អង់គ្លេស​ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សេរីភាព​បញ្ចេញមតិ​និង​សារព័ត៌មាន​នៅ​កម្ពុជា

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី លោកស្រី Amanda Milling (ម៉ាស់ខ្មៅ) ជួបពិភាក្សាជាមួយអង្គការសិទ្ធិមនុស្សមួយចំនួនរបស់កម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ British Embassy in Cambodia)

ចក្រភពអង់គ្លេសបានបញ្ជាក់ជាថ្មីថា ខ្លួននៅតែប្ដេជ្ញាចិត្តក្នុងការគាំទ្រសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ការប្ដេជ្ញាចិត្តនេះបានធ្វើឡើងដោយលោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី ក្រោយពីលោកស្រីបានជួបជាមួយក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនៅកម្ពុជាកាលពីថ្ងៃទី១០ ខែមករា នៅពេលដែលលោកស្រីបានមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។

លោកស្រី Amanda Milling បានសរសេរនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់លោកស្រីកាលពី​ម្សិលមិញថា លោកស្រីរីករាយដែលមានឱកាសបានជួបសន្ទនាជាមួយក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលនៅកម្ពុជាដែលធ្វើការងារខាងផ្នែកសិទ្ធិមនុស្ស។ លោកស្រីបន្តថា លោកស្រីបានជជែកគ្នាអំពីសារៈសំខាន់នៃការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានិងនៅអាស៊ីអាគ្នេយ៍ផងដែរ។

លោកស្រីថា៖ «ចក្រភពអង់គ្លេសតែងតែគាំទ្រសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពនៃសារព័ត៌មាន»។

ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញដែរថា ចក្រភពអង់គ្លេសបានចាត់ទុកសិទ្ធិមនុស្សជាគោលការណ៍ស្នូលនៃកិច្ចការដែលអង់គ្លេស​ត្រូវធ្វើ។

ការប្ដេជ្ញាចិត្តរបស់លោកស្រី Amanda Milling បានធ្វើឡើងស្របពេលដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់កំពុងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារអស់រយៈពេលជិតមួយខែមកហើយ និងស្របពេលដែលថ្នាក់ដឹកនាំសហជីពរបស់ពួកគេចំនួន៨នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

យោងតាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល និងសំឡេងក្រុមប្រឆាំង នៅមុនការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

បើតាមស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងហើយរបស់លោកស្រី Amanda Milling រដ្ឋមន្ត្រីចក្រភពអង់គ្លេសមកកាន់កម្ពុជា ចាប់តាំងពីចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាអាស៊ាន។ ក្នុងរយៈពេលបីថ្ងៃមកនេះ លោកស្រី Milling បានជួបជាមួយដៃគូកម្ពុជាជាច្រើនក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ