សមាជិក​សភា​អាមេរិក​ជំរុញ​រដ្ឋមន្ត្រី​ការបរទេស​ខ្លួន​ដាក់​សម្ពាធ​លើ​កម្ពុជា​ក្នុង​ករណី​លោក កឹម សុខា

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សមាជិកសភាសហរដ្ឋអាមេរិក២រូប បានសរសេរលិខិតទៅកាន់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឱ្យដាក់សម្ពាធមកលើរដ្ឋាភិបាល​កម្ពុជា ខណៈតុលាការ​កម្ពុជា​បាន​បើក​សវនាការ​កាត់ទោស​លោក កឹម សុខា កាល​ពីថ្ងៃទី១៩ ខែមករា ម្សិលមិញ។

សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក ALAN LOWENTHAL និង​សមាជិកសភាអាមេរិកមកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​អូហៃយូ (Ohio) លោក STEVE CHABOT បានសរសេរលិខិតរួមគ្នាមួយកាលពីថ្ងៃទី១៨ ខែមករា ដោយ​ស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ​ជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលការចោទប្រកាន់ទៅលើលោក កឹម សុខា និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាវិលត្រលប់មករកគន្លងប្រជាធិបតេយ្យឡើងវិញ។

សមាជិកសភាអាមេរិកទាំង២រូបបានប្រាប់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន​ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ត្រូវបានចាប់ខ្លួននៅខែកញ្ញា ឆ្នាំ២០១៧ ដោយអាជ្ញាធរកម្ពុជា ក្រោមការចោទប្រកាន់ពីបទគប់គិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ហើយត្រូវបើកសវនាការឡើងវិញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានពន្យារពេលអស់២ឆ្នាំ។

លិខិតនោះ​សរសេរថា៖ «សកម្មភាពដែលកំពុងប្រព្រឹត្តដោយរដ្ឋាភិបាលលោក ហ៊ុន សែន គឺជាការឆ្លុះបញ្ចាំងពីការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប។ សកម្មភាពបន្ថែម [ទណ្ឌកម្ម] គឺជាការចាំបាច់ ដើម្បីជាការផ្ញើសារឱ្យកាន់តែច្បាស់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ថា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ នៅតែបន្តឃ្លាំមើលពីបញ្ហារបស់កម្ពុជា»

យ៉ាងណាក្ដី សមាជិកសភាអាមេរិកទាំង២រូបបានសរសេរដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចងាកក្រោយវិញបាន តាមរយៈការដោះលែងនិងទម្លាក់រាល់ការចោទប្រកាន់​ទៅ​​​លើលោ​ក កឹម សុខា និងសមាជិកគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយដទៃទៀត រួចបើកឱ្យគណបក្សសង្គ្រោះជាតិ​អាចវិលមកប្រឡូកក្នុងឆាកនយោបាយនៅ​កម្ពុជាឡើង​វិញ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មិនចាប់អារម្មណ៍ចំពោះលិខិតរបស់សមាជិកសភាសហរដ្ឋអាមេរិកទាំងពីរនេះទេ។ បន្ថែមលើនេះ លោកថា សហរដ្ឋអាមេរិកមិនអាចលូកដៃចូលក្នុងកិច្ចការតុលាការកម្ពុជាបានទេ។

លោកថា៖ «ខ្ញុំអត់បានឃើញពីគេដាក់ [ទណ្ឌកម្ម] ពីរឿងឯកឧត្ដម កឹម សុខា ហ្នឹងថាដាក់នៅក្នុងរឿងអ្វីទេ! តែការកាត់ទោសជាអធិបតេយ្យភាពរបស់តុលាការកម្ពុជា អាហ្នឹងតែប៉ុណ្ណឹងទេ! ហើយបរទេសដែលមកលូកលាន់ក្នុងអធិបតេយ្យភាពរបស់តុលាការកម្ពុជា គឺមិនអាចទៅរួចទេ។ បើគេដាក់ទណ្ឌកម្មអី អាហ្នឹងជារឿងរបស់គាត់»។

កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០% ពីកម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុបបានបរាជ័យក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ នៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួន និងការចោទប្រកាន់ទៅលើ​លោក កឹម សុខា ជាដើម។

ចំណែករដ្ឋសភា​​សហរដ្ឋ​អាមេរិក កាលពីខែ​កញ្ញា ឆ្នាំ​២០២១ ក៏បាន​អនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា (Cambodia Democracy Act) ឆ្នាំ២០២១ ឬ H.R 4686 ដែលសំដៅដាក់ទណ្ឌកម្មមកលើបុគ្គលសំខាន់ៗដែលធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ​នៅ​​កម្ពុជា​ផង​ដែរ។ ច្បាប់​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទាំង២​​នេះ កំពុង​ស្ថិតនៅក្នុងដៃព្រឹទ្ធសភាអាមេរិកនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ