កសិករ​មួយចំនួន​ប្រឈម​ជំពាក់​បំណុល​ធនាគារ​ដោយសារ​តម្លៃប្រេង ជី និងថ្នាំ​ឡើងថ្លៃ ខណៈ​ស្រូវ​ចុះថោក

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

ប្រជាកសិករនៅខេត្តមួយចំនួនត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្មបានហក់ឡើងថ្លៃទ្វេដង ធ្វើឱ្យពួកគេជួបបញ្ហាប្រឈម​ គឺជំពាក់បំណុលធនាគារ និងធ្វើចំណាកស្រុក។

ការត្អូញត្អែរនេះធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវប្រាំងឆ្នាំ​២០២២នេះ​ប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្មនិងធាតុចូលកសិកម្មកើនឡើងទ្វេដង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម ជាដើម។

អ្នកស្រី ប៊ុន កិមឡា ដែលអះអាងថាជា​កសិករនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប និយាយថា គាត់ដាំស្រូវលើផ្ទៃដីជាង១ហិកតា ប៉ុន្តែនៅពេលប្រមូលផល ឈ្មួញដែលមកទិញស្រូវសែនក្រអូបច្រូតហើយភ្លាមៗក្នុងមួយគីឡូតម្លៃ៧០០រៀល ខណៈស្រូវស្ងួត១គីឡូតម្លៃ៩០០រៀល បើធៀបនឹងឆ្នាំមុន គឺធ្លាក់ចុះប្រហែល៤០០រៀលក្នុង១គីឡូក្រាម។

ប្រជាកសិកររូបនោះបញ្ជាក់ថា តម្លៃស្រូវធ្លាក់ចុះបែបនេះធ្វើឱ្យ​កសិករធ្វើស្រែខាតបង់ ខណៈតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្មបានឡើងថ្លៃទ្វេដង។

ប្រជាកសិកររូបនោះនិយាយថា៖ «បើខាតក៏នៅតែធ្វើ បើមិនធ្វើបានអ្វីហូប? ជួនកាលច្រូតមកបានឱ្យតែថ្លៃជីទៅ ក៏ទុកហូបខ្លះទៅ។ មួយការុង ពីរការុងទុកធ្វើពូជបន្តទៀតទៅ ឥលូវជីឡើងមួយការុងជាង១០ម៉ឺនរៀល ហើយស្រូវនៅតែមួយគីឡូ៨០០ទៅ៩០០រៀល វាទប់ទល់មិនជាប់ទេ។ ប្រជាជនពិបាកខ្លាំងសព្វថ្ងៃនេះ ធ្វើស្រូវខាត ជីឡើងថ្លៃ»។

ប្រជាកសិករម្នាក់ទៀត លោក សុខ កាក់ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និយាយថា នៅឆ្នាំនេះ គាត់និងបងប្អូន២នាក់ទៀតផលិតពូជស្រូវសែនក្រអូប ស្រូវ៥១ និងស្រូវ៥៤ លើដីស្រែសរុបជាង១០០ហិកតា។ ប៉ុន្តែលោកបង្ហាញការព្រួយបារម្ភជាខ្លាំងនៅពេលឈ្មួញមកទិញស្រូវនៅក្នុងភូមិរបស់គាត់កាលពីរដូវវស្សាដែលស្រូវច្រូតហើយភ្លាមៗ ក្នុងមួយគីឡូតម្លៃចន្លោះពី៦០០រៀល ទៅ៧០០រៀល ខណៈស្រូវស្ងួត១គីឡូតម្លៃប្រហែល៩០០រៀល។ លោកថា ដោយសារស្រូវស្ងួតមិនសូវមានឈ្មួញមកទិញ បើធៀបនឹងឆ្នាំមុន គឺធ្លាក់ចុះប្រហែល៤០០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះធ្វើឱ្យពួកគាត់ខាតបង់មួយលើករួចមកហើយ។

លោកបន្តថា បើនៅរដូវប្រាំងនេះ តម្លៃស្រូវនៅតែបន្តធ្លាក់ចុះដូចរដូវវស្សានោះ ពួកគាត់នឹងខាតម្ដងទៀត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពកាន់តែធ្ងន់ធ្ងរ ជំពាក់បំណុលធនាគារ ឬឈានដល់ការធ្វើចំណាកស្រុក ជាដើម។

លោកមានប្រសាសន៍ថា៖ «ប្រភេទស្រូវក្រអូប ទាល់តែតម្លៃវា១ ២០០រៀលក្នុងមួយគីឡូឡើងទៅ បានទូទាត់ថ្លៃជី ថ្លៃសាំងគេបាន! ធម្មតាគាត់យកជី ម៉ាស៊ូត គាត់ជឿគេទាំងអស់ ពេលប្រមូលផលបាន ត្រូវទូទាត់ឱ្យគេវិញ! បើទូទាត់មិនបានទេ បំណុលហើយ ខ្លះទៅចំណាកស្រុក»។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃ១១ ខែមករានេះថា នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវរដូវប្រាំងនឹងចាប់ផ្ដើម ហើយប្រជាកសិករមានការព្រួយបារម្ភចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ។ ជាមួយគ្នានេះ ក្រសួងថា ​តម្លៃផលិតកម្មនិងធាតុចូលកសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃ ខ្ពស់ទ្វេដង ដោយសាររោងចក្រផលិតត្រូវបានកាត់បន្ថយការផលិត និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។

ក្រសួងកសិកម្មបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់ផលិតភាពដំណាំស្រូវ ក្រសួងអំពាវនាវទៅស្ថាប័នពាក់ព័ន្ធ ដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះណែនាំប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្ម អំពីបច្ចេកទេសផលិតស្រូវឱ្យទទួលបានទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវតាម​បច្ចេកទេស កាត់បន្ថយការចំណាយក្នុងការផលិត​ និងធានាបានគុណភាពស្រូវស្របតាមស្តង់ដារ។ 

បន្ថែមពីនេះ អាជ្ញាធរខេត្តត្រូវខិតខំទំនាក់ទំនងនិងបង្កលក្ខណៈងាយស្រួលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ វិស័យឯកជននានាក្នុងតំបន់ត្រូវសហការជាមួយអាជ្ញាធរ និងអ្នកទទួលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ និងជួយសម្រួលឱ្យមានជម្រើសច្រើនដល់កសិករក្នុងការលក់ស្រូវ ជាជាងលក់ឱ្យតែឈ្មួញដែលមានលក្ខណៈផ្ដាច់មុខជាដើម។

ទោះជាបែបនេះក្ដី អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបាន លុះត្រាតែរដ្ឋាភិបាលបញ្ចេញថវិកាជាតិ និងបញ្ជាទៅក្រសួងពាក់ព័ន្ធបន្ធូរបន្ថយពន្ធនាំចូលជីកសិកម្ម តម្លៃប្រេងឥន្ធនៈ និងជួយរកទីផ្សារជូនកសិករ ជាដើម ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវបន្ថែមហិរញ្ញប្បទានថវិកាជាតិទៅធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ ដើម្បីឱ្យធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ ធ្វើការផ្ដល់រោងម៉ាស៊ីនកិនត្រូវ ឬសហគ្រាសទិញស្រូវអង្ករជួយទិញស្រូវ ឱ្យមានកន្លែងសមរម្យស្តុកទុកឬចូលឡសម្ងួត ទើបអាចជួយបាន»។

លោកមានប្រសាសន៍បន្ថែមថា៖ «ទី២ ក៏ត្រូវពិនិត្យបន្ថែមទៅលើកិច្ចអន្តរាគមន៍លើប្រេងឥន្ធនៈ ជី និងថ្នាំកសិកម្ម ជាពិសេសអាចបន្ធូរបន្ថយពន្ធនាំចូលណាមួយនៃជីកសិកម្ម ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ។ ហើយអ្វីដែលគិតខ្លាំងបំផុត ត្រូវបញ្ចេញថវិកាជាតិ តាមរយៈធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ ដើម្បីជួយជិញស្រូវអង្ករពីពលរដ្ឋ ទើបជាដំណោះស្រាយល្អប្រសើរ ដើម្បីជួយដល់ប្រជាកសិករដែលដាំដុះ»។

វីអូឌី មិនអាចសុំការបំភ្លឺជុំវិញករណីនេះពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

ប៉ុន្តែក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២១-២០២២នេះ ការប្រមូលផលស្រូវនៅប្រទេសកម្ពុជាស្ទើរតែបញ្ចប់ទាំងស្រុងហើយ ដោយទទួលទិន្នផលស្រូវសរុបប្រមាណជាង១២,២១លានតោន ដែលមានការកើនឡើងប្រមាណ១១,៦ភាគរយ បើធៀបនឹងឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ