តុលាការដាក់ឱ្យអ្នកកាសែតម្នាក់ស្ថិតក្រោមការត្រួតពិនិត្យ៦ខែ ពាក់ព័ន្ធការផ្សាយរឿងវិវាទដីធ្លីនៅខេត្តកំពត

ចាងហ្វាងកាសែត LSN លោក លួស សេង ឈរមុខសាលាដំបូងខេត្តកំពត ក្នុងថ្ងៃលោកចូលសវនាការពាក់ព័ន្ធនឹងការផ្សាយរឿងជម្លោះដីធ្លី និងការចាប់ខ្លួន​ពលរដ្ឋ៤​នាក់​នៅខេត្ត​កំពត ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

សាលាដំបូងខេត្តកំពត សម្រេចឱ្យអ្នកសារព័ត៌មានម្នាក់នៅក្រៅឃុំ ប៉ុន្តែស្ថិត​ក្រោមការតាមដានតាមផ្លូវតុលាការ​រយៈពេល៦ខែ ពាក់ព័ន្ធការផ្សាយព័ត៌មានស្ដីពីជម្លោះដីធ្លីនៅខេត្តនេះ កាលពីចុងឆ្នាំ២០២១។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត លោក អាំង សុភា បានបង្គាប់​ឱ្យចាងហ្វាង​កាសែត LSN លោក លួស សេង ឆ្លើយបំភ្លឺក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​ប្រមាថ» នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រោយពីអ្នកសារព័ត៌មានរូប​នេះផ្សាយរឿងជម្លោះដីធ្លី និងការចាប់ខ្លួន​ពលរដ្ឋ៤​នាក់​នៅខេត្ត​កំពត

ចាងហ្វាងកាសែត LSN លោក លួស សេង ប្រាប់ វីអូឌី យ៉ាងខ្លីក្រោយចេញពីតុលាការថា រូបលោកត្រូវបានតុលាការ​​សម្រេចឱ្យត្រលប់ទៅផ្ទះវិញ ប៉ុន្តែដាក់ស្ថិតក្រោមការតាមដានតាមផ្លូវតុលាការរយៈពេល៦ខែ។ លោក លួស សេង សុំមិនទាន់ផ្ដល់បទសម្ភាសន៍បន្ថែមច្រើនទេ ដោយថា បារម្ភពីសុវត្ថិ​ភាព។

នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ចាត់ទុកការប្ដឹងអ្នកសារព័ត៌មានទៅ​តុលាការនេះ​​ថា ជាកា​រ​រំលោភ​​លើ​សិទ្ធិសេ​រីភាព ​និង​ជាការគំរាមកំហែង ដែល​​​ធ្វើឱ្យ​​ប៉ះពាល់​ដល់ការអនុវត្ត​​ការងារនិងតួនាទី​របស់​អ្នកសារព័ត៌មាន។

លោក ណុប វី បន្តថា ប្រសិនបើអ្នកសារព័ត៌មានរាយការណ៍មានចំណុច​ខ្វះខាតនិង​មិនគ្រប់ជ្រុងជ្រោយនៅត្រង់ចំណុច​ណាមួយនោះ ខាង​​សមត្ថកិច្ចត្រូវចេញសេចក្ដីបំភ្លឺ ឬបកស្រាយ​ប្រាប់ទៅអ្នកសារព័ត៌មាននោះវិញ ដោយ​មិនត្រូវចាប់និងប្រើប្រាស់ប្រព័ន្ធតុលាការមកចាត់ការលើ​អ្នកសារព័ត៌មានបែបនេះទេ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នករាយការណ៍ព័ត៌មាន LSN TV ចំនួន២នាក់ គឺលោក សាយ សុភា និងលោក អ៊ីង ធឿង ត្រូវបានសមត្ថកិច្ចខេត្តកំពតចាប់ខ្លួននិងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេបានផ្សាយ​ព័ត៌មានរឿងជម្លោះដីធ្លី និងការចាប់ខ្លួនពលរដ្ឋ៤នាក់នៅខេត្តកំពត ប៉ុន្តែត្រូវបានដោះលែងវិញ ក្រោយពីតុលាការសាកសួរនិងចាប់ឃុំខ្លួនចំនួន៣យប់រួចមក។

នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក ម៉ៅ ធនិន អភិបាលខេត្តកំព​ត ​បា​ន​​បញ្ជា​​​ឱ្យ​មន្ទីរ​ព័ត៌​មាន ត្រួត​ពិនិត្យ​ការ​ចូល​មក​យក​ព័ត៌មាន​របស់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពត។ ​អភិបាលខេត្តដែលត្រូវជា​ក្មួយ​ប្រសា​ថ្លៃ​របស់លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រូបនេះ ក៏​បាន​ព្រមាន​អ្នក​​សារ​ព័ត៌មាន​ទាំងឡាយណា ដែល​លោក​ថា ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ណាដែលធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយសនិង​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំផងដែរ។

លោកមានប្រសាសន៍ថា៖ ​«បង​សុំ​បញ្ជា​ត្រង់​ទៅ​មន្ទីរ​ព័ត៌​មាន​ គ្រប់​ស្ថាប័ន​នៅ​ក្នុង​ស្ថាប័ន​ព័ត៌មាន​ទាំង​អស់ ​ចុះ​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យរបស់​មន្ទីរ​ព័ត៌មាន ​គ្រប់​គ្រង​ឱ្យ​​បាន ​តើ​មាន​ស្ថាប័ន​ព័ត៌​មាន​ប៉ុន្មាន?​ ប៉ុន្មាន​ស្ថាប័ន​ដែល​ចុះ​មក​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត? ទាន់? ​អត់​មាន​ចេះ​តែ​សរសេរ ហើយ​មក​និយាយ ​មក​បោក! ​ស្ដាប់​មួយយប់ៗ​ក៏​ខ្ញុំ​ចង់​វិល​ដែរ»

លោក ​ម៉ៅ ធនិន ​បន្ត​ថា៖​ «អ្នក​ដែល​មាន​សិទ្ធិ​មក​ប្រើ​ប្រាស់ ​ធ្វើ​ការងារ​យក​ព័ត៌​មាន​នៅ​ក្នុង​ខេត្ត ​ត្រូវ​ឆ្លង​កាត់​មន្ទីរ​ព័ត៌មាន​ គ្រប់​គ្រង​ឱ្យ​​បាន​មុខ​សញ្ញា​នេះ! ​ទាន់​ហ្អេ? ​ចុះ​ទៅ​ណា? កន្លែង​ណា?​ ត្រូវ​តែ​ដឹង ​ទាន់​ទេ? ​ហើយ​ត្រូវ​មាន​ការ​ទំនាក់​ទំនង​ផ្ទាល់​ទៅ​អាជ្ញា​ធរ​ដែន​ដី​របស់​យើង​ ថា​ថ្ងៃ​នេះ​ព័ត៌មាន​មាន​ប៉ុន្មាន​ស្ថាប័ន​ចុះ​ទៅ​ស្រុក​នេះ»

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន ​លោក ​ខៀវ កាញារីទ្ធ​ មាន​​ប្រសាសន៍ថា ករណី​សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មាន២នាក់នៅខេត្តកំពតនេះ ជារឿងមិនត្រឹម​ត្រូវឡើយ។ លោក​ថា​ អ្នក​សារព័ត៌មានមាន​សិទ្ធិ​ពេញ​លេញ​​ក្នុងការ​ចុះ​យក​ព័ត៌មាន​ទូទាំង​ប្រទេស ​ដោយ​​​ពុំ​ចាំបាច់​​ជូន​ដំណឹង​​ឬ​សុំការ​អនុ​ញ្ញាត​ពី​​អាជ្ញាធរ​ឡើយ​។

លោកបានគូសបញ្ជាក់​​ថា៖ «អភិបាលខេត្ត​មួយ ​[លោក ម៉ៅ ធនិន] ​​អ្នក​​កាសែត​​ទៅ​​ណា ​ត្រូវ​រាយការណ៍​ ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ ​មិន​មែន​អ៊ីចឹង​ទេ​! ​មាត្រា​៤០ ​បាន​និយាយ​ពី​សិទ្ធិ​ដើរ​ហើរ​បស់​ពលរដ្ឋ​ គេ​ទៅ​ណា​ គេ​មាន​សិទ្ធិ​របស់​គេ ​គេ​មិន​បាច់​ជូន​ដំណឹង​យើង​ទេ​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ