លោក ហ៊ុន សែន ថា ទំនិញឡើងថ្លៃក្នុងរដូវសែនចិនជារឿងធម្មតា

(រូប៖​ ហ្វេសប៊ុក​ Samdech Hun Sen, Cambodian Prime Minister)

នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែងថា ទំនិញឡើងថ្លៃក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ក្នុង​រដូវ​សែន​ចិននេះ គឺ​ជារឿ​ងធ​ម្មតា​ទៅហើយ ​ប៉ុន្តែពលរដ្ឋមួយចំនួន ស្នើឱ្យមានការត្រួតពិនិត្យ​លើបញ្ហានេះ ដើម្បីជៀស​វាង​ឈ្មួញកណ្តាលឆ្លៀតឱកាស​តម្លើងថ្លៃទំនិញតាមចិត្ត​។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានី​ភ្នំ​ពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​៣១ ខែមករា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បច្ចុប្បន្ន​ពលរដ្ឋកម្ពុជាភាគច្រើន​​​មានប្រាក់​ចំណូល​ ខណៈឆ្នាំនេះទំនិញឡើងថ្លៃជាងឆ្នាំមុន។

លោក ហ៊ុន សែន មានប្រសាសន៍បន្តថា«ប្រជាពលរដ្ឋរបស់យើងមានប្រាក់ចំណូល បើទោះបីថាមិន​មានប្រាក់​​គ្រប់​ទាំង​អស់​គ្នា​១០០% ក៏ប៉ុន្តែភាគច្រើនគឺមាន។ សូម្បីតែថ្ងៃហ្នឹង យើងពិនិត្យមើល ជ្រូកលក់តាមផ្សារ ពិតមែនហើយ​ថ្ងូរថាឆ្នាំហ្នឹង​ថ្លៃជាងឆ្នាំទៅ! បើមិនថ្លៃអាម៉េច? ឆ្នាំទៅខ្លាចកូវីដ អត់សូវហ៊ាន​ចូលឆ្នាំ​ទេ»។

លោកអះអាងថា ទំនិញឡើងថ្លៃនារដូវសែនចិនជារឿងធម្មតា រវាង​សេចក្តីត្រូវការ និងការ​ផ្គត់ផ្គង់​​ទំនិញលើទីផ្សារ។

លោក​នាយករដ្ឋមន្ត្រី គូសបញ្ជាក់​ថា៖ «យើងពិនិត្យមើលនៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះ មាននិន្នាការនៃទំនិញឡើងថ្លៃ បញ្ហានេះវាជាក្រឹត្យក្រមធម្មតាៗរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គងអាហ្នឹងវាត្រូវស៊ីសង្វាក់គ្នាជានិច្ច។ រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ ស៊ីសង្វាក់គ្នា!»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ក្នុង​ឱកាសមាន​បុណ្យ​ទានម្តងៗ ក្រសួងស្ថាប័នពាក់ព័ន្ធ គួរ​មានវិធានការ​ពិនិត្យ​លើការ​នាំចូលទំនិញ​ឱ្យ​បាន​ត្រឹមត្រូវ និងគួរបង្កើន​បរិមាណនៃការ​នាំចូល​ទំនិញ នោះ​ទើប​អាច​កាត់​បន្ថយ​ទំនិញ​ឡើង​ថ្លៃបាន។

លោកថា៖ «បុណ្យទានទាំងអស់គ្នាបានសប្បាយ ប្រជាជនអីគ្នាបានសប្បាយទាំងអស់គ្នាហ្នឹង គួរតែកុំឡើងថ្លៃ ប៉ុន្តែបង្កើនបរិមាណវិញ។ នៅក្នុងខែចូលឆ្នាំឧបមាថា យើងប្រើបន្លែនៅក្នុងរាជធានីភ្នំពេញ ឧបមាថា​ជាធម្មតាយើងអស់ថាមួយថ្ងៃ ២ ០០០​តោន ឬ៣ ០០០​តោន ដល់​ពេល​ចូលឆ្នាំចិនអីចឹង យើងបង្កើនដល់ ៨ ០០០​តោនអីចឹង ឧទាហរណ៍ពីរដង ឬបីដងចឹង​ទៅ»។

មួយ​វិញទៀត លោក គិមអេង យល់ថា រដ្ឋាភិបាលគួរ​លើកទឹក​ចិត្តកសិករឱ្យដាំ និងជួយសម្របសម្រួលឱ្យផលិតផលកសិកម្មទាំងនោះចូលតាមទីផ្សា​រឱ្យ​បាន​គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ និង​ត្រូវមានការគ្រប់គ្រង​តាមដាននូវកង្វះខាត នោះ​ទើប​​​អាច​ធ្វើ​ឱ្យ​តម្លៃទំនិញ​នៅលើ​ទីផ្សារ​​ស្ថិរភាព។

អាជីវករលក់បន្លែក្នុងរាជធានីភ្នំពេញ អ្នកស្រី ម៉ុង ស៊ីម៉ុន ថ្លែងថា រដូវសែនចិនឆ្នាំនេះ អ្នកស្រី​លក់​បន្លែមិនសូវដាច់ដូចមុនពេលមានវិបត្តិកូវីដ-១៩នោះ​ទេ ខណៈបន្លែឆ្នាំនេះ​មាន​តម្លៃ​ហក់ឡើងខ្ពស់ ហើយ​​ប្រជាពលរដ្ឋ​អាចនឹង​ចាយវាយ​ត្បិត​ត្បៀត​​ក្នុ​ងអំឡុងមាន​​វិបត្តិកូវីដ-១៩។

អ្នកស្រី​ថា៖ «អីវ៉ាន់ឡើងថ្លៃ ខ្ញុំឆ្ងល់ដែរ! ដល់ពេលហ្នឹង ខ្ញុំថាអាហ្នឹងមកពីអ្នករក​ស៊ីទីផ្សារហ្នឹងគេឡើង[ថ្លៃ]ពេលហ្នឹង ដើម្បីចំណេញពេលហ្នឹងដឹង? គេមានឱកាសពេលហ្នឹង។ ចឹងកុំឱ្យថ្លៃ យើងទិញ[របស់ណាទិញទុកបាន] ទុកពីមុនទៅ ដូចក្រដាសសែនអី យើងទិញទុកក៏វាមិនខូចដែរ»។

បែបនេះក្តី អ្នកស្រី ស៊ីម៉ុន ស្នើឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាជួយឱ្យទីផ្សារនាំចូលមានតម្លៃសមរម្យ ដើម្បី​ឱ្យអាជីវករ​អាចលក់បន្តដោយ​យក​ចំណេញបន្តិច​បន្តួច និង​មិនធ្វើឱ្យអ្នក​ទិញ​ចំណាយ​ប្រាក់​កាសច្រើន​ក្នុងការទិញទំនិញ។

ពលរដ្ឋរស់នៅ​ខេត្ត​សៀមរាប លោក រិន សុខរឿង និយាយថា បើទោះលោកមិនជាប់សែស្រឡាយ​ចិន និង​​មិនបានសែនព្រេនក៏​ពិតមែន​ ប៉ុន្តែលោកក៏ត្រូវការ​ទិញ​គ្រឿង​សម្រាប់​បរិភោគ​ ដូច​​ជា​បន្លែ ត្រី សាច់ និង​ផ្លែឈើ​ជាដើម ប៉ុន្តែ​តម្លៃទំនិញទាំងនោះ​​សុទ្ធតែឡើងថ្លៃក្នុងឱកាសបុណ្យ​ចូលឆ្នាំចិននេះ និងបុណ្យផ្សេងៗទៀត។

លោកថា៖ «គួរតែរដ្ឋមានអ្នកត្រួតពិនិត្យ ឬក៏សំខាន់ជាងគេឱ្យរដ្ឋអ្នកចាត់ចែងក្នុងការរៀបចំលក់ ឬក៏ទិញដូចប្រទេសគេខាងៗ ដូចជា​ប្រទេសថៃជាដើម អាហ្នឹងបានយើងតម្លៃថេរ។ បើយើង នៅប្រទេសយើង​ដូចជា​ថាសេរីផង​ក៏បាន មិនសេរី​ផង​ក៏បាន ដោយសារអីស្រេចតែអ្នកលក់ ឬក៏ហៅថាឈ្មួញកណ្តាល បើគាត់ចង់ឡើងប៉ុណ្ណា[គឺ]ប៉ុណ្ណោះ គាត់ចុះប៉ុណ្ណា[គឺ]​​ប៉ុណ្ណោះ»។

យ៉ាងណា អ្នកតាមដាន​សង្គម សង្កេតឃើញថា បញ្ហាទំនិញឡើងថ្លៃខ្ពស់នៅកម្ពុជា ក្នុងឱកាសបុណ្យ​ទាននេះ កើតឡើងស្ទើររាល់ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបញ្ហានេះបាន ក្រៅពីការអំពាវនាវកុំឱ្យមានការតម្លើងថ្លៃ ក្រោមហេតុផលថា កម្ពុជាអនុវត្តរបបសេដ្ឋកិច្ចទីផ្សារ​សេរី។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៣៥ ចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការ​ពិនិត្យ និងដោះស្រាយដោយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ ដោយឡែកមាត្រា៦៣វិញ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរបស់ពលរដ្ឋមានកម្រិតសមរម្យ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ