ជប៉ុន​ផ្ដល់​កម្ចី​ជិត​២០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ជួយ​ជនងាយរងគ្រោះ​ក្នុង​វិបត្តិ​កូវីដ-១៩​ក្នុង​ដំណាក់កាល​ទី២

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ ផ្ដល់ដោយរដ្ឋាភិបាលជប៉ុន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់កម្ចីដល់កម្ពុជាចំនួន១៨៥លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ មានចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិច ក្នុងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២។

ការប្រគល់កម្ចីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ នាវិមានសន្តិភាព ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបន្តផ្ដល់ឥណទានសម្បទានរបស់​ជប៉ុននេះ គឺដើម្បីអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា។

លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ថវិកាកម្ចីនេះប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ ចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិច ជាដើម»

កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានផ្ដល់កម្ចីជាង២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិ​ជំងឺកូវីដ-១៩នៅកម្ពុជា។ សរុបទាំង២លើក ជប៉ុនបានផ្ដល់កម្ចីដល់កម្ពុជាជាង៤២០លានដុល្លារ។

ផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានអត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងវិញប្រមាណជា ១៧,៨% ដោយសារតែការបាត់បង់ការងាររបស់ពលរដ្ឋកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យកម្ពុជាចំណាយថវិកាដែលសន្សំទុកអស់ប្រហែល២ ៣០០លានដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ