អាមេរិកផ្ដល់ជំនួយសព្វាវុធដល់អ៊ុយក្រែនបន្ថែម ដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានពីរុស្សី

យន្តហោះដឹកសព្វាវុធរបស់អាមេរិកជាជំនួយសម្រាប់អ៊ុយក្រែនការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ធ្វីតទ័រ៖ Oleksii Reznikov)

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Yuriyovych Reznikov បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់ខ្លួនបានទទួលសព្វាវុធពីសហរដ្ឋអាមេរិកជាលើកទី២ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយការពារជាតិក្នុងទំហំទឹកប្រាក់សរុបចំនួន២០០​លាន​ដុល្លារ។

អាមេរិកបានឱ្យដឹងថា ខ្លួន​នឹង​បន្ត​គាំទ្រ​អ៊ុយក្រែន ​ស្របពេលដែលមានការ​ព្រួយ​បារម្ភជុំវិញ​ករណីដែល​រុស្ស៊ី​ប្រមូល​ផ្ដុំទ័ព​​ប្រមាណជា១០​ម៉ឺននាក់នៅក្បែរព្រំដែនរបស់​អ៊ុយក្រែន បើទោះបីជារុស្ស៊ី​កាលពីពេលកន្លងទៅ ធ្លាប់បានបដិសេធ​គម្រោងរៀបចំ​ការ​វាយ​ប្រហារ​ណា​មួយលើប្រទេសមួយនេះ​យ៉ាងណាក៏ដោយ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានសរសេរលើ​​បណ្ដាញសង្គម​​ធ្វីត​ធ័រ​ (Twitter) ថា៖ «កញ្ចប់ជំនួយទី២បានមកដល់អ៊ុយក្រែនហើយ ដែលក្នុងនោះមានសព្វាវុធជាង៨០​តោន ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនពីមិត្តរបស់យើងនៅសហរដ្ឋអាមេរិក។ សកម្មភាពនេះនឹងមានជាបន្តបន្ទាប់ទៀត ដោយមិនបញ្ចប់ត្រឹមនេះនោះទេ»។

គួរបញ្ជាក់ថា អាមេរិក​ រួមនឹងប្រទេសមួយចំនួនទៀត កាលពីពេលកន្លងទៅ ក៏ធ្លាប់បានព្រមានដាក់វិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរនិងចំណាត់ការផ្សេងទៀតលើរុស្ស៊ី ក្នុងករណីដែលប្រទេសមួ​យ​នេះឈ្លាន​ពាន​អ៊ុយ​ក្រែន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ