ប្រជាសហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​ការពារ​ព្រៃឡង់​ដូច​ករណី​បឹងទន្លេសាប

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ ស្នើរដ្ឋាភិបាល​ឱ្យចាត់មន្ត្រីជំនាញចុះទៅសិក្សាពី​មហន្តរាយ​នៃកា​រកាប់​បំផ្លាញ​ព្រៃ​ឈើនៅក្នុងតំបន់នោះ ដោយ​កុំទុក​ឱ្យ​ហួស​ពេលហើយ​ទើប​មាន​វិធានការ​ទប់​ស្កាត់​ ដូចករណីទន្ទ្រានព្រៃលិចទឹកនៅ​បឹងទន្លេសាប។​

ការលើកឡើងនេះបន្ទាប់ពីប្រជាសហគមន៍ទាំងនោះបានចុះល្បាតនៅចុងឆ្នាំ២០២១ រកឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើនៅតំបន់ព្រៃឡង់បានកើតឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ និង​​អ្នកមានឥទ្ធិពលមានប្រាក់​និងមានអំណាចនៅពីក្រោយសកម្មភាពទាំងនោះ។ ប្រជាសហគមន៍ទាំងនោះលើកឡើងថា បើមិនមានការទប់ស្កាត់ឱ្យ​បានទាន់ពេល​​ទេ យ៉ាងយូរត្រឹម៣ទៅ៤ឆ្នាំទៀត ឈើល្អនៅព្រៃឡង់នឹងអស់។​

សមាជិកបណ្ដាញសហគមន៍​ព្រៃឡង់នៅ​ខេត្តព្រះវិហារ លោក ហ៊ីង យឺន ថ្លែងថា ក្រុម​របស់លោក​បាន​ចុះល្បាត​ចំនួន២ដង នៅក្នុងខែធ្នូ ​ឆ្នាំ​២០២១ ហើយ​រក​ឃើញ​ថា សកម្មភាព​កាប់ឈើ​ទ្រង់​ទ្រាយ​ធំ​កើត​ឡើង​ដោយ​បើក​ចំហ​ ពិសេស​នៅ​ក្នុង​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន។​

លោក​បានអំពាវនាវ​ដល់​រដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដែលមានសមត្ថកិច្ចគ្រប់គ្រងព្រៃ​នេះ ឱ្យ​បើក​ការ​ស្រាវ​ជ្រាវ​រក​ជន​ល្មើស​ទាំង​នោះ​មកពិន័យ​តាម​ផ្លូវ​ច្បាប់ ដូច​អ្វី​ដែល​រដ្ឋាភិបាល​បានបង្រ្កាប​លើ​អ្នក​ដែល​បាន​កាប់​ទន្ទ្រាន​ព្រៃលិច​ទឹកដោយខុសច្បាប់ដែរ។

លោក ហ៊ីង យឺន និយាយថា៖ «ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល ឱ្យគាត់ជួយពង្រឹង​ច្បាប់​នេះ ​[ច្បាប់ការពារ​សម្បត្តិធនធាន​ធម្មជាតិ] ឱ្យបាន​​ច្បាស់ ហើយ​​​ការ​​ការ​​ពារ​ឱ្យ​បាន​មុត​មាំ។ បើសិនធ្វើ [ការអនុវត្តច្បាប់] ដូច​បច្ចុប្បន្ន​នេះ ខ្ញុំគិតថាមិន​​មា​ន​អ្វី​ខ្លាំង​ពូកែ​ទេ អ្នក​ការ​ពារ​ព្រៃ​ដូច​មន្រ្តី​ជា​អ្នក​មាន​ប្រាក់​ខែ ធ្វើទៅលើការការពារ​ព្រៃឈើហើយ តែ​មាន​បទល្មើស​ដឹក​ឈើ [បន្តកើតមាន] ទាំងយប់​ទាំងថ្ងៃដដែល»។

ប្រជាពលរដ្ឋនៅសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ​​ម្នាក់ទៀត លោក ឃុត សឿម ថ្លែង​​ថា សម្បត្តិ​ធន​ធាន​ធម្មជាតិ​នេះបាន​​ផ្ដ​ល់​​សារៈប្រយោជន៍ជា​ច្រើន​ដល់​ប្រជាពលរដ្ឋទូទាំងពិភពលោក ក្នុងនោះ ជួយ​ការពារការ​ប្រែប្រួល​អាកាសធាតុ និង​បានរួមចំណែកផ្នែកសេដ្ឋកិច្ចកម្ពុជា​ តាមរយៈការលក់កាបូនទៅបណ្ដាប្រទេសមួយចំនួននៅអាស៊ីផងដែរ។ លោកបន្តថា មន្ត្រី​ការពារព្រៃឈើ​បច្ចុប្បន្ន​គ្មាន​ចំណាត់ការរឹងមាំទេក្នុងការ​ការពារ​ព្រៃ​ឈើ​​ ជា​ពិសេសនៅ​តំបន់ព្រៃឡង់ ដែលអាចឈានដល់ការ​បាត់បង់ព្រៃឈើ​នៅពេលឆាប់ៗខាង​មុខ​។​

លោក ឃុត សឿម និយាយថា៖ «បើសិនជារដ្ឋាភិបាលគាត់មិនយកចិត្តទុកដាក់ទប់ស្កាត់ជាបន្ទាន់ទេ ព្រៃឡង់វា​អាច​រង​នូវ​ការ​បាត់​បង់និងការហិនហោចនៅរយៈពេលដ៏ខ្លីខាងមុខ […] ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយការពារទប់ស្កាត់ព្រៃឈើទាំងអស់​ មិនថាតំបន់ណាក៏ដោយ ឱ្យតែផលប្រយោជន៍ជាតិយើង សូមឱ្យមានចំណាត់ការដូចគ្នា»។

លោក ឃុត សឿម សង្កេត​ឃើញដែរថា បើទោះជាកន្លងមក មន្ត្រីពាក់ព័ន្ធមិនបានទប់ស្កាត់ការទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ប៉ុន្តែចំណាត់ការដកហូតដីបឹងទន្លេសាបមកវិញ​ក្នុង​​មួយរយៈចុងក្រោយ ហាក់មានប្រសិទ្ធភាព។​

បន្ថែមពីនេះ ប្រជាសហគមន៍ព្រៃឡង់ម្នាក់ទៀតនៅខេត្តព្រះវិហារ​ដែរនោះ លោក ស្រី ថី ថ្លែងថា ទន្ទឹមនឹងរដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹងលើករណីបឹងទន្លេសាបហើយ ក៏គួរតែចាប់ផ្ដើមធ្វើដូចគ្នាលើតំបន់ព្រៃឡង់ ដោយ​លោកថា កុំចាំទាល់តែបាត់បង់អស់ទើបមានវិធានការ។

​លោកបន្តថា៖ «ខ្ញុំចង់ឃើញណាស់​ មន្រ្តីរដ្ឋាភិបាល​ខ្នះ​ខ្នែងយក​ចិត្ត​ទុក​ដាក់​ងាក​មក​ការពារនិងទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ ឱ្យ​ដូចអ្វីដែលរដ្ឋាភិបាលកំពុងធ្វើទៅលើតំបន់បឹងទន្លេសាបផង។ កុំនាំគ្នាធ្វើតែខាងនោះ បិទភ្នែកមិនមើលមកព្រៃឡង់ឱ្យ​សោះ»។

លោក ស្រី ថី ក៏​ស្នើឱ្យមន្ត្រី​ថ្នាក់​លើ​ពិនិត្យលើការងាររបស់មន្ត្រីថ្នាក់ក្រោម ជុំវិញបទល្មើសដែលលោកថាបាន​​កើត​ឡើងដោយ​បើកចំហ ហើយមិនមានការទប់ស្កាត់នេះផងដែរ។​

លោកបន្តថា៖ «វាមានតែរដ្ឋាភិបាលគួរចាប់អារម្មណ៍​មែនទែន​ពីបញ្ហាព្រៃឡង់ ជាពិសេស​គឺពិនិត្យ​ទៅ​លើ​មន្រ្តីគ្រប់​គ្រង​តំបន់​អភិរក្ស​នេះ ដោយសារ​ពួកនោះហើយ​ដែល​បណ្ដោយឱ្យមានបទល្មើសចូលហូរហែ ហើយគេហាមក្រុមបណ្ដាញព្រៃឡង់អត់ឱ្យ​ចុះល្បាតជិតពីរឆ្នាំហើយ ប៉ុន្តែពួកខ្ញុំទៅហ្នឹងគឺប្រថុយជីវិតចូលទេ»។

ប្រជាសហគមន៍ព្រៃឡង់ ឱ្យដឹង​ថា ក្នុង​រយៈ​៩ថ្ងៃ​នៅក្នុងខែធ្នូ ឆ្នាំ២០២១ ពួកគេបានចុះល្បាតនៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ រកឃើញបទល្មើសជាង៦០០ករណីដែលកើត​ឡើង​ជាលក្ខណៈ​ក្រុមហ៊ុន មានរចនាសម្ព័ន្ធ និងសម្ភារគ្រប់គ្រាន់សម្រាប់ការ​កាប់ឈើ។

ព្រៃឡង់​ មាន​ផ្ទៃដី​ប្រមាណ​៥០​​ម៉ឺន​ហិកតា ​​គ្របដណ្ដប់​ខេត្ត​ចំនួន​៤ ​រួមមាន ខេត្ត​​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា​ ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។​​

ពាក់ព័ន្ធនឹងរឿងនេះដែរ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន លើកឡើងថា ព្រៃឡង់រងការកាប់បំផ្លាញស្ទើរគ្រប់តំបន់ មិនមែនតែនៅក្នុងតំបន់ខេត្តព្រះវិហារនោះទេ។ លោកបន្តថា រាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ក្នុងការថែរក្សាការពារឱ្យមាននិរន្តរភាព ស្របតាមគោលដៅនៃកម្មវិធីព្រៃឈើជាតិឆ្នាំ២០១០-២០២៩ ។

លោកថ្លែងថា​៖ «ប្រសិនបើរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការថែរក្សាការពារព្រៃឡង់ [ទី]១ រាជរដ្ឋាភិបាល​ត្រូវផ្ដល់ភាពងាយ​ស្រួលដ​ល់​ប្រជាសហគមន៍ សកម្មជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ក្នុងការរួមចំណែកក្នុងការការពារព្រៃឡង់ដោយមិនមានលក្ខខណ្ឌ និងទី២ រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលការពារ ជាពិសេសក្រសួងបរិស្ថាន ត្រូវតែរឹតបន្តឹង​ការ​អនុវត្ត​ច្បាប់ ដោយមិនមានការលើកលែងចំពោះជនល្មើសគ្រប់ទម្រង់»។

លោក អូត ឡាទីន បន្ថែមទៀតថា មន្រ្តីរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ត្រូវតែចុះស៊ើបអង្កេតនិងស្រាវជ្រាវអំពីបទល្មើសការកាប់ទន្រ្ទានព្រៃឈើក្នុងតំបន់ព្រៃឡង់ ឱ្យ​ដូចទៅនឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើនៅតំបន់បឹងទន្លេសាបផង។

ប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច​ ជាអ្នកដឹកនាំក្រុមស្រាវជ្រាវការទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប មិនឆ្លើយសំណួរថាមានគម្រោងសិក្សាពីការកាប់បំផ្លាញព្រៃឡង់ឬអត់ទេ ប៉ុន្តែលោកចោទប្រកាន់ថា ព្រៃឈើបាត់បង់គឺសហគមន៍ជាអ្នកបំផ្លាញ។​

លោកថ្លែងថា៖ «អ្នកដែលបំផ្លាញហ្នឹងគឺសហគមន៍ហ្នឹងហើយ! ដោយយល់ល្អ លោកត្រូវតាមដានសាច់រឿងហ្នឹងឱ្យ​បានច្រើនទៅ ខ្ញុំគ្រាន់តែនិយាយនូវ​អ្វីដែលខ្ញុំបានធ្វើទេ ហើយបើមិនជឿទេ សាកទៅកន្លែងខ្ញុំតែម្ដងទៅ ដឹងហើយ! អ្នកដែលបំផ្លាញហ្នឹង គឺសហគមន៍ហ្នឹងតែម្ដង»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យ​គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាប​បទល្មើសព្រៃឈើ លោក អេង ហ៊ី ថ្លែងថា មន្ត្រីពាក់ព័ន្ធកំពុងតែបន្តសកម្មភាពបង្រ្កាបនិងរឹបអូសយកដីព្រៃលិចទឹកមកវិញ។ លោកបន្តថា សកម្មភាពគឺមិនទាន់កំណត់ថាបញ្ចប់នៅពេលណានោះទេ ហើយក៏នៅមិនទាន់បូកសរុបចំនួនដីដែលបានរឹបអូសមកវិញ និង​ចំនួនមនុស្សដែលត្រូវចាប់ខ្លួនដែរ។​

លោក អេង ហ៊ី ថ្លែងបន្តថា៖ «តាមបទបញ្ជា អត់មានបញ្ចប់ផង! យើងធ្វើការងារនេះរហូតដល់រក្សាបានព្រៃឈើវិញ»

យុទ្ធនាការបង្រ្កាបការទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប មានការពាក់ព័ន្ធច្រើនចាប់ពីថ្នាក់ដឹកនាំខេត្ត រហូតដល់ពលរដ្ឋធម្មតា។ លោក សុខ ទូច អះអាងថា គ្រាន់តែនៅក្នុងខេត្តកំពង់ធំមួយមានការទន្ទ្រានព្រៃលិចទឹកជាង១០ម៉ឺនហិកតា។

បញ្ហាទាំងនេះ នាំឱ្យអ្នកការពារព្រៃឈើមួយចំនួនជំរុញឱ្យមានចំណាត់ការបន្ទាន់លើព្រៃឡង់​ ដូចករណីនៅបឹងទន្លេសាប។​​

ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានលើកឡើងថា ប្រជាសហគមន៍ព្រៃឡង់ទាំងនោះមិនមែនធ្វើដើម្បីចូលរួមការពារព្រៃនោះទេ គឺធ្វើឡើងដើម្បីបំពេញតាមតម្រូវការម្ចាស់ជំនួយ។ លោកបន្ត​ថា ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងការពារនិងអភិរក្សធនធានធម្មជាតិ​នៅតាមតំបន់ការពារធម្មជាតិ​នានា ក្នុងនោះក៏មាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ប្រកបដោយកា​រទ​ទួល​ខុស​ត្រូវ វិជ្ជា​ជីវៈ ហើយ​បទ​ល្មើស​ទ្រង់​ទ្រាយ​ធំ​មិន​កើត​មានទៀត​ទេ។​

លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ចំពោះរបាយការណ៍ឬការព្រួយបារម្ភដែលលើកឡើងពី​បណ្ដាញ​​សហគមន៍​ព្រៃឡង់​ ដែលជាអង្គការចាត់​តាំង​ធ្វើការ​ក្រៅច្បាប់ គឺសម្រាប់តែបម្រើឱ្យការចង់បានរបស់ម្ចាស់ជំនួយរបស់ខ្លួនតែប៉ុណ្ណោះ មិនឆ្លុះ​បញ្ចាំង​ពី​ការងារគ្រប់គ្រង​ធនធានធម្មជាតិជារួមនោះឡើយ»។

​របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក បង្ហាញថា នៅក្នុងឆ្នាំ២០១៩ សកម្មភាពកាប់បំផ្លាញព្រៃឡង់​កើនឡើងជាង៧០ភាគរយ​ បើប្រៀប​ធៀប​ជាមួយ​ឆ្នាំ​មុនៗ។​ ការសិក្សានេះឱ្យដឹងទៀត​ថា ចាប់ពីឆ្នាំ​២០០០ ដល់​ឆ្នាំ២០១៩ ព្រៃ​ឡង់​បាត់​បង់​អស់​ប្រមាណ៤៧ ៤០០ហិកតា។

ចំណែកបណ្ដាញសហគមន៍ព្រៃឡង់ ក៏បង្ហាញរបាយការណ៍នៃការកាប់បំផ្លាញព្រៃឡង់ទ្រង់​ទ្រាយធំ​ជា​បន្តបន្ទាប់ដែរ។ ប៉ុន្តែរបាយការណ៍សហគមន៍ និង​របាយការណ៍ស្ថា​ប័ន​បរទេស​​នានា ត្រូវ​បាន​តំណាង​រដ្ឋាភិបាល​ច្រាន​ចោល​ជា​បន្ត​បន្ទាប់​ ដោល​ថាជារបាយការណ៍​មិន​បាន​សិក្សា​ត្រឹម​ត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ