អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​មន្រ្តី​ខ្លួន​ម្នាក់​ទៅ​តុលាការ ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​នៅ​ក្នុងសន្និសីទ​កាលពីពេលកន្លងទៅ។

អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU បានបញ្ជូនមន្រ្តីខ្លួនម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការច្បាប់បន្ត ក្រោយពីរកឃើញថាមន្ត្រីរូបនោះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

សេចក្ដីប្រកាសរបស់​អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្រុមស៊ើបអង្កេតផ្ទៃក្នុងនៃអង្គភាពប្រឆាំងអំពើពុករលួយ បាន​ប្រមូលព័ត៌មាន ភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និង​អន្ដរជាតិ រួចមក អង្គភាពនេះរកឃើញថា បុគ្គលឈ្មោះ ទូច ទិត្យ​វឌ្ឍនា​ ជាប់សង្ស័យប្រព្រឹត្តអំពើពុករលួយដែលប្បញ្ញាតក្នុងមាត្រា៥៩២ ឬបទវិតិក្រម​ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។

សេចក្ដីប្រកាសរបស់ ACU ឱ្យដឹងទៀត​ថា៖ «ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានាក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវ ទទួលពិនិត្យពាក្យប្ដឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្ដី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្ដឹងដែលខ្លួនមិនទទួលបន្ទុកទៀតផង»។

ករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ លើកទឹកចិត្តដល់សាធារណជនចូលរួមផ្ដល់ព័ត៌មានមក​អង្គភាពនេះ​ជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់អះអាងថា ខ្លួនអាចប្រើប្រាស់តួនាទី​របស់ខ្លួនជាមន្ត្រី អ.ប.ព ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង​​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ នៅថ្ងៃនេះ។

ដោយឡែក អនុប្រធាន ACU លោក ឃាង សេង មិនអាចបកស្រាយរឿងនេះឡើយ ដោយរុញ​ឱ្យ​ទាក់ទងទៅអ្នកនាំពាក្យអង្គភាពមួយនេះ គឺលោក សយ ចាន់វិចិត្រ ប៉ុន្តែវីអូឌី​មិនអាចរកប្រភពទាក់​ទង​បាន​ទេនៅរសៀលថ្ងៃអង្គារនេះ។ ​

ទាក់ទិន​បញ្ហាពុករលួយនេះដែរ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ​បានចេញលិខិតអញ្ជើញ ឬកោះហៅ លោក ឯក ច័ន្ទពន្លឹក សាកលវិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ ដើម្បីឱ្យ​ចូលខ្លួនទៅបំភ្លឺ​ពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួននៅក្នុង​សកម្មភាពបំពេញ​តួនាទីភារកិច្ចរបស់ខ្លួន ​​តាមពាក្យបណ្ដឹង​ដែលអង្គភាពមួយនេះទទួល​បាន​កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ភាពមិនប្រក្រតីរបស់​លោក ឯក ច័ន្ទពន្លឹក រួមមាន កិបកេងប្រាក់អន្តរាគមន៍របស់ក្រសួងជាប្រយោជន៍​ផ្ទាល់ខ្លួន នៅក្នុង​១ខែ ចំនួន៣០លានរៀល និងប្រាក់ហ្វឹកហ្វឺន ​១ខែ ចំនួន១០០លានរៀល ពីមហាវិទ្យាល័យការពារជាតិដែលខ្លួនកំពុងគ្រប់គ្រង។

ចំណែកករណីយោធាចារ្យបង្រៀនមួយម៉ោងទទួល៥ ០០០រៀល សរុប១០៧នាក់ ក្នុងមួយត្រីមាស សរុបប្រាក់ជាង៤ ០០លានរៀល គុណនឹងបួនត្រីមាស សរុបទឹកប្រាក់ជាង១ ៦០០លានរៀល ដែលជាប្រាក់របស់ក្រសួងការពារជាតិផ្ដល់ឱ្យការឡើងថ្នាក់របស់យោធាចារ្យ ក៏ត្រូវឪពុកនិងកូនទាំង៣នាក់របស់លោក ច័ន្ទពន្លឹក បានកិបកេងចាប់​តាំងពីខែមេសា ឆ្នាំ​២០២១ រហូតមកដល់បច្ចុប្បន្ននេះផងដែរ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី គាំទ្រចំពោះវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើមន្ត្រីរបស់ខ្លួនដែលល្មើសច្បាប់ ដើម្បីជាគំរូល្អក្នុងការទប់ស្កាត់កុំឱ្យមានបទល្មើសបែបនេះកើតឡើងបន្តទៀត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា នេះជាដំណើរវិជ្ជមានមួយដែលរដ្ឋាភិបាលកំពុងធ្វើ ក្នុងការជំរុញក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អ៊ីចឹង​ខ្ញុំគិតថា ជាករណីមួយល្អ អាចជាសញ្ញាបង្ហាញទៅឱ្យអ្នកផ្សេងដែលអាចប្រព្រឹត្តខុសក្ដី ឬចង់ប្រព្រឹត្តខុសក្ដី គាត់អាចខ្លាច»។

លោកបន្ថែមថា៖ «បើសិនជា អ.ប.ព ធ្វើការស៊ើបអង្កេតឱ្យបានទូលំទូលាយ អាចស្វែងរកអ្នកដែលពាក់ព័ន្ធនៅក្នុងករណីហ្នឹងទាំងអស់ ក៏ជារឿងចាំបាច់ដែរ ដើម្បីធានាថា អ្នកដែលគប់គិតគ្នាក៏បានបញ្ហាដែរ។ អ៊ីចឹង​យើងគ្រាន់តែអនុវត្តច្បាប់ឱ្យត្រឹមត្រូវ បានន័យថា ច្បាប់បង្គាប់ឱ្យដាក់ទោសប៉ុន្មានឆ្នាំ យើងដាក់តាមហ្នឹង! កុំឱ្យមានការរើសអើងថាគាត់មានខ្សែស្រឡាយ មានបក្ខពួក ហើយបន្ថយ! ធ្វើម៉េចឱ្យស្មើភាពគ្នា»។

​កាលពីថ្ងៃទី២៥ ខែមករា​ អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍​អំពើពុករលួយនៅកម្ពុជា ឆ្នាំ២០២១ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២៣ ក្នុងចំណោមពិន្ទុពេញ១០០ ដែល​ស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេសនិងដែនដី។

បើទោះជាពិន្ទុនេះកើនឡើង២ពិន្ទុ បើធៀបទៅឆ្នាំ២០២០ក្ដី ប៉ុន្តែអង្គការអន្តរជាតិមួយនេះនៅតែរកឃើញថា កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយអាក្រក់ជាងគេក្នុងចំណោមប្រទេសអាស៊ាន។

សម្រាប់នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកវិញ កម្ពុជា​ឈរ​នៅ​លេខ​៣ បើគេរាប់ពី​បាត​តារាងវិញ ពោល​​គឺស្ថានភាពអំពើពុករលួយល្អជាងប្រទេស​អាហ្វហ្គានីស្ថាន និង​​កូរ៉េ​ខាង​ជើងតែប៉ុណ្ណោះ។ តែយ៉ាងណា របាយការណ៍នេះត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន ច្រានចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ