នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូសជំរុញ ក្រោយ​«អូមីក្រុង»​ឆ្លង​ចូល​សហគមន៍​៤ករណី

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខ​រដ្ឋាភិបាលបញ្ជា​ទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការចាក់វ៉ាក់សាំងដូស​ជំរុញឱ្យ​បានលឿន ដើម្បីទប់​ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ខណៈវីរុសនេះបានឆ្លងចូលសហគមន៍ចំនួន៤ករណី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា កម្ពុជាបានរកឃើញករណី​ឆ្លង​ជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង» ក្នុងសហគមន៍ចំនួន៤ករណីហើយ​​គិតត្រឹមព្រឹក​ថ្ងៃ​ចន្ទនេះ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីធ្វើឡើ​ង​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពី​ខេត្ត​បាត់ដំបង ទៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ត​ថា៖ «ខេត្តនីមួយៗត្រូវតែ​ខិត​ខំ​ខ្លួន​ឯង ដើម្បី​ឱ្យ​ដំណើរ​​ការ​ចាក់​អាដូស​ទី៣ ដើម្បី​ដើរ​ឱ្យទាន់​ពេល​អាអូមីក្រុង​នេះ ដែលវាកំពុងឈានចូលក្នុងសហគមន៍ អត់​មាន​ជម្រើសឱ្យ​ល្អជាងហ្នឹងទេៗ។ អ៊ីចឹង​​គ្រប់ខេត្តទាំងអស់ត្រូវខិតខំ​ដើម្បីជំរុញល្បឿននៃការចាក់អាដូសទី៣ហ្នឹង»។

អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​ចូល​សហគមន៍​នៃវីរុសបំប្លែងថ្មី «អូមីក្រុង» ក្រសួង​សុខាភិបាល​មាន​​គោល​ការណ៍​បង្កើនល្បឿនការចាក់វ៉ាក់សាំងដូសជំរុញ​ឱ្យបានឆាប់តាមដែលអាចធ្វើបាន។

លោកថា៖ «សំខាន់បំផុតគឺពេលហ្នឹង អ្នកដែលត្រូវចាក់ដូសជំរុញ គឺត្រូវចាក់​ឱ្យបា​ន​លឿន! ហើយ​អនុវត្តន៣កុំ​៣ការ​ពារ​ហ្នឹង គឺ​យើង​ត្រូវ​តែ​ប្រកាន់​អាហ្នឹង»។

អនុប្រធាន​មន្ទីរ​ពេទ្យហ្លួងម៉ែ លោក​ឧត្តមសេនីយ៍​ទោ ចាន់ ដារ៉ាវុទ្ធ លើកឡើងថា នៅមន្ទីរ​ពេទ្យហ្លួង​ម៉ែ​ ​ក៏មាន​អ្នកជំងឺអូមីក្រុងសម្រាកព្យាបាលដែរ ប៉ុន្តែលោកសុំមិនបញ្ជាក់ពី​តួលេខអ្នកកំពុង​​ព្យាបាលនិង​ជា​សះស្បើយឡើយ គឺក្នុងន័យរក្សាទិន្នន័យស្ថាប័ន។

លោកបន្ត​ថា អ្នកឆ្លងវីរុសកូវីដ-១៩​បំប្លែងថ្មី អូមីក្រុង ​មាន​អាការដូចអ្នកឆ្លងកូវីដ-១៩ផ្សេងៗ​ដែរ។ យ៉ាងណា លោកថា មិនអាចកត់សម្គាល់​តាមសញ្ញាណាមួយបានទេ​ថាអ្នកជំងឺ​ឆ្លងវីរុស​​ប្រភេទ​មួយ​ណា លុះត្រាតែឆ្លងកាត់ការធ្វើតេស្តសិន។

លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ មានប្រសាសន៍ថា៖ «ពាក់ព័ន្ធជាមួយអូមីក្រុងដែលចូលមកថ្មីហ្នឹង រោគ​សញ្ញាវាអត់មានអីខុសប្លែកពី[វីរុស​]ចាស់ទេ។ វាប្រហាក់​ប្រហែល​គ្នាទេ​ រោគសញ្ញាវាមានឈឺក្បាល រមាស់ក ឈឺក ហៀរ​សំបោរ ក្ដៅខ្លួនអីដូចតែគ្នាអ៊ីចឹង ឬ​ប្រហាក់​​ប្រហែលផ្ដាសាយធំ។ ទី២ យើងអត់អាច​កំណត់​សម្គាល់ថាអាហ្នឹងវាប្រភេទដែលតា ប៊ែត​តា អាល់​ហ្វា ឬក៏អូមីក្រុង ទាល់តែចូល​ម៉ាស៊ីនទើបអាចញែកបាន។ យើងអត់មានរោគសញ្ញាណាមួយ​​សម្គាល់​ថា ​គាត់ឈឺនេះត្រូវតែអូមីក្រុង ឈឺនេះត្រូវតែជាដែលតា អត់ទេ! អត់មានទេ»។

លោកបន្ថែមថា ការការពារសុខភាពកុំឱ្យឆ្លងវីរុស​ប្រភេទ​អូមីក្រុង គឺមិនខុសប្លែកពីរបៀបដែលការពារពីវីរុស​​ដែលតា​នោះ​ទេ គឺត្រូវលាងដៃ ពាក់ម៉ាស់ជាប់ជាប្រចាំ រក្សាអនាម័យ ​រក្សា​គម្លាត​ឱ្យបាន២ម៉ែត្រឡើងទៅ​។ លោកថា​ សកម្មភាព​ទាំងនេះ​មានប្រសិទ្ធភាពកាត់បន្ថយការឆ្លង ខណៈអូមីក្រុង​មានល្បឿន​ចម្លង​លឿន​ជាង​ដែលតា និងអាល់ហ្វា។

ប្រធាន​សមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា ជំងឺ​កូវីដ-១៩​ មិនសាប​​រលាប​​ភ្លាមៗទេ ខណៈវីរុសនេះតែងតែបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់។ លោកថា ពលរដ្ឋត្រូវរៀនរស់ជាមួយវា ដោយ​រក្សាអនាម័យ និងចៀសវាងការប្រមូលផ្ដុំបើមិនចាំបាច់។ ក្រៅពីនោះ លោកថា ពួកគាត់ត្រូវចាក់​វ៉ាក់សាំង​​ដើម្បី​បណ្ដុះអង់ទីករ។

លោក អ៊ូច វុទ្ធី ថា៖ «អូមីក្រុង វាហូរចូលពីប្រទេសគេ អ៊ីចឹងគួរណាតែយើងមានវិធានការ​ដើម្បីចាត់​ប្រជាពលរដ្ឋដែលគាត់​ជាមនុស្សចម្លែកចូលមកស្រុកយើងហ្នឹង យកគាត់ពិនិត្យមើល ហើយដាក់​គាត់ធ្វើចត្តាឡីស័កប៉ុន្មានថ្ងៃ ដើម្បីឱ្យគាត់បានទៅកន្លែងដែលគាត់ចង់ទៅ។ អានេះជារឿងមួយ គួរណាដែលក្រសួងសុខាភិបាលត្រូវ​តែ​មានវិធានការច្បាស់លាស់ពីរឿងច្រកចេញ-ចូលហ្នឹង អាហ្នឹង​សំខាន់ណាស់។ ហើយខ្ញុំមើលបើបណ្ដោយច្រកចេញចូលប៉ាតណាប៉ាតណីអ៊ីចឹង ហើយអត់មាន​ការពិនិត្យត្រឹមត្រូវតាមច្រកទាំងអស់ហ្នឹងទេ អាហ្នឹងវានៅតែឆ្លងរាលដាលឆ្លងអ៊ីចឹង។ ហើយអូមីក្រុង​នេះ វា​មក​ពីអាហ្វ្រិក ឆ្លងមហាសមុទ្រមិនដឹងប៉ុន្មាន អ៊ីចឹងមិនគួរណាវាចូលដល់​ស្រុកយើង»។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៩​ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​គិត​មកដល់ថ្ងៃទី៨ ខែមករា កម្ពុជារក​ឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង» ​ចំនួន៣០នាក់ ហើយកា​រ​នាំចូលពីក្រៅប្រទេសមាន២៩​ករណី និងមួយករណីជាការរកឃើញឆ្លង​ក្នុង​សហគមន៍។

ក្រសួង​​បន្ត​ថា ករណីរកឃើញនេះគឺនៅ​លើ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់​​ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ទៀតថា ចាប់តាំង​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរស​ជនជាតិ​ខ្មែរ​រូប​នេះបាន​ធ្វើដំណើរ​ទៅកន្លែង​ជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ទៅលេង​ទីតាំង​មួយ​ចំនួន​នៅ​តានីទូកមាស ខេត្តកំពត ដោយ​បាន​ធ្វើដំណើរ​ជាមួយ​បងប្អូន​ជីដូន​មួយ​មក​ពី​ប្រទេសអូស្ត្រាលី​​កាល​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ប្រភពដដែលថា នៅថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២ អ្នកជំងឺរូបនេះ​បាន​ទៅ​កំដរ​អ្នកជំងឺ​ដែល​ជា​បងប្អូនជីដូន​មួយ​គាត់​នៅ​មន្ទីរពេទ្យ​មួយ ដែលក្រោយ​មកក៏បាន​រកឃើញ​មាន​វិជ្ជមានវីរុស​កូវីដ-១៩ អូមីក្រុង​ តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ