សវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ នឹងបន្តធ្វើនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ សប្ដាហ៍ក្រោយ បន្ទាប់ពីសវនាការនៅព្រឹកថ្ងៃនេះបានបិទបញ្ចប់។
សវនាការនៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ បានផ្ដោតលើការបង្ហាញ និងការពារភស្តុតាងរបស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ដែលបានដាក់ជាលើកទី៤ ក្នុងនោះ រួមមាន ឯកសារជាភស្តុតាងសរុបចំនួន២៨ ដែលមានប្រភេទជាវីដេអូ ប្រភេទបតិចរិត និងឯកសារផ្សេងៗទៀត។ ភស្តុតាងទាំងនេះ គឺភាគច្រើនបង្ហាញថា គណបក្សសង្គ្រោះជាតិប្រកាន់យកគោលការណ៍អហិង្សានិយម ដូចដែលលោក កឹម សុខា ធ្លាប់បានបញ្ជាក់នាពេលកន្លងមក ដែលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនមានបំណងផ្ដួលរំលំរដ្ឋាភិបាល ឬធ្វើបដិវត្តន៍ពណ៌ឡើយ។
ថ្ងៃទី២ ខែកុម្ភៈនេះ គឺជាសប្ដាហ៍ទី៣ហើយដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងលោក កឹម សុខា បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត២ឆ្នាំ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ និងជាសវនាការលើកទី២៩ ចាប់តាំងពីថ្ងៃបើកសវនាការដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ សវនាការលើសំណុំរឿងលោក កឹម សុខា បានចាប់ផ្ដើមបើកដំណើរការឡើងវិញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពាក់កណ្ដាលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «គប់គិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា»។
មួយឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោកត្រូវបានបញ្ជូនចេញពីពន្ធនាគារត្រពាំងផ្លុង ដែលមានទីតាំងនៅជាប់ព្រំដែនវៀតណាម មកដាក់ឃុំនៅក្នុងផ្ទះ ក្នុងរាជធានីភ្នំពេញវិញ មុននឹងតុលាការអនុញ្ញាតឱ្យលោកអាចធ្វើដំណើរដោយសេរី និងអាចជួបនរណាក៏បាន រួមទាំងទូតបរទេស។ តែលោក កឹម សុខា មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានោះឡើយ រហូតមកទល់នឹងពេលនេះ៕