ពាក្យ​ម្ដាយ​ធ្វើ​ឱ្យ​ស្ត្រី​ជនជាតិដើមភាគតិច​ព្រៅ​មួយ​រូប​តស៊ូ​រហូត​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​ពី​ក្រៅ​ប្រទេស

ជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី ក្នុងពេលបំពេញការងារមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

ជាជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី បានជម្នះនឹងឧបសគ្គរហូតក្លាយជាមន្ត្រី​​ទំនាក់ទំនងនៅអង្គការអន្តរជាតិមួយដែលធ្វើការផ្ដោតលើវិស័យអប់រំ ប្រចាំខេត្តរតនគិរី ដែលជាខេត្តស​ម្បូរជនជាតិដើមភាគតិចរស់នៅមួយចំណោមខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា។

មានស្រុកកំណើតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កញ្ញា សយពីសី ប្រាប់ វីអូឌី ថាទម្រាំមានថ្ងៃនេះ នាងដើរលើផ្លូវលំបាកអស់រយៈពេល១៦ឆ្នាំ ក្នុងនាមជាកូនច្បង ម្ដាយជាជនជាតិដើមភាគតិចព្រៅ ឪពុកជាជនជាតិខ្មែរ តែពួកគាត់បានលែងលះគ្នាតាំងពីជាង១០ឆ្នាំមុន អំឡុងពេលនាងមានអាយុ១២ឆ្នាំ រៀននៅថ្នាក់ទី៦។

ពិសី ចូលរៀនដំបូងនៅអាយុ៦ឆ្នាំ តែនាងថាការចូលរៀនដំបូងនោះរៀនមិនពូកែដូច​មិត្តភក្តិរួមថ្នាក់ទេ រហូតត្រួតថ្នាក់ដោយសារនាងមិនបានរៀនចាប់ពីសាលាមត្តេយ្យមកដូចកុមារដទៃទៀត។

ពិសី រៀបរាប់ថា៖ «ខ្ញុំរៀននៅថ្នាក់ទី៤ គ្រួសារខ្ញុំ គាត់ចាប់ផ្ដើមរកាំរកូសគ្នា [មិនចុះសម្រុងគ្នា]។ ពេលហ្នឹ​ង​ខ្ញុំអត់សូវសប្បាយចិត្តប៉ុន្មានទេ ប៉ា! យើងអត់ដឹង[គាត់]នៅឯណា ម៉ាក់យើង គាត់នៅតែម្នាក់ឯង។ […] រហូតខ្ញុំរៀនថ្នាក់ទី៦ ខ្ញុំដឹងថាគ្រួសារខ្ញុំគាត់បែកគ្នាមែនទែន»។

ម្ដាយ ពីសី ដើមឡើយជាកសិករ តែក្រោ​យ​មក គាត់ចាប់យកមុខរបរជាអ្នកបោសសម្អាតនៅសណ្ឋាគារមួយក្នុងខេត្តភាគឦសាននេះ​ រួមទាំងការងារបោកគក់ដោយដៃតាមផ្ទះមួយចំនួនទៀតក្រោយលែងលះគ្នា រីឯឪពុកជាជនជាតិខ្មែរ មានមុខរបរជាគិលានុប​ដ្ឋាក ឬគ្រូពេទ្យ។

ក្រោមដំបូលគ្រួសារដែលឪពុកម្ដាយបែកបាក់គ្នានេះ ពីសី ប្រាប់យើងថា សេដ្ឋកិច្ចគ្រួសារនាងធ្លាក់ដល់កម្រិតសូន្យ ហើយអម្រែកនៃបន្ទុកគ្រួសារបានធ្លាក់ទៅលើ​ម្ដាយនាងតែម្នាក់ឯង ក្នុងគ្រួសារដែលមានកូន៣នាក់ក្នុងបន្ទុកផង។

ប៉ុន្តែថា ម្ដាយនាងមិនព្រមចុះចាញ់នឹងស្ថានភាពបែបនេះទេ ដោយប្រឹងធ្វើការច្រើនកន្លែងស្ទើរគ្មានពេលសម្រាក តែទទួលបានប្រាក់កម្រៃតែជាង១០០ដុល្លារប៉ុណ្ណោះក្នុង១ខែ ដែលមិនអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃបាន ដែលការណ៍នេះ ពិសី ត្រូវចេញរកការងារធ្វើដោយខ្លួនឯងទាំងនៅវ័យកុមារ ដើម្បីសម្រាលបន្ទុកម្ដាយ។

ពិសី ថា៖ «អ៊ីចឹងការដែលខ្ញុំចង់ទៅរៀនគួរជាមួយមិត្តភក្តិអីក៏ពីបាក គាត់អត់សូវមានលុយឱ្យទៅទេ ជាមួយនឹងប្រាក់ខែជាង១០០ដុល្លារតិចតួចហ្នឹង។​ យើងគិតមើលមើល៍! គ្រាន់តែទិញអង្ករ ទិញ​អីញាំ វាជិតអស់ទៅហើយ នៅ[លុយទៅ]រៀនសូ​ត្រអីទៀត វាច្រើន។ អ៊ីចឹង ពេលហ្នឹងខ្ញុំត្រូវជួយម៉ាក់ខ្ញុំ ទៅបោ​កខោអា​វឱ្យគេ។ ម៉ាក់ខ្ញុំ គាត់រកការងារឱ្យ​​ធ្វើ​។ អ៊ីចឹងប្រាក់ខែខ្ញុំ ដំបូងបាន៥ម៉ឺន[រៀ​ល​]ទេ ដោយសារខ្ញុំនៅក្មេង អ្នកដែលឱ្យខ្ញុំបោកខោអាវហ្នឹង គាត់ចេះ​​តែអាណិត។ អ៊ីចឹងយើងចេះតែធ្វើទៅបាន៥ម៉ឺនៗ គ្រាន់យើងចាយពេលទៅរៀន ទិញក្រដាសប្រ​ឡ​ង​​ បង់លុយគួរតិចតួច គ្រូគាត់អាណិត បង់គួរខ្លះអីខ្លះអ៊ីចឹងទៅ។ ដល់អីចឹងទៅ ម៉ាក់ខ្ញុំគាត់ក៏ធូរដែរ គាត់បានជួយប្អូនៗឱ្យទៅរៀនគួរអង់គ្លេសអីខ្លះដែរ»។

ក្រៅពីបញ្ហាឪពុកម្ដាយបែកបាក់គ្នា ឧបសគ្គមួយចំនួនទៀតដែល ពិសី បានជួបប្រទះ ដូចគ្នាទៅនឹងជនជាតិដើមភាគតិចដទៃទៀតនៅខេត្តនេះដែរ នោះគឺជីវភាពទីទ័លក្រ សាលារៀ​នឆ្ងាយ ខ្វះមធ្យោបាយធ្វើដំណើរ បងប្អូន៣នាក់​ ​មានកង់តែពីរសម្រាប់ជិះទៅរៀន។

មួយវិញទៀត ដោ​យ​សារតំបន់នោះសម្បូរទៅដោយភ្នំ ការជិះកង់ទៅសាលានិងត្រលប់មកផ្ទះវិញ ត្រូវចុះបណ្ដើរដោយអន្លើ​ត្រង់កន្លែងដែលមានចំណោតខ្ពស់ខ្លាំង។

ពិសី ប្រាប់វីអូឌីដែរថា នាងស្រឡាញ់មុខវិជ្ជាអក្សរសា​ស្ត្រខ្មែរនិងភាសាអង់​គ្លេស បើទោះនាងជាជនជាតិដើមភាគតិច រស់នៅខេត្តដាច់ស្រយាលជាប់ព្រំដែនមួយនេះក៏ដោយ។

ដោយសារតែបញ្ហាប្រឈមនៅតែបន្តញាំញី នៅពេលមួយនោះ ពិសី ហាក់បាក់ទឹកចិត្តលែងចង់រៀនសូត្រ ដោយសារនាងនៅវ័យក្មេងផង មិនសូវបានគិតពីអនាគតវែងឆ្ងាយ ម្យ៉ាងនាងគិតពីការបែកបាក់គ្មានពេលត្រលប់របស់ឪពុកម្ដាយនាង។

ប៉ុន្តែអ្វីដែលជំរុញកម្លាំងចិត្តឱ្យ ពិសី ប្រឹងក្រោកឡើងវិញបន្តជម្នះនឹងឧបសគ្គនោះ គឺការក្រើនរម្លឹករ​បស់​ម្ដាយតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ។

បើតាមការរៀបរាប់របស់ ពិសី ម្ដាយនាងបានសួរនាងថា “បើកូនមិនប្រឹងរៀន តើកូនធំទៅត្រូវពឹងផ្អែកទាំងស្រុងលើប្ដីឬ? ហើយឧទាហរណ៍ថា បើប្ដីលែងកូនដូចម៉ាក់ កូនចង់ជួបស្ថានភាពលំបាកដើរស៊ីឈ្នួលគេ ហើយត្រូវគេមើលងាយដូចម៉ាក់ឬ? ហេតុអ្វីកូនមិនឱ្យតម្លៃលើការរៀនសូត្រ?”

ពិសី ថា៖ «ម៉ាក់ខ្ញុំវិញ គាត់ជាជនរងគ្រោះទាក់ទងទៅនឹងការរៀបការវ័យក្មេង គាត់បាត់បង់ឱកាសក្នុងការរៀន គាត់អត់បាននៅឱ្យបានយូរ [វ័យនៅលីវ] ដើម្បីស្វះស្វែងមើលថា តើជីវិតគាត់ត្រូវការអ្វី? ចង់ធ្វើអ្វីបន្ត? ចង់មានផែនការអ្វី? អ៊ីចឹងគាត់អត់ចង់ឱ្យខ្ញុំហ្នឹងបាត់បង់ឱកាសដូចគាត់ទេ»។

សម្ដីម្ដាយប៉ុន្មានម៉ាត់នេះហាក់បានជំរុញលើកទឹកចិត្ត ពីសី ឱ្យប្រឹងក្រោកចាប់យកមុខជំនាញដែលនា​ង​ស្រ​ឡា​ញ់ឡើងវិញ។

ប៉ុន្មានឆ្នាំក្រោយមក ពិសី ជាប់អាហារូបករណ៍ផ្នែកភាសាអង់គ្លេសបានទៅរៀននៅប្រ​ទេសន័រវេស២ឆ្នាំ ចា​ប់​ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។

ពិសី ថា៖ «វិធីសាស្ត្រដែលខ្ញុំទទួលបានអាហារូបករណ៍ហ្នឹង អង់គ្លេសគេហៅថា Be Yourself យើងធ្វើ​​អ្វីដែលខ្លួនចង់ធ្វើ។ អ៊ីចឹង កាលនោះ ខ្ញុំផ្ដោតលើភាពខ្លាំងរបស់ខ្ញុំ គឺរៀនអី​ដែ​លខ្ញុំចង់រៀន គឺខ្ញុំ​​រៀនហ្នឹង […] កាលហ្នឹងខ្ញុំចង់បានអាហារូបករណ៍ដែលទាក់ទងភាសាអង់គ្លេស ដល់អីច៊ីងខ្ញុំខំប្រឹងរៀនភា​សាខ្មែរនិងអង់គ្លេស។ កាលហ្នឹងខ្ញុំចង់ធ្វើជាគ្រូភាសាអង់គ្លេស ចង់ទៅសាកលវិទ្យាល័យ ដើម្បីបានសញ្ញាប​ត្រ ហើយទៅរៀនយកគរុកោសល្យ។ អ៊ីចឹងខ្ញុំចេះអី ខ្ញុំប្រឹងហ្នឹង»។

អាហារូបករណ៍សម្រាប់សិស្សជនជាតិដើមភាគតិចនេះ នាងបានទៅរៀ​នថ្នាក់វិទ្យាល័យទី១១ ទី១២ នៅ​សាលា United World College ក្នុងប្រទេសន័រវេស​ ដែលជាប្រទេសមួយក្នុងតំបន់អឺរ៉ុប។

ជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី ក្នុងឈុតទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Met​ho​dist ស្ថិតនៅក្នុងរដ្ឋ North Carolina។
ជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី ក្នុងឈុតទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Met​ho​dist ស្ថិតនៅក្នុងរដ្ឋ North Carolina។ (ផ្ដល់ឱ្យ)

ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសន័រវេស ឆ្នាំ២០១៦ ពិសី បានជាប់អាហារូបករណ៍​ទៅរៀននៅសហរដ្ឋអាមេរិក ៤ឆ្នាំទៀត ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។

នៅ​សហរដ្ឋអាមេរិក នាងរៀននៅសាកលវិទ្យាល័យ Met​ho​dist ស្ថិតនៅក្នុងរដ្ឋ North Carolina នាងជ្រើសរើសយកជំនាញរដ្ឋបាលធុរកិច្ច (Bu​​s​in​ess Administration) និងទទួលបានសញ្ញាបត្របរិញ្ញានៅឆ្នាំ២០២០ ទើបនាងត្រលប់មកកម្ពុជាវិញ។

បច្ចុប្បន្ន ជនជាតិដើមភាគតិចព្រៅរូបនេះមានវ័យ២៥ឆ្នាំ ធ្វើការនៅអង្គការសហព័ន្ធសាលារៀនពិភពលោក (United World School) ដែលជាអង្គការមួយមិនរកប្រាក់ចំណេញ ដោយផ្ដោតលើវិស័យអប់រំ ហើយនាងមានតួនាទីជា​មន្ត្រីទំនាក់ទំ​ន​ង​នៅអង្គការមួយនេះ។

ម្តា​​យពិសី អ្នកស្រី តាម ង៉ា ឱ្យដឹងដែរថា គាត់រៀបការនៅចន្លោះអាយុ១៦ឆ្នាំ មិនមានឱកាសរៀនទេ ហើ​យគាត់បានលែងលះគ្នានៅឆ្នាំ២០០៨ ហើយថា ម្ដាយគាត់ក៏ជាស្ត្រីមេម៉ាយដែរ។

ស្ត្រីអាយុ៤៣ឆ្នាំរូបនេះរម្លឹកថា ពេលនោះ គាត់ធ្វើការជាអ្នកអនាម័យនិងបោកគក់នៅផ្ទះសំណាក់ និងធ្វើការកន្លែងរោងចក្រទឹកសុទ្ធ ប៉ុន្តែអ្នកស្រីថា ការងារនេះនៅប្រឈមបញ្ហា​ជីវភាព ព្រោះទទួលបានប្រាក់ចំ​ណូ​លតិ​​ចតួច​ ហើយណាមួយត្រូវចិញ្ចឹមកូនៗទៀតផង។

អ្នកស្រីថា៖ «ខ្ញុំអត់ចង់ឱ្យក្មេងជំនាន់ក្រោយ ពួកវារៀបការ[វ័យក្មេង]ទេ ចាំអាយុ២០ជាង ឬ៣០ អាហ្នឹ​ងយកប្ដីបាន!​ កុំឱ្យដូចខ្ញុំ យកប្ដីវ័យក្មេងពេកហ្នឹង ពិបាកណាស់ ពិបាករកលុយ ពិបាកចិញ្ចឹមកូន ឱ្យពួ​កគាត់​ខិតខំរៀនសូត្រដើម្បីអនាគតតទៅមុខ»។

ចំណែកកញ្ញា សយ ពិសី បានចែករំលែកថា ការកសាងអនាគតដ៏ល្អក្នុងសង្គម មានតែផ្ដើមចេញពីកា​រអប់រំទេ ដោយហេតុថា ការអប់រំអាចធ្វើឱ្យយើងស្វែងរកជំនាញ ក្លាយជាធនធានសង្គមផង និងជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

មួយវិញទៀត ជំនាញក៏អាចជួយឱ្យស្ត្រីមានលទ្ធភាពដឹកនាំគ្រួសារទៅមុខបាន ដោយមិនប្រឈមប​ញ្ហា​​ជីវភាពខ្លាំង បើទោះបីជាជួបរឿងចៃដន្យ ដូចជាបែកបាក់គ្រួសារជាដើម។ ក្នុងន័យនេះ កញ្ញាថា ស្ត្រីគួរស្វែងរកចំណេះជំនាញជាមុន ចាំសម្រេចចិត្តចូលរោងការតាមក្រោយ។ ​

ពិសី ថា៖ «ហើយកេរ្តិ៍ឈ្មោះនិងកិត្តិយសក៏មកតាមហ្នឹងដែរ ពីព្រោះអីមនុស្សយើងរស់នៅ យើងត្រូវការមា​​ន​កិត្តិយស មានសេចក្ដីថ្លៃថ្នូរអីអ៊ីចឹង។ តាមរយៈការប្រឹងប្រែងអភិវឌ្ឍន៍ចំណេះជំនាញហ្នឹង ក៏វាជួយ​លើ​​កស្ទួយកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់យើងជាសមាជិកម្នាក់ដែលរស់នៅក្នុងសង្គម ក្នុងសហគមន៍ ក្នុងប្រទេសជាតិមួយដែរ […] ពិសេសក្មេងស្រីគាត់គួរតែងាកមករកការសិក្សារៀនសូត្រ ដើម្បីពង្រឹងសមត្ថភា​​​​​​ពឱ្យគាត់អាចក្លាយជាបុគ្គលម្នាក់អាចស្វែងរកនូវចំណូលផ្ទាល់ខ្លួនអ៊ីចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ