មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលភាគីចិនកំពុងរួមចំណែកអភិវឌ្ឍ គឺជាប្រយោជន៍កម្ពុជា ដោយមិនបម្រើប្រយោជន៍ផ្តាច់មុខប្រទេសណាមួយនោះឡើយ ហើយទីតាំងនោះអនុញាតឱ្យគ្រប់នាវាយោធាបរទេស ក៏អាចមកចូលចតបានដូចគ្នា ប៉ុន្តែត្រូវមានការយល់ព្រមពីភាគីកម្ពុជាជាមុន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគម្រោងគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី (Asia Maritime Transparency Initiative- AMTI) នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍សង្ខេបមួយ កាលពីថ្ងៃ២១ ខែមករា ឆ្នាំ២០២២ បង្ហាញថា មានម៉ាស៊ីនបូមខ្សាច់ខ្នាតធំពីរគ្រឿងអម ដោយស្រឡាងដឹកខ្សាច់មួយចំនួនកំពុងធ្វើសកម្មភាពបូមខ្សាច់ឬចាប់ខ្សាច់ នៅក្បែរឆ្នេរនៃមូលដ្ឋានទ័ពជើងទឹករាម។
របាយការណ៍បញ្ជាក់ថា ការស្ដារកំពង់ផែឱ្យកាន់តែជ្រៅចាំបាច់សម្រាប់ការចូលចតនាវាចម្បាំងខ្នាតធំ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលកម្ពុជានិងចិន ដែលត្រូវបានមន្ត្រីសហរដ្ឋអាមេរិកអះអាងថាបានឃើញកាលពីឆ្នាំ ២០១៩។
ប្រភពដដែលឱ្យដឹងថា ផ្អែកតាមរូបភាពពីប្រព័ន្ធផ្កាយរណបកាលពីថ្ងៃទី១៦ ខែមករា បង្ហាញថា ម៉ាស៊ីនបូមខ្សាច់ខ្នាតធំទាំងពីរគ្រឿងនោះ បានទៅដល់ទីតាំងក្បែរឆ្នេររាម ចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ មករា និងបានស្ថិតនៅតំបន់នោះរហូតមក។ របាយការណ៍សង្ខេបបន្តថា ក្រៅពីតាមរយៈផ្កាយរណប គេក៏អាចមើលឃើញរូបភាពម៉ាស៊ីនបូមខ្សាច់នោះ នៅក្នុងរូបថតដែលរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ បានបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែមករា ផងដែរ។
យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍នៅរសៀលថ្ងៃអាទិត្យនេះថា ដើមចមដែលនាំឱ្យកម្ពុជាអនុញាតឱ្យភាគីចិនប្រើប្រាស់ម៉ាស៊ីនបូមខ្សាច់ខ្នាតធំពីរគ្រឿងអមដោយស្រឡាងដឹកខ្សាច់មួយចំនួននៅក្បែរឆ្នេរនៃមូលដ្ឋានទ័ពជើងទឹករាមនោះ គឺ ដើម្បីអភិវឌ្ឍ ការពង្រីកសមត្ថភាពមូលដ្ឋានទ័ពជើងទឹកមួយនេះ។
លោកកបន្តថា ការសម្រេចនោះជាសិទ្ធិ និងអធិបតេយ្យភាពរបស់កម្ពុជា ដោយមិនបានបម្រើប្រយោជន៍ផ្តាច់មុខដល់ប្រទេសណាមួយនោះទេ។
លោកមានប្រសាសន៍ថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំកំពូលយោធារបស់សម្តេច ទៀ បាញ់ គាត់បានប្រកាសថា សុំកិច្ចសហប្រតិបត្តិការចំពោះមិត្តទាំងអស់លើពិភពលោក។ បើសិនចង់ចូលរួមកម្ពុជាស្វាគមន៍ ហើយការប្រើប្រាស់សម្រាប់អន្តរជាតិក្នុងការយកកប៉ាល់មកចត ឬមកទស្សនៈកិច្ចនៅកម្ពុជា មិនមែនធ្វើលាក់លៀមទេ »។
លោកមានប្រសាសន៍បន្ថែមថា៖ «បើសិនជាមានការសង្ស័យថា ការអភិវឌ្ឍនៅកំពង់ផែននៃមូលដ្ឋានកងទ័ពជើងទឹករាម សម្រាប់ទុកឱ្យចិនផ្តាច់មុខជាការភ័យព្រួយហួសពីព្រំដែន ហើយកម្ពុជាចង់អភិវឌ្ឍរបស់ខ្លួន សំរាប់ផលប្រយោជន៍ទូទៅជាអន្តរជាតិ។ បើគេចង់មកចុះចតនៅទីតាំងនោះ ត្រូវមានការអនុញាតពីថ្នាក់ដឹកកម្ពុជា និងគោរពតាមច្បាប់កម្ពុជា»។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានសរសេរថា លោកសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹកបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍ ក្នុងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្នុងគោលដៅអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់យុទ្ធោបកណ៍ទំនើបៗ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដីកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
អមដោយសំណេរទាំងនេះ ក៏មានរូបថតដែលបង្ហាញពីសកម្មភាពជាច្រើនរបស់លោកក្នុងគ្រាចុះទៅពិនិត្យទីតាំងមូលដ្ឋានយោធារាមកាលពីថ្ងៃទី១៨ ខែមករានោះ ហើយរូបថតមួយក្នុងចំណោមរូបភាពប្រមាណ១០នោះ គឺជារូបស្រឡាងដឹកខ្សាច់ និងម៉ាស៊ីនបូមខ្សាច់ឬចាប់ខ្សាច់ ដែលមានក្នុងរបាយការណ៍សង្ខេបរបស់ AMTI ផងដែរ។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន នោះ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
លោកមានប្រសាសន៍ថា៖ « មិនអាចនិយាយ ឬធ្វើអ្វីមួយដែលខុសពីរដ្ឋធម្មនុញ្ញបានចែងនោះទេ។ កាលណាយើងធ្វើអ្វីក៏ដោយ បើផ្ទុយពីរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួនដែលបានចែងហើយ យើងដឹងហើយថា ការគោរពនិងប្រតិបត្តិនីតិរដ្ឋ ឬការងារ ឬរៀបចំដឹកនាំរបស់យើងបានប្រាស់ចាកពីការពិត ដែលឆ្លុះបញ្ចាំងពីភាពមិនស៊ីសង្វាក់គ្នានៅក្នុងច្បាប់ ហើយនិងការអនុវត្តជាក់ស្តែង»។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៣ ចែងថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
មាត្រាដដែលនេះថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែតបរទេសមួយឈ្មោះ The Wall Street Journal របស់អាមេរិក បានចុះផ្សាយថា កម្ពុជាបានលួចចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយចិន ដោយឱ្យចិនគ្រប់គ្រងកំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខរយៈពេល៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងសម្ងាត់នោះនឹងធ្វើឡើងរយៈពេល១០ឆ្នាំម្តង។ ប្រភពដដែលបន្តថា កិច្ចព្រមព្រៀងនោះត្រូវបានគេរាយការណ៍ថា បានផ្តល់សិទ្ធិឱ្យយោធាចិនកាន់កាប់មូលដ្ឋានទ័ពរាមជាថ្នូរនឹងការ ការកែលម្អគ្រឿងបរិក្ខារ ថវិកាជាដើម។
បន្ថែមលើការសង្ស័យរបស់អាមេរិកអំពីមូលដ្ឋានយោធាចិននៅតំបន់រាម តាមរយៈការចុះផ្សាយអត្ថបទបរទេសមួយនេះ អំឡុងខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានសម្រេចវាយកម្ទេចអគារដែលសាងសង់ដោយជំនួយរបស់អាមេរិកចំនួនពីរ ក្នុងភូមិសាស្ត្រមូលដ្ឋានយោធារាម ទាំងម្ចាស់ជំនួយមិនបានដឹងឡើយ ដោយជំនួសមកវិញនូវការកសាងអគារថ្មីដែលជាជំនួយរបស់ចិន។
ក្នុងពិធីមួយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ចេញមុខប្រកាសថា ការតវ៉ាករណីមូលដ្ឋានទ័ពចិននៅកម្ពុជាណាមួយនោះ គឺមានបំណងធ្វើរដ្ឋប្រហារទម្លាក់រូបលោក ដូចគ្នាទៅនឹងការធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ ក្រោមហេតុផលវត្តមានពួកយៀកកុងនៅលើដីខ្មែរ។
មិនតែប៉ុណ្ណោះលោក ហ៊ុន សែន ក៏បានជំរុញឱ្យពួកគេបង្ហាញភស្តុតាងជុំវិញការចោទប្រកាន់នេះ ដោយលោកថា ប្រសិនបើពួកគេមិនបង្ហាញភស្តុតាងទេ មានន័យថាកំពុងបង្កើតរឿងភូតកុហក។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានសម្តែងកង្វល់ជាខ្លាំង ចំពោះបញ្ហាវត្តមានយោធារបស់ចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម។
មិនតែប៉ុណ្ណោះ លោកស្រី ក៏បានសុំឱ្យថ្នាក់ដឹកនាំកម្ពុជាបំភ្លឺលើការវាយកម្ទេចអគារចំនួន ២ ដែលបានទទួលជំនួយថវិកាពីអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន។ លោកស្រី លើកឡើងពេលនោះថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាថែមទៀតផង៕