អាមេរិក​ចង់ឃើញ​សន្តិភាព​ស្រប​ពេល​មាន​វិបត្តិ​នៅ​អ៊ុយក្រែន

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែតុលា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Secretary Antony Blinken)

មន្រ្តីការទូតកំពូលមួយរូប​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន នឹងព្យាយាម​ដោះស្រាយ​វិបត្តិ​ដែលកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលរូបលោក​នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស​រុស្ស៊ី នៅ​ទីក្រុងហ្សឺណែវ ក្នុងសប្ដាហ៍នេះ បន្ទាប់ពីជួប​ជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុង Kyiv និងមន្ត្រីអឺរ៉ុបនានា នៅទីក្រុងប៊ែរឡាំង។

ដំណើររបស់​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) ធ្វើឡើ​ង​ស្របពេលដែលមានការព្រួយបារម្ភដែលលើកឡើងដោយអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ទាក់ទងនឹងករណីទាហានរុស្ស៊ីរាប់ម៉ឺននាក់បានប្រមូលផ្ដុំនៅក្នុងនិងក្បែរទឹកដីអ៊ុយក្រែន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេសអាមេរិកមួយរូបដែលបានថ្លែងឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា៖ «សហរដ្ឋអាមេរិកមិនចង់ឱ្យមានជម្លោះកើតឡើងនោះទេ។ យើងចង់បានសន្តិភាព»។

មន្ត្រីដដែលបន្តថា៖ «ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មានអំណាចរបស់ខ្លួនក្នុងការចាត់វិធានការដើម្បីកាត់បន្ថយវិបត្តិនេះ ដូច្នេះសហរដ្ឋអាមេរិក និងរុស្ស៊ី អាចបន្តទំនាក់ទំនងជាមួយគ្នាបាន​ដោយ​រលូន»។

ទោះជាយ៉ាងណា រុស្ស៊ី​កាលពីពេលកន្លងទៅ ក៏ធ្លាប់បានបដិសេធ​គម្រោងរៀបចំ​​ការ​​វាយ​​ប្រហារ​ណា​មួយ​លើអ៊ុយក្រែន ខណៈដែលពួកគេបានលើកឡើងថា កងទ័ពទាំងឡាយរបស់ពួកគេគឺមិនបាន​បង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ។

គួរបញ្ជាក់ថា លោក អេនតូនី ប្លីនខេន នឹងជួបជាមួយប្រធានាធិបតី​​អ៊ុយក្រែន ​លោក Volodymyr Zelenskiy និងរដ្ឋមន្ត្រីការបរទេស​លោក Dmytro Kuleba នៅថ្ងៃពុធនេះ។

បន្ទាប់មកទៀត រូបលោកនឹងបន្តដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដែលលោកនឹងជួបជាមួយរដ្ឋមន្ត្រីកា​រ​បរទេសអាល្លឺម៉ង់​ អ្នកស្រី Annalena Baerbock មុនពេលជួបជាមួយនឹងក្រុមប្រទេស Quad ដែល​រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិករូបនេះក៏នឹងទៅជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកដំណោះស្រាយការទូតជាមួយប្រទេសមួយនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ