ពលរដ្ឋ​៦នាក់​ត្រូវ​ទាហាន​ប្ដឹង​ទៅ​តុលាការ​ខេត្តកំពង់ស្ពឺ ក្រោយ​តវ៉ា​ប្រឆាំង​ការ​ឈូសឆាយ​ព្រៃសហគមន៍

ព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពក្រោយរងការឈូសឆាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋ៦នាក់ដែលជាសមាជិកសហគមន៍បានរងបណ្ដឹង​​នៅ​តុលាការ ក្រោយ​ពីពួក​គេនាំ​​គ្នាតវ៉ា​ប្រឆាំង​ក្រុមទាហាន​មិន​ឱ្យធ្វើស​កម្មភាពឈូសឆាយនិងកាប់បំផ្លាញព្រៃសហគមន៍​មួយកន្លែង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ លោក ទិន សុចិត្រា បាន​កោះហៅសមាជិកសហគមន៍​ចំនួន៦នាក់ នៅភូមិ​ពោធិ៍​មាស ឃុំត្រ​ពាំង​ជោរ ឱ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ​ក្រោមបទចោទដូចៗគ្នាចំនួន៤​ រួម​មាន «ធ្វើឱ្យខូចខាតដោយចេតនា គំរាម​កំហែង ជេរប្រមាថជាសាធារណៈ និងញុះញង់បង្កអសន្តិសុខធ្វើឱ្យ​ប៉ះពាល់ដល់សង្គម» ទៅ​តាម​បណ្ដឹងរបស់​បុគ្គល​ឈ្មោះ ប៉ែន សារិទ្ធ

បើតាម​ដីកា​ ពលរដ្ឋទាំង​៦នាក់ដែលតុលាការកោះហៅឱ្យចូលទៅ​ឆ្លើយបំភ្លឺ​នោះ រួម​មាន​ លោក ឡោ សុលី, លោក ឈួន ខឿន, លោក ខន សារិទ្ធ, លោក ឈន ធា, លោក សយ សាត និងពលរដ្ឋម្នាក់ទៀត។

សមាជិក​សហគមន៍​ម្នាក់​ដែលត្រូវតុលាការ​កោះហៅ​ លោក ខន សារិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​ថា ករណី​តុលាការកោះហៅនេះ ធ្វើឡើង​ក្រោយពីពួកគាត់សកម្ម​ក្នុងការតវ៉ាប្រឆាំងក្រុមទាហាន​មិន​ឱ្យ​កាប់​បំផ្លាញនិងឈូស​ឆាយដី​ព្រៃសហគមន៍​ «ឧត្ដម​ស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្ម​ជាតិ»

លោក​ចាត់​​ទុក​​ករណី​​​តុលាការ​​កោះ​ហៅ​នេះ​ថា ជាការគំរាមកំហែង​បំបាក់​ស្មារតី​​មិន​ឱ្យរូប​លោកនិងពលរដ្ឋផ្សេងទៀតហ៊ានចេញតវ៉ាប្រឆាំងការឈូសឆាយដីព្រៃសហគមន៍ពីសំណាក់​ទាហានបន្តទៀត ខណៈពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែការពារដីព្រៃសហគមន៍​ទុក​ជា​ប្រយោជន៍​រួ​ម​សោះ មក​ចោទប្រកាន់និង​ប្ដឹងពួក​ខ្ញុំ​អ៊ីចឹង វាអយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ពួក​ខ្ញុំ។ តុលាការគួរតែទម្លាក់ចោលបទ​ចោទ ឬអត់ចាត់​លើ​បណ្ដឹង​ហ្នឹង ពីព្រោះពួកខ្ញុំមិនធ្វើខុសដូចគេចោទ​ប្រកាន់​ក្នុង​បណ្ដឹងហ្នឹង​ទេ»

សហជិកសហគមន៍ និង​ជាអ្នកជាប់​បណ្ដឹង​ម្នាក់​ទៀត លោក ឈួន ខឿន បានបង្ហាញការខកចិត្ត​ចំពោះតុលាការ​ដែលមិន​​កោះ​ហៅ​​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ បែរជាមកកោះហៅពួកគាត់អ្នកការពារ​ទៅ​វិញ។

សហជិកសហគមន៍រូបនេះបន្ត​ថា ទាហាន​បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ និង​ប្រើ​ប្រាស់កម្លាំង​​​ឱ្យ​ចូល​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ «ឧត្ដមស្រែខ្ពស់» ដែលពួកគាត់​បានការពារជាង២០ឆ្នាំ​​ជា​បន្ត​បន្ទាប់និង​អស់ជាច្រើនហិកតា​ ដោយគ្មានការជួយទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

លោក​បន្ថែមថា៖ «ខ្ញុំយល់ថា រឿងនេះវាដូចជាហួសហេតុ​ពេក​ដែរ​ ដោយយើងគ្រាន់តែការពារសម្បត្តិ​រួម សម្បត្តិ​សមូហ​ភាព​ទាំង​អស់​គ្នាសោះ បែរ​ជា​មក​ប្ដឹង​យើង​ទៅ​តុលាការ។ អ៊ីចឹង​វា​ដូច​ជាអយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ពួក​យើង។ ​បើខ្ញុំតវ៉ា​យកមក​ធ្វើកម្មសិទ្ធិខ្លួនឯងទៅ វាសមប្ដឹងខ្ញុំ។ បើតាមខ្ញុំគិត គេប្ដឹងយើងនេះ​ គេចង់បំបាក់ស្មារតីមិនចង់ឱ្យតវ៉ា ធ្វើឱ្យខូចខាត​ផល​ប្រយោជន៍គេ»

វីអូឌី មិនអាចរកការឆ្លើយតប​ពី​ដើមបណ្ដឹង ឈ្មោះ ប៉ែន សារិទ្ធ ដែលក្រុម​ពលរដ្ឋ​អះ​អាង​ថាជាមន្ត្រី​ទាហាន និង​​​ប្រធានមន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី បានទេ នៅថ្ងៃអង្គារនេះ។

ប៉ុន្តែលោក ឱម ម៉ាក់ធារី ​ប្រាប់វីអូឌីកាលពីថ្ងៃទី១២ ខែ​មករា ថាអាជ្ញាធរប្ដឹងពលរដ្ឋទាំងនោះ​ទៅតុលាការ ដោយសារតែ​ពួកគេបង្កការរំខាន​ដល់​ការ​អនុវត្តការងាររបស់អាជ្ញាធរនិងទាហាន​ក្នុងការឈូសឆាយដីព្រៃ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ព និងពលរដ្ឋ៤១គ្រួសារ ដែល​រដ្ឋាភិបាលបានសម្រេចផ្ដល់ឱ្យរួចទៅហើយ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូម​តិ នៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះតុលាការ ដែល​កោះហៅ​សមាជិក​​សហគមន៍​ឱ្យចូលបំភ្លឺ ដោយសារតែពួកគេធ្វើសកម្មភាពការពារព្រៃឈើ ឬដីព្រៃសហគមន៍របស់ពួកគេ។

លោក​បន្តថា កន្លងមក អាជ្ញាធរតែងតែប្រើប្រាស់ប្រព័ន្ធ​តុលាការ​ប្ដឹង​ប្រឆាំងសកម្មជន​ព្រៃឈើ បរិស្ថាន និងសកម្មជនសង្គមផ្សេងៗ មិនឱ្យពួកគេហ៊ានធ្វើសកម្មភាពការ​ពារ​ផល​ប្រយោជន៍​រួម​បន្ត​ទៀត។ លោក​ថា រូបភាពនេះបានបញ្ជាក់យ៉ាងច្បាស់​ថា អាជ្ញាធរ​មិនបាន​ការពារ​ផល​ប្រយោជន៍​​ប្រជា​ពលរដ្ឋ និង​មិន​បាន​ចូល​រួម​ការ​ពារ​ធន​ធាន​ធម្មជាតិ​ឡើយ។

លោក ហេង គឹមហុង​ បន្ថែមថា៖ «អ្វីដែលខ្ញុំបង្ហាញ​ការ​សោក​ស្ដាយ​ម្ដង​ហើយ​ម្ដងទៀតជុំវិញករណីនេះ គឺប្រជា​ពលរដ្ឋ​គួរ​តែ​ជាផ្នែក​មួយ​ចូល​រួម​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ និង​ធនធាន​ធម្មជាតិ​នៅ​មូលដ្ឋាន​របស់ខ្លួន​ ស្របទៅតាមមាត្រា៣៥ នៃរដ្ឋធម្ម​នុញ្ញ មាត្រា២១​និង​២៩ នៃច្បាប់ស្ដីពី​តំបន់ការ​ពារ​ធម្មជាតិ។ ទន្ទឹម​ជាមួយគ្នានេះដែរ ខ្ញុំស្នើដល់តុលាការពិចារណាក្នុងការទម្លាក់​ចោលបទចោទប្រឆាំងទៅលើប្រជាពលរដ្ឋដែលជាអ្នកការពារធនធានធម្មជាតិ ជាពិសេស​បទញុះញង់នេះ»

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់​ធ្វើលំនៅឋាននិងបង្កបង្កើនផល។

អាជ្ញាធរឃុំត្រពាំងជោរ អះអាងថា ដីជាង២៦០ហិកតាដែលរដ្ឋាភិបាល​កាត់​ទៅ​គ្រួសារ​កង​ទ័ពនេះ​មិន​ស្ថិត​ក្នុង​ដី ​«សហគមន៍​ឧត្ដម​ស្រែខ្ពស់» ដូច​ការ​ចោទប្រកាន់​របស់​អ្នក​ភូមិ​ឡើយ។

បើតាម​សមាជិកសហគមន៍ លោក ខន សារិទ្ធ កាលពីដើមឡើយ សហគមន៍ «ឧត្ដមស្រែខ្ពស់» មាន​​ផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក ​មាន​ក្រុម​ហ៊ុន​​ឯ​កជន​និង​​ក្រុម​​ទាហាន​បាន​ចូល​ទៅរំលោភ​យក​​ជា​បន្ត​បន្ទាប់ ដោយបច្ចុប្បន្ន សហគមន៍នេះសល់ដីទំហំ៨៨៧ហិកតាប៉ុណ្ណោះ។

លោកបន្តថា សហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ត្រូវបានព្រះសង្ឃមួយអង្គព្រះនាម ព្រំ សុជាតិ ចូលទៅគង់នៅនិងថែរក្សាជាង២០ឆ្នាំហើយ ដោយបច្ចុប្បន្ន ក្នុងព្រៃនេះមានសត្វជាច្រើនប្រភេទ ដូចជា សត្វ​ក្ងោក មាន់ព្រៃ ស្វា ទោច និងសត្វព្រៃផ្សេងទៀតកំពុងរស់នៅជាមួយព្រះសង្ឃដែលគង់នៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ