណត់ ពោលគឺមិនមែនជាកូដកម្មខុសច្បាប់ទេ។

លោក មឿន តុលា ថា៖ «រឿងដែលសំខាន់ អាជ្ញាធរគួរតែព្យាយាមរកវិធីយ៉ាងម៉េចបញ្ចុះបញ្ចូលឱ្យភាគីនិយោជកហ្នឹងបន្ទន់ឥរិយាបថខ្លះមក ឥលូវហ្នឹងបុគ្គលិកណាចង់ចូលធ្វើការវិញ? បើសិនជាគេមិនចង់ចូលវិញ អាហ្នឹងទូទាត់តាមផ្លូវច្បាប់អ៊ីចឹងទៅ។ អាហ្នឹងគឺគេ [សហជីព] មិនដាច់ខាតថា ត្រូវតែយក៣៦៥នាក់ហ្នឹងចូលវិញទេ ប៉ុន្តែអាជ្ញាធរមកដាក់តែសម្ពាធទៅលើខាងភាគីបុគ្គលិក និយោជិតរបស់ណាហ្គាវើលដ៍ហ្នឹង»

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា កម្មករមានសិទ្ធិបញ្ចេញមតិ ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ។ លោកថា បើកម្មករមិនពេញចិត្ត ពួក​គេអាចប្ដឹងទៅតុលាការ។ យ៉ាងណា លោកថា បណ្ដឹងនោះទាមទារឱ្យមានការអនុវត្តទៅតាមច្បាប់ការងាររបស់កម្ពុជា​។

លោកបានគូសបញ្ជាក់​ថា៖ «កម្មករត្រូវការអ្នកបណ្ដាក់ទុន​ ក៏ដូចជារដ្ឋាភិបាលក៏ត្រូវការអ្នកបណ្ដាក់ទុន។ ​ក៏ប៉ុន្តែជាមួយនោះក៏ត្រូវការគោរពច្បាប់ ទាំងក្រុមហ៊ុនត្រូវគោរពច្បាប់ កម្មករក៏ត្រូវគោរពច្បាប់ ​ហើយប្រសិនបើការអនុវត្តខុសច្បាប់ ទៅតាមមនោសញ្ចេតនា គឺយើងខ្ញុំមិនគាំទ្រឡើយ»

សហព័ន្ធសហជីពកម្ពុជា (CATU) នៅថ្ងៃទី៣១ ខែធ្នូនេះ បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញការសោកស្ដាយ ដោយ​ថា ក្រសួងការងារបានបរាជ័យក្នុងការសម្របសម្រួលវិវាទការងាររបស់បុគ្គលិកកម្មករនិយោជិតអស់រយៈពេលជាង៨ខែមកហើយ និង​បានព្យាយាមអូសបន្លាយវិវាទការងារនេះរហូតមកដល់ពេលបច្ចុប្បន្ន។

សហជីពនេះ​បន្ថែមថា រហូតមកដល់ពេលនេះ កម្មករនិយោជិតសរុបជិត២ ០០០នាក់បានកំពុងតែធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារបុគ្គលិក រួមទាំងថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិក សរុប៣៦៥នាក់ចូលធ្វើការវិញ។

សហព័ន្ធសហជីពកម្ពុជា បានបង្ហាញជំហរគាំទ្រការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់បុគ្គលិកនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយចាត់ទុកថា ជាការធ្វើកូដកម្មដោយសន្តិវិធីដែលធានាដោយរដ្ឋធម្មនុញកម្ពុជា ច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលបានចុះបញ្ជីការនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមជាស្ថាប័នវិជ្ជាជីវៈ ឯករាជ្យ ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតនៅកន្លែងការងារ។

សហព័ន្ធសហជីពកម្ពុជា សរសេរថា៖ «យើងមានការខកចិត្តយ៉ាងខ្លាំងចំពោះដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថា កូដកម្មនេះគឺជាកូដកម្មខុសច្បាប់ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានធ្វើការចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាប់ និងចាត់ទុកការធ្វើកូដកម្មដោយសន្តិវិធីនេះជាសកម្មភាពខុសច្បាប់ ដែលធ្វើឱ្យសាធារណៈជនមានការភ័ន្តច្រឡំ និងជាការមិនអាចទទួលយកបាន»

សហព័ន្ធសហជីពកម្ពុជា បានអំពាវនាវដល់ក្រុមហ៊ុនណាហ្គាវើលដ៍ជួបចរចាជាមួយកម្មករនិយោជិត ដោយភាពស្មោះត្រង់និងអាចទុកចិត្តបាន ព្រមទាំងស្នើក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា​អាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី និងអាចទទួលយកបានដោយភាគីទាំងសងខាង។

រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ម្សិលមិញ បានជូនដំណឹងមួយដោយអំពាវនាវឱ្យបុគ្គលិកណាហ្គាវើលដ៍បញ្ឈប់សកម្មភាពតវ៉ា ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈសម្រាប់ពលរដ្ឋទូទៅនៅក្នុងថ្ងៃឆ្លងសកល២០២១ ឈានចូលឆ្នាំ២០២២។

អាជ្ញាធរអះអាងថា អតីតកម្មករនិយោជិតខាងលើពុំបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នោះទេ បើទោះបីជាមានការខិតខំសម្របសម្រួលរកដំណោះស្រាយជាបន្តបន្ទាប់ ទាំងនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈយ៉ាងណាក្ដី។

យ៉ាងណា សកម្មជនសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ លោក ប៉េង សោភា លើកឡើងនៅថ្ងៃនេះថា បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ​ប្រាប់ឱ្យពួកគាត់​បញ្ឈប់​សកម្មភាព​តវ៉ា ដើម្បី​រក្សា​របៀប​រៀបរយ​នាថ្ងៃឆ្លងឆ្នាំក៏ដោយ ក៏កម្មករមិនអាចសម្រាកធ្វើកូដកម្មបានទេ ព្រោះមិនទាន់បាន​ដំណោះស្រាយ។

លោកថា៖ «កម្មករគាត់មកធ្វើកូដកម្មធម្មតា គឺគាត់អត់បានសម្រាកឬអីទេ ព្រោះដោយសារគាត់មិនទាន់បានភាពយុត្តិធម៌។ អ៊ីចឹងចង់ស្នើសុំ ប្រសិនបើសាលាក្រុងគាត់ចង់​កុំឱ្យមានខូចសណ្ដាប់ធ្នាប់ឬកុំឱ្យប៉ះពាល់អ្នកដទៃ សុំឱ្យគាត់ហ្នឹងជួយជំរុញការចរចាឱ្យបានប្រញាប់ទៅ អ៊ីចឹងវាអត់មានរឿងអីទៅប៉ះពាល់ដល់អ្នកដទៃ ឬប៉ះពាល់ដល់សាធារណៈ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ