កម្ពុជា​ហាម​ជនជាតិ​អាមរិក​ជា​មិត្ត​របស់​កញ្ញា​ សេង​ ធារី​ ​មិន​ឱ្យ​ចូល​កម្ពុជា​រហូត

មេធាវីអន្តរជាតិ លោក Jared Genser ជួបកញ្ញា សេង ធារី នៅក្នុងថ្ងៃសវនាការអតីតសកម្មជនគណបក្សសង្គ្រោះជាតិ តាមការកោះហៅពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា រដ្ឋាភិបាលបានចាត់វិធានការដាក់បំរាមជនជាតិសហរដ្ឋអាមេរិកម្នាក់​ដែល​ត្រូវ​ជាមិត្តរបស់កញ្ញា សេង ធារី មិនឱ្យចូលកម្ពុជាជារៀងរហូត ក្រោមហេតុផលថាបានធ្វើសកម្មភាពប៉ះពាល់កិត្តិយសកម្ពុជា​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងមហាផ្ទៃបានស្នើសុំគោលការណ៍ឱ្យប្រមុខរដ្ឋាភិបាលប្រាប់ដល់គ្រប់ស្ថានទូតស្ថាន និងស្ថានកុងស៊ុលរបស់​កម្ពុជានៅបរទេសមិនឱ្យផ្តល់ទិដ្ឋាការដល់ជនជាតិអាមេរិកឈ្មោះ JARED ​ GENSER ​ ចូលមក​កម្ពុជា​ទេ។

លោក ខៀវ សុភ័គ ថ្លែងថា«យើងសុំទៅប្រមុខរដ្ឋាភិបាលដើម្បីជម្រាបដល់ស្ថានទូតរបស់យើង ស្ថានកុងស៊ុលនៅបរទេស សុំកុំឱ្យផ្តល់ទិដ្ឋាការឱ្យជនហ្នឹងទៀត»។

ការដាក់បំរាមយ៉ាងដូច្នេះ ធ្វើឡើងក្រោយមន្ត្រីក្រសួងមហាផ្ទៃរូបនេះអះអាងថា ជនជាតិអាមេរិកឈ្មោះ លោក JARED ​ GENSER បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការស្នើសុំចូលមកកម្ពុជាដើម្បីទេសចរ ប៉ុន្តែមិនបានគោរពនូវទិដ្ឋាការទេសចរទេ តែតាំងខ្លួនជាមេធារី​អន្តរជាតិ​ល្បីឈ្មោះទៅវិញ។ លោកថា ជនបរទេសរូបនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា ដោយ​ចូលរួមសវនាការតាមដានរឿងក្តីកញ្ញា សេង ធារី និងបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានអំពីនីតិវិធីក្នុងតុលាការ។

លោកបន្តថា«មិនត្រឹមតែប៉ុណ្ណឹង គាត់និយាយម៉ាក់ងាយដល់តុលាការទាំងមូល និយាយរួម​មើលងាយ​ជនជាតិខ្មែរតែម្តង។ (គាត់) ថា រដ្ឋាភិបាលតែហ៊ានឱ្យយាយ (កញ្ញា សេង ធារី) ហ្នឹងជាប់ទោស ប្រយ័ត្ន​តែ…! វាព្រមានមកយើង ហើយក្នុងនាមយើងជាជនជាតិមួយដែរ ថ្វីត្បិតតែយើងមិនមានដូច​គេ​អាមេរិកាំងអី យើងមានសិទ្ធិដូចគ្នាតើ»។

លោក ខៀវ សុភ័គ ថានាពេលនេះជនជាតិអាមេរិកខាងលើមិនស្នាក់នៅកម្ពុជាទៀតទេ។ លោកថា លោក JARED ​ GENSER ជាជនជាតិអាមេរិកទី១ក្នុងឆ្នាំ២០២២នេះ ដែលត្រូវបានដាក់បំរាមមិនឱ្យចូល​កម្ពុជា​ជារៀងរហូត​។

វីអូឌី បានព្យាយាមទាក់ទងទៅកញ្ញា សេង ធារី ជាច្រើនលើកនៅល្ងាច​ថ្ងៃទី២០ ខែមករា ប៉ុន្តែមិនមានការឆ្លើយតប។

យ៉ាងនេះក្តី នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើលសិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​ លោក ​អំ សំអាត ចាត់ទុកការសម្រេច​មិនឱ្យ​លោក JARED ​ GENSER ចូលកម្ពុជារហូតបែបនេះ ជាការសម្រេចលឿនពេក និងមិនគ្រប់​ជ្រុងជ្រោយ ខណៈកន្លងមកសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់របស់កម្ពុជា​មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហារំលោភសិទ្ធិមនុស្សផងដែរ។

លោក ​អំ សំអាត បន្ថែមថា«ខ្ញុំបារម្ភខ្លាចគេរិះគន់ថា ការមិនអនុញ្ញាតឱ្យគាត់​ចូលមកស្រុកខ្មែរ​ជារៀង​រហូតនេះ វាជាការមួយឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មពីមុនមក​ចំពោះមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួននោះ»។

លោកថា បើសិនជាការបញ្ចេញមតិ ឬករណីរបស់លោក JARED ​ GENSER មាន​ប៉ះពាល់ដល់ប្រព័ន្ធ​យុត្ថាធិការ​កម្ពុជា​យ៉ាងណានោះ គួរតែមានការជជែកគ្នាផ្សេងទៀតដើម្បីស្វែងយល់ពីភាគីកម្ពុជា និងភាគីលោក JARED ​ GENSER។

លោក JARED ​ GENSER បានចូលរួមឃ្លាំមើលដំណើរការសវនាការលើកញ្ញា សេង ធាវី និងបានផ្ដល់បទសម្ភាសន៍លើបណ្តាញសារព័ត៌មានមួយចំនួននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយបានហៅសវនាការនោះថាជា «សវនាការឆាកល្ខោន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ