ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា គាំទ្រការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជំរុញទៅស្ថាប័នពាក់ព័ន្ធ ឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់។
ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក គ្រីសស្ទៀន ប៊េងហ្គឺ (Christian Berger) បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃម្សិលមិញនេះថា លោកបានតាមដានជម្លោះនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ អស់រយៈពេលជាយូរមកហើយ។ លោកថា ជម្លោះការងារនៅក្រុមហ៊ុនល្បែងមួយនេះកំពុងមានការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែខ្លាំងឡើង ហើយវាបានក្លាយជាប្រធានបទនៃការលើកឡើងរបស់លោកស្រី ភីត្រា ស៊ីគមឺនដ៍ (Petra Sigmund) អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ក្នុងពេលលោកស្រីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ។
លោកគ្រីសស្ទៀន ប៊េងហ្គឺ បានស្រង់ខ្លឹមសារដែលជាប្រសាសន៍លោក ស ខេង ថា៖ «ដើម្បីកុំឱ្យខាតពេលយូរ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលគួរតែបន្តឡើងវិញដោយមិនបង្អង់យូរ។ ខ្ញុំជឿជាក់ថា ទាំងពេលវេលានិងលទ្ធផលនៃការសម្រុះសម្រួលនឹងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំង ប្រសិនបើមេដឹកនាំនៃសហជីពអាចចូលរួមយ៉ាងសកម្មក្នុងដំណើរការចរចានេះ»។
ស្ថានទូតអាល្លឺម៉ង់ គឺជាស្ថានទូតមួយក្នុងចំណោមស្ថានទូតបរទេសចំនួន១៤ ដែលបុគ្គលិកណាហ្គាវើលដ៏បានសរសេរញត្តិសុំឱ្យជួយអន្តរាគមន៍ កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២២ ដែលក្នុងនោះរួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អាល្លឺម៉ង់ កាណាដា បារាំង អូស្រ្តាលី ចក្រភពអង់គ្លេស និងជប៉ុន ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍នៅថ្ងៃពុធនេះថា ការលើកឡើងរបស់លោក គ្រីសស្ទៀន ប៊េងហ្គឺ (Christian Berger) ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារបានជួបជជែកពិភាក្សាជាមួយភាគីក្រុមហ៊ុន និងតំណាងកម្មករចំនួន៥ដងមកហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយ។ លោកបន្តថា ក្រោយមកទៀត ក្រសួងនៅតែបន្តកោះហៅកម្មករឱ្យចូលដោះស្រាយនៅក្រសួងទៀតដែរ ប៉ុន្តែពួកគេមិនព្រមចូលរួម។
ទោះជាយ៉ាងណា លោកថា៖ «បើចង់ឱ្យក្រសួងដោះស្រាយ ទាល់តែបងប្អូនកម្មករចូលមកប្រជុំតាមការអញ្ជើញរបស់ក្រសួង។ ហើយសូមបងប្អូនញែកករណីឱ្យដាច់ពីគ្នា បើករណីណាដែលពាក់ព័ន្ធជាមួយនឹងសិទ្ធិ ត្រូវប្ដឹងទៅតុលាការទៅតាមនីតិវិធីដូចមានចែងនៅក្នុងច្បាប់។ រីឯអ្វីដែលពាក់ព័ន្ធនឹងផលប្រយោជន៍ បងប្អូនអាចពឹងពាក់ក្រសួងដើម្បីបន្តសម្របសម្រួលនិងដោះស្រាយ»។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ម៉ៅ គឹមឡាយ បង្ហាញក្ដីត្រេកអរចំពោះសាររបស់ស្ថានទូតអាល្លឺម៉ង់ ជុំវិញករណីវិវាទការងារនេះ។ ចំពោះការអំពាវនាវរបស់ក្រសួងការងារដែលចង់ឱ្យកម្មករចូលខ្លួនដោះស្រាយនៅក្រសួងជាមួយក្រុមហ៊ុននោះ អ្នកស្រីថាមិនអាចទៅរួចនោះទេ ដរាបណាមិនមានការដោះលែងតំណាងសហជីពទាំង៨នាក់ឱ្យមានសេរីភាពវិញ។
អ្នកស្រីមានប្រសាសន៍ថា៖ «និយាយទៅ ក្រសួងអត់មានបំណងចង់ដោះស្រាយជូនពួកខ្ញុំទេ។ បើពួកគាត់ចង់ដោះស្រាយ គាត់ត្រូវនៅអាជ្ញាកណ្ដាល។ បើសិនជាមិនបានតំណាងខ្ញុំចេញ ខ្ញុំអត់ចូលធ្វើការ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការអំពាវនាវរបស់ក្រសួងការងារដែលចង់ឱ្យក្រុមកូដករចូលរួមដោះស្រាយបញ្ចប់វិវាទការងារ ដោយមិនព្រមរកវិធីជួយអន្តរាគមន៍ដោះលែងតំណាងសហជីព៨នាក់ តាមការស្នើសុំរបស់តំណាងកម្មករនោះ គឺមិនអាចទៅរួចនោះទេ។
លោកគូសបញ្ជាក់ថា៖ «កូដករតវ៉ាទាមទារបែបនេះ ហើយមិនមានដំណោះស្រាយ បង្ហាញកាន់តែច្បាស់ថា វាធ្វើឱ្យឃើញអំពីការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ មិនមានសមត្ថភាពក្នុងការដោះស្រាយជូនប្រជាពលរដ្ឋរបស់ខ្លួនទេ […] យើងឃើញមានការលូកដៃពីខាងសហគមន៍អន្តរជាតិ ទទូចសុំឱ្យមានការរកដំណោះស្រាយហ្នឹងឯង។ ហើយការមិនដោះស្រាយតាមការស្នើសុំ ការលើកឡើងពីសហគមន៍អន្តរជាតិជាដើមនេះ វាធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលវិញទេ»។
គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានរយៈពេល៤៨ថ្ងៃហើយដែលបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានធ្វើកូដកម្ម ដើម្បីទាមទារការដោះស្រាយលក្ខខណ្ឌការងារ៩ចំណុច និងដោះលែងតំណាងសហជីពចំនួន៨នាក់ដែលបាននិងកំពុងជាប់ឃុំចំនួន៣៤ថ្ងៃមកហើយ៕