ADB ផ្តល់ជំនួយប្រមាណ៧លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍និងផលិតកម្មស្រូវ

ប្រភពរូបភាព៖ វេបសាយADB Cambodia

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយ​ជិត ៧លានដុល្លារ ជួយស្តារវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជាក្រោយ​ពី​រង​ផល​ប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីប្រកាសព័ត៌​មាន នៅថ្ងៃទី៣១ ខែម​ករា​​​នេះ ADB បានសម្រេចផ្តល់​ជំនួយ​ចំនួនពីរ​ដល់​កម្ពុជា ដែលមានតម្លៃសរុប​ ៦,៨លានដុល្លារ ដើម្បីជួយ​ស្តារវិស័យ​ទេស​ចរណ៍ និងលើកស្ទួយគុណភាព និងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់​ផ្គត់​ផ្គង់​ស្រូវ​នៅ​កម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ជំនួយទី១ មានតម្លៃ ៣,៧លានដុល្លារ ត្រូវបានរំពឹងថា នឹងជួយដល់ប្រជាសហគមន៍ចំនួន៤ ០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍ដែលគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារក្នុងខេត្តព្រះវិហារ និងប្រាសាទភ្នំដា ក្នុង​ខេត្តតាកែវ ដែលប្រាក់ប្រមាណ​ ៣លាន​ដុល្លារ នៃជំនួយ​នេះ ត្រូវ​បាន​ផ្តល់ដោយ​មូល​និធិ​ជប៉ុន​សម្រាប់​ភាព​រុង​រឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific)។

សេចក្តីប្រកាស​ព័ត៌​មាន​នេះ បញ្ជាក់​ទៀត​ថា កញ្ចប់ជំនួយចំនួន ៣,៩លានដុល្លារ នឹងជួយដល់កសិករខ្នាតតូចចំនួន ២២ ០០០នាក់ ដែលជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវធន់នឹងអាកាសធាតុនៅក្នុងខេត្ត​បាត់ដំបង កំពង់ធំ និងព្រៃវែង ហើយថវិកាប្រមាណ​ ៣,៨លានដុល្លារ នៃ​ជំនួយ​នេះ បាន​​មក​ពី​កម្មវិធី​​​កសិកម្ម​​និង​សន្តិសុខ​​ស្បៀង​សកល (the Global Agriculture and Food Security Program) ដែល​ជាមូល​និធិ​​សកល​មា​​​ន​​គោលបំណងកាត់​​បន្ថយ​​ភាព​​អត់​ឃ្លាន និង​កែលម្អ​អាហារូបត្ថម្ភ​នៅក្នុង​ប្រទេស​មាន​ចំណូល​ទាប។

នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក Anthony Gill ដែលបានស្រង់សម្តីដាក់ក្នុងសេចក្តីប្រកាសព័ត៌​មាន​ បានថ្លែងថា កញ្ចប់ជំនួយទី១ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ ដោយឡែក កញ្ចប់ជំនួយទី២ នឹង​ជួយ​កសិករដំណាំ​ស្រូវ​នៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និ​ងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន បន្ថែមថា៖ «ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ