អ្នកឃ្លាំមើល​ចាត់ទុក​ជំនួប​មន្ត្រី​ជាន់ខ្ពស់​មហាអំណាច​នៅ​កម្ពុជា​ជំរុញ​កម្លាំងចិត្ត​អ្នកប្រជាធិបតេយ្យ

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍លោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ (ក្រសួងការបរទេស)

ក្រុមអ្នកឃ្លាំមើលមួយចំនួនចាត់ទុកដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសមកកាន់ប្រទេសកម្ពុជានាពេលនេះ ជាការជំរុញកម្លាំងចិត្តអ្នកប្រធិបតេយ្យ ដោយហេតុថា ដំណើរទស្សនកិច្ចនេះចំពេលលំហសេរី​ភាពរបស់ពួកគេកំពុងរងការគំរាមកំហែង។

ក្នុងជំនួបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានប្រាប់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ​អន្តរជាតិ​របស់ចក្រភពអង់គ្លេស លោកស្រី Amanda Milling ពីក្ដីបារម្ភចំពោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ​នៅកម្ពុជា ព្រមទាំងជំរុញឱ្យអង់គ្លេសមានវិធានការជាក់ស្ដែង ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា ការមកដល់កម្ពុជា​របស់មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសនៅពេលនេះ ក្រៅពីពង្រឹងទំនាក់ទំនងការទូត វាជាសញ្ញាប្រាប់ថា អ្នកស្រ​ឡា​ញ់​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិននៅឯកាទេ ទោះសិទ្ធិពួកគេកំពុងរងការគំរាមកំហែងក៏ដោយ។

លោកថា៖ «ដំណើរទស្សនកិច្ចនេះអាចលើកទឹកចិត្តអ្នកប្រជាធិបតេយ្យអាចធ្វើកិច្ចការរបស់ខ្លួនបានល្អប្រសើរជាងបច្ចុប្បន្ន ហើយនិងអាចបន្តឆន្ទៈយ៉ាងណាដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យត្រឹមត្រូវពិតប្រាកដមួយឡើងវិញ»។

ប៉ុន្តែយ៉ាងណា ជាទស្សនៈ លោកថា សម្ពាធការទូតពីក្រុមប្រទេសលោកសេរីនឹងមិនអាចជំរុញរបត់នយោបាយនៅកម្ពុជាឱ្យវិលទៅបើកលំហប្រជាធិបតេយ្យឡើងវិញដូចមុនឆ្នាំ២០១៧នោះទេ នៅពេលដែលបក្សកាន់អំណាចដឹងមុនថា ទីលាននោះអាចនឹងរបូតអំណាចរបស់ខ្លួន។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃមកកាន់ប្រទេសកម្ពុជានេះ លោកស្រី Amanda បានជួបជាមួយក្រុមអង្គការសង្គមស៊ីវិល មេដឹកនាំបក្សប្រឆាំងដែលតុលាការបានរំលាយ គឺលោក កឹម សុខា និងជួបមន្ត្រីសំខាន់របស់រដ្ឋាភិបាល ក្នុងនោះមានទាំងក្រសួងការបរទេសកម្ពុជាផងដែរ។

ភ្លាមៗក្រោយជំនួប ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាក៏បានបង្ហាញការតាំងចិត្តលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ចក្រភពអង់គ្លេសបានចាត់ទុកសិទ្ធិមនុស្សជាគោលការណ៍ស្នូលនៃកិច្ចការដែលអង់គ្លេស​ត្រូវធ្វើ»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មើលឃើញថា ការមានដំណើរទស្សនកិច្ចសំខាន់ៗជាច្រើនមកកម្ពុជារបស់ប្រទេសលោកសេរី វាអាចជាការកាត់បន្ថយការរំលោភបំពានសិទ្ធិមនុស្ស បើទោះបីលោកស្រីយល់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​អាស្រ័យទៅលើឆន្ទៈរបស់មេដឹកនាំដែលបានប្ដេជ្ញាចិត្តជាមួយអង្គការសហប្រជាតិ និងធម្មនុញ្ញ ក៏ដោយ។

លោកស្រីបារម្ភថា ការបកស្រាយទាំងបំពានណាមួយពីបញ្ហាសិទ្ធិមនុស្ស វានឹងបង្កើតឱ្យមានបញ្ហាសង្គ​​មកាន់តែច្រើន ហើយជំរុញដល់ការបាត់បង់ទំនុកចិត្តទៅលើរដ្ឋាភិបាលផងដែរ បើរដ្ឋាភិបាលមិនបានបំ​ពេញកាតព្វកិច្ចឆ្លើយតបតាមបទដ្ឋានជាតិនិងអន្តរជាតិ ដើម្បីពង្រឹងនីតិរដ្ឋទេនោះ ។

លោកស្រីថា៖ «បញ្ហាគឺរដ្ឋាភិបាលត្រូវធ្វើម៉េច រដ្ឋាភិបាលត្រូវធ្វើតាមអ្វីដែលខ្លួនបានប្ដេជ្ញា ត្រូវធានាដល់គោលការណ៍នីតិរដ្ឋ ហើយការបន្តបំពាននូវគោលការណ៍នីតិរដ្ឋ និងការបន្តបំពាននូវគោលការណ៍សិទ្ធិមនុស្សបែបនេះ វានឹងបង្កនូវអស្ថិរភាពសង្គម ហើយបង្កអយុត្តិធម៌ក្នុងសង្គមច្រើនទៅៗ ហើយវានឹងធ្វើឱ្យគម្លាតនៃការទុកចិត្តរវាងពលរដ្ឋទៅកាន់រដ្ឋាភិបាលរីកកាន់តែធំទៅៗ វានឹងធ្វើឱ្យយើងប្រឈមនៅពេលខាងមុខ»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថាការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសពីគុណតម្លៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យលើការទំនាក់ទំនងការទូត វាជារឿងលើកទឹកចិត្តមួយ។ ប៉ុន្តែលោកថា ការស្ដារប្រជាធិបតេយ្យពិតប្រាកដ វាអាស្រ័យលើឥរិយាបថរបស់មេដឹកនាំបក្សកាន់អំណាចឯណោះទេ ដោយថា ជាគោលការណ៍សកល គ្មានប្រទេសណាមកបង្គាប់បញ្ជាប្រទេសមួយទៀតបាននោះទេ។

លោកថា៖ «ប៉ុន្តែអ្វីដែលខ្លួន[កម្ពុជា]យល់ថាជាប្រយោជន៍របស់ប្រទេស ប្រទេសមួយចំនួនគេច្រើនតែធ្វើតាម តាមអនុសាសន៍ តាមអីជាដើមហ្នឹង ដែលគេយកចិត្តទុកដាក់​ ព្រោះយើងត្រូវការគេទាំងសេដ្ឋកិច្ចទាំងជំនួយ។ មែនទែន! គេចំណេញខ្លះដែរជារូបភាពនយោបាយក្នុងឆាកអន្តរជាតិអ៊ីចឹងទៅ ប៉ុន្តែជាទូទៅ គេមិនបានប្រយោជន៍អីពីយើងប៉ុន្មានទេចំពោះចក្រភពអង់គ្លេសនោះ មិនដូចអាមេរិក និងចិន»។

យ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន លើកឡើងថា វត្តមានរបស់ភាគីចក្រភពអង់គ្លេសនៅកម្ពុជាពេលនេះ ជាទំនាក់ទំនងការទូតដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការអាស៊ាន ក្រោយពីមហាអំណាចនេះដកខ្លួនពីសហភាពអឺរ៉ុប ខណៈកម្ពុជាពេលនេះធ្វើជាប្រធានអាស៊ានប្ដូរវេន ហើយថា កម្ពុជាកំពុងដើរលើគន្លងប្រជាធិបតេយ្យ។

លោកថា៖ «អ្វីដែលសំខាន់ កម្ពុជាយើងកំពុងដើរលើបរិបទមួយដ៏ត្រឹមត្រូវនៅក្នុងផ្លូវលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាបើកទូលាយនូវលំហប្រជាធិបតេយ្យនិងការបញ្ចេញមតិផ្សេងៗ ដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ និងឆ្នាំ២០២៣»។

យ៉ាងនេះក្ដី នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានគេមើលឃើញថា បានធ្លាក់ចុះចាប់ពីចុងឆ្នាំ២​០១៧មក ដែលថា ការណ៍នេះលែងអាចប្រកែកបាន។

តែយ៉ាងណា លោកចង់ឃើញអ្នកនយោបាយខ្មែរវិលទៅរកការប្រកួតអំ​ណា​ចគ្នាតាមគន្លងប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញវិញ ជាជាងប្រតិដ្ឋរឿងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក បង្កឱ្យ​មា​នភាពផុយស្រួយនៃការបែកបាក់ជាតិ។

លោកថា៖ «ខ្ញុំគិតថា […] កម្ពុជាគួរធ្វើឱ្យការដឹកនាំរដ្ឋមាននីតិរដ្ឋត្រឹមត្រូវ។ អ៊ីចឹងខ្ញុំគិតថា វាគួរតែមានការលះបង់របស់អ្នកនយោបាយ ពិសេសពីភាគីពាក់ព័ន្ធ ដោយបង្កើតវប្បធម៌នយោបាយមួយមិនយកគូប្រជែងជាសត្រូវស្លាប់រស់ គួរតែមានការកសាងវប្បធម៌ថ្មី គឺវប្បធម៌ជាតិនិយមតែមួយអ៊ីចឹងទៅ»។

រដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ មួយវិញទៀត មាត្រា៣១ ចែងថា៖ «ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់សិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រ​​ជាជា​តិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទា​ក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ