ធនាគារ​ពិភពលោក​ផ្ដល់​ជំនួយ​ជិត​៧០លាន​ដុល្លារ​ដើម្បី​ការ​អប់រំ​នៅ​កម្ពុជា

រាជធានីភ្នំពេញ៖ សកម្មភាពនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសវត្ថិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទានសរុបចំនួនជិត៧០លានដុល្លារសហរដ្ឋអាមេរិក (៦៩,២៥) ​ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពប្រកបដោយសមធម៌ ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងក្នុងការឆ្លើយតបឱ្យបានរហ័សទៅនឹងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំនៅកម្ពុជា។

កញ្ចប់មូលនិធិថ្មីនេះ រួមមាន ទឹកប្រាក់ចំនួន៦០លានដុល្លារអាមេរិកដែលធនាគារពិភពលោកនឹងផ្ដល់ជាឥណទានតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) និង ៩,២៥លានដុល្លារអាមេរិកទៀតដែលជាជំនួយឥតសំណងពីអង្គការភាពជាដៃគូសកលដើម្បីការអប់រំ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី១៨ ខែមករា ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ (GEIP) ដែលមានរយៈពេល៥ឆ្នាំ​ ជាមួយគោលបំណងជួយកម្ពុជាក្នុងការឈានទៅសម្រេចចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការអប់រំ ឆ្នាំ២០១៩-២០២៣។​

ចក្ខុវិស័យនេះគឺឆ្ពោះទៅ «បង្កើតនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់និងសីលធម៌ល្អ ដើម្បីអភិវឌ្ឍឱ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន»

ប្រភពដដែលបន្តថា គម្រោងនេះក៏មានសកម្មភាពធំៗជាច្រើនទៀតដូចជា ការអនុវត្តកម្មវិធីគ្រប់គ្រងនៅតាមសាលារៀន ការផ្ដល់ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្ដុះបណ្ដាល និងបុគ្គលិកសិក្សា និងការកែលម្អបរិយាកាសរៀនឱ្យប្រសើរឡើងថែមទៀត។

បន្ថែមពីនេះ មានការសាងសង់និងស្ដារជួសជុលឡើងវិញនូវអគារសិក្សា មន្ទីរពិសោធន៍វិទ្យាសាស្ត្រ ស្ថាប័នបណ្ដុះបណ្ដាលគ្រូ និងសាលាអប់រំពិសេស ព្រមទាំងតម្រូវការទិញគ្រឿងបរិក្ខារបច្ចេកទេសសម្រាប់ការអប់រំ និងការជួយដល់សិស្សមានពិការភាព រាប់ទាំងការវាយតម្លៃលើសភាពនៃពិការភាពនីមួយៗផង។ ក្រៅពីនេះ គម្រោងនៅមានការសាកល្បងកម្មវិធីអប់រំបច្ចេកវិទ្យាមួយ (EdTech) សម្រាប់មុខវិជ្ជាគណិតវិទ្យា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ