ស្ត្រី​ដើម​បណ្តឹង​ជំរុញ​ឱ្យ​ចាប់​ខ្លួន​មន្ត្រី​ដែល​ធ្វើ​ទារុណកម្ម​ប្អូន​ប្រុស​រហូត​​​ដល់​​ស្លាប់​​ឱ្យ​បាន​ឆាប់​

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ស្ត្រី​ជាដើម​បណ្តឹង​បារម្ភ​ថា ក្រុម​មន្ត្រី​នៅ​ស្រុកសង្កែ ខេត្តបាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ប្អូន​ប្រុស​រហូត​ស្លាប់​នោះ​ នឹង​មិន​ត្រូវ​បាន​គេ​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោសទេ ខណៈវិធានការ​បាន​អូសបន្លាយ​ជិត ១ ឆ្នាំ​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ស្នើ​អគ្គស្នង​ការ​នគរបាល​ជាតិ បើក​ការ​ស៊ើប​អង្កេត​បន្ថែម ដើម្បី​រក​ការ​ពិត​ និងនាំខ្លួន​មន្ត្រី​ពាក់​ព័ន្ធ​មក​ទទួលទោស តាម​បណ្តឹង​ពី​ក្រុម​គ្រួសារ​សព។

បើតាម​ការ​វាយ​តម្លៃ​ជំហានដំបូង ក្រោយ​ពីការ​ចុះស៊ើបអង្កេត​ដល់​កន្លែង​កើត​ហេតុ និង​សា​កសួរ​គ្រប់​ភា​គីពាក់​ព័ន្ធ គណៈកម្មាធិការនេះ បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​សង្ស័យ ពេជ្រ ធារ៉េត អំឡុងពេ​លឃុំ​ខ្លួន ​នៅអធិការដ្ឋាន​​នគរបាល​ស្រុកសង្កែនោះ អា​ចជា​ប់ពាក់​ព័ន្ធនឹង​ការ​ធ្វើទារុណកម្មពីមន្ត្រីនៅទីនោះ។

គណៈកម្មាធិការនេះ​បញ្ជាក់​ដូច្នេះ​ថា៖ «ករណី​នេះអាច​មាន​ការ​ធ្វើទារុណកម្ម​ស្រាល ឬធ្ងន់ទៅលើ​ជន​សង្ស័យ​ អំឡុង​ពេល​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកសង្កែ ខណៈពេល​ដែល​ជនសង្ស័យ​កំពុង​មាន​អាការៈឡេះឡះរំខាន​ដល់ម​ន្ត្រី​​នគរ​បាល​នៅ​ទីនោះ»

ក៏ប៉ុន្តែ អ្នកស្រី ពេជ្រ លីណា បងស្រីបង្កើត របស់សព ពេជ្រ ធារ៉េត និងជាដើមបណ្តឹង ប្រាប់VOD នៅថ្ងៃសុក្រថា គាត់បារម្ភថា នគរបាលស្រុកសង្កែ ដែលជាស្ថាប័នជំនាញរកឃើញ អាចនឹងមិនត្រូវគេចាប់ខ្លួនយកទៅផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឱ្យប្អូនប្រុស​គាត់នោះទេ។

ស្ត្រីរូបនេះសម្អាងថា ច្រើនខែមកនេះ គាត់បានឡើងទៅក្រសួងមហាផ្ទៃប្រមាណជា៧ដងរួចមកហើ​យ ដើម្បីចង់ដឹងពីចំណាត់ការនេះ ប៉ុន្តែថា មន្ត្រីនៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ដែលទទួលភារកិ​ច្ច​ចាត់វិធានការបន្តនោះ ​​ប្រាប់ត្រឹមថា ពួកគេបានសាកសួរ មន្ត្រីពាក់ព័ន្ធដែលគាត់​បានប្តឹងហើយ  តែថាចំណាត់ការយ៉ាងណានោះ ស​ម្រេចនៅលើថ្នាក់លើ។

អ្នកស្រីថា៖ «ការយឺតយ៉ាវរកយុត្តិធម៌ឱ្យប្អូនខ្ញុំនេះ គឺយូរហើយ អ៊ីចឹងខ្ញុំបារម្ភថា អ្នកដែលប្រព្រឹត្តហ្នឹង នៅក្រៅសំណាញ់ច្បាប់មិនអាច​ទទួលទោសនឹងទី១។ ទី២ទៀត បើសិនជារឿងប្អូនខ្ញុំនេះស្លាប់នៅក្នុងដៃសមត្ថកិច្ចជាក់ស្តែងក្នុងពេលឃុំខ្លួនសួរចំលើយ ហើយសាកសព​មានស្លាកស្នាមប៉ុណ្ណឹងហើយ មិនមានច្បាប់ដាក់ទោសទៅលើនគរបាលស្រុកសង្កែដែលធ្វើទារុណកម្មប្អូនខ្ញុំទេ ប្រាកដជាមានទៅលើគ្រួសារ​ដទៃទៀត»

ស្ត្រីរូបនេះ ឱ្យដឹងទៀតថា រូបថតជាច្រើនសន្លឹក បង្ហាញពីស្នាមជាំ នៅលើដងខ្លួន ផ្ទៃមុខ និងដៃជើង លើសាកសពប្អូនប្រុស ជាវត្ថុតាងនោះ ក៏បានប្រគល់ជូនមន្ត្រីពាក់ព័ន្ធក្រ​សួ​ងមហាផ្ទៃអស់ហើយដែរ តែថា នៅតែមិនទាន់ករឃើញមានចំណាត់ការនៅឡើយ។

អ្នកស្រីថា៖ «ខ្ញុំសំណូមពរទៅស្ថាប័នជំនាញដែលទទួលរបាយការណ៍ចុងក្រោយសូមលោកមេត្តាពន្លឿ​ន ផ្តល់យុត្តិធម៌ឱ្យប្អូនខ្ញុំមក ព្រោះប្អូន​ខ្ញុំ​ស្លាប់នេះ វាជិត ៣០០ ថ្ងៃហើយហើយស្លាប់ដោយមានស្លាកស្នាម គឺមើ​លឃើញជាក់ស្តែង អ៊ីចឹងសូមផ្តល់យុត្តិធម៌ចាប់​ជនល្មើសដែល​ធ្វើ​ទារុណកម្មលើប្អូនខ្ញុំនេះមកផ្តន្ទាទោ​​សតាមច្បាប់»

ស្ត្រីម្នាក់ទៀតដែលត្រូវជាអុំបង្កើតរបស់សព ពេជ្រ​ ធារ៉េត គឺអ្នកស្រី ម៉ម សំអូន  ឱ្យដឹងដែរថា គាត់ជាអ្នកទៅយកសពដោ​យផ្ទាល់ ហើ​យ​ឃើញស្នាមជាំនៅលើដងខ្លួនក្មួយប្រុស និងមានឈាមហូរតាមត្រចៀក។

ស្រ្តីអាយុ ៦១ ឆ្នាំរូបនេះបញ្ជាក់ថា គាត់ក៏បានប្រាប់មន្ត្រីនៅក្រសួងមហាផ្ទៃ ដែលបានកោះហៅគាត់មកសា​កសួ​រពីបញ្ហានេះដែរ ប្រមាណជា ២ ទៅ ៣ ខែមុន តែមិនទទួលបានដំណឹង ពីការចាប់ខ្លួនធ្វើទារុណកម្មក្មួយប្រុសដែលបានស្លាប់នោះទេ។

អ្នកស្រីថា៖ «គេហៅខ្ញុំទៅផ្តល់ចំលើយផ្តល់អី ដល់ភ្នំពេញដល់អី។ ខ្ញុំសុខចិត្តលះបង់ពេលវេលាទៅឆ្លើ​​យបំភ្លឺអីហើយ ក៏នៅតែអត់ឃើញមាន​បាន [ចំណាត់ការ] អីផង (បងមានការព្រួយបារម្ភយ៉ាងម៉េចទេ បើ​​គេ​ចេះ​តែអូសបន្លាយ?) ទេព្រួយបារម្ភថា គេមិនរក [យុត្តិធម៌] ឱ្យយើង​តែម្តងហ្នឹងណា»

VOD មិនអាចសុំការបញ្ជាក់ពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃក្រសួងមហាផ្ទៃពីលោក ង៉េង ជួ បានទេ នៅថ្ងៃសុក្រនេះ ខណៈនាយការិយាល័យព្រហ្មទណ្ឌនៃនាយកដ្ឋានេះ គឺលោក ហែម បូណា អះអាងថា​ ទូរសព្ទស្តាប់មិនបាន បន្ទាប់មកលែងមានអ្នកទទួល។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា កត់សម្គាល់ថា ចំណាត់ការនេះ ហាក់ផ្ទុយគ្នាទៅនិងចំណាត់ការ លើពលរដ្ឋ​សាមញ្ញ​ដែលតវ៉ារឿងដីធ្លីក្នុងប្រទេសកម្ពុជា ដែលអាជ្ញាធរចាត់វិធានលឿន។

ការណ៍នេះលោកជំរុញទៅក្រសួងពាក់ព័ន្ធឱ្យពន្លឿនចំណាត់ការ ដើម្បីបង្ហាញថា ការអនុវត្តច្បា​ប់គ្មានការរើសអើង និងបង្ហាញពីការប្តេជ្ញាចិត្ត​ពង្រឹងនីតិរដ្ឋនៅកម្ពុជា ដូចការអះអាងរបស់រដ្ឋាភិបាល។

លោកថា៖ «បើសិនជាយើងអូសបន្លាយពេលវេលអ៊ីចឹង វាប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌ ព្រោះប្រជាពលរដ្ឋក៏លោក​ត្រូវការ​យុត្តិធម៌ដែរ»

យ៉ាងណាអ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ផ្តល់ជាយោបល់ថា ក្រសួងពាក់ព័ន្ធ គួរបង្ហាញតម្លាភាពពីសេវាយុត្តិធម៌ ដើម្បីឱ្យពលរដ្ឋមាន​ជំនឿលើប្រព័ន្ធច្បាប់។

សូមរំឭកថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីនគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ខ្លួនលោក ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ រស់នៅ​ក្នុង​ភូមិ​បោះពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រោយពីមានតម្រុយថា គាត់ជាអ្នករៀបចំគម្រោងសម្លាប់ប្រពន្ធដោយ​ឆក់​ខ្សែ​ភ្លើង។

ប៉ុន្តែជនសង្ស័យរូបនោះ បានស្លាប់នៅថ្ងៃដដែល ក្រោយពីបញ្ជូន​ចេញពីអធិការ​ដ្ឋាន​ន​គរ​បាល​ស្រុ​ក​សង្កែ យក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះ ក្រុមគ្រួសារសព គឺអ្នកស្រី ពេជ្រ លីណា បានប្តឹងចោទមន្ត្រីនគរបាលពាក់ព័ន្ធថាបានធ្វើទា​រុ​ណ​កម្មប្អូនប្រុសរបស់ខ្លួនរហូតដល់​ស្លាប់ ដើម្បីស្វែងរកយុត្តិធម៌ ដោយសម្អាងទៅលើស្នាមជាំនៅលើដងខ្លួន និង​មាន​ឈាម​ហូរ​តាម​ត្រចៀកនិងមាត់ ពេលយកសពទៅដល់ផ្ទះ។

ក្រោយមក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៃក្រសួងមហាផ្ទៃ បានចុះស៊ើបករណី​នេះតាមពា​ក្យ​​​បណ្តឹងរបស់អ្នកស្រី ពេជ្រ លីណា។ បើទោះជាការស៊ើបអង្កេតបឋម​បាន​រកឃើញថា​ ការស្លាប់របស់ជនសង្ស័យ​អាចជាប់ពាក់​​ព័ន្ធនឹង​​ការ​ធ្វើ​ទារុណ​កម្មក៏ដោយ ក៏​គណៈ​កម្មាធិការជាតិរបស់រដ្ឋាភិបាលមួយ​​នេះនៅ​មិនទាន់បញ្ជូនករណីដែល​បាន​រកឃើញ​នេះ​ទៅតុលាការ ដើម្បីចាត់វិធានការច្បាប់នៅឡើយ​​ទេ ដោយស្នើទៅអគ្គស្នងការដ្ឋាននគ​របា​លជា​តិបើក​ការស៊ើបអង្កេតបន្ថែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ