ស្ត្រីដែលក្រសួងសុខាភិបាលថាបានឆ្លងជំងឺកូវីដ-១៩ បានចេញមកអះអាងថា អ្នកស្រីមិនបានឆ្លងជំងឺកូវីដ-១៩ពីកន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដូចការប្រកាសរបស់ក្រសួងសុខាភិបាលឡើយ។
ការចេញមកបដិសេធនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសមួយដោយតម្រូវឱ្យក្រុមកូដករណាហ្គាវើលដ៍ទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយរកឃើញស្ត្រីជាកូដករមានផ្ទៃពោះម្នាក់បានឆ្លងជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ស្ត្រីដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sam Arn Chhuon បានអះអាងថា អ្វីដែលក្រសួងបានប្រកាសកាលពីព្រឹកមិញនោះ គឺសំដៅមកលើខ្លួនដែលជាស្ត្រីមានផ្ទៃពោះបានឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែស្ត្រីរូបនេះបានអះអាងថា ក្រសួងទំនងជាយល់ច្រឡំថានាងបានឆ្លងជំងឺនេះពីកន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
ស្ត្រីរូបនេះបានអះអាងទៀតថា នាងសង្ស័យថាឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី «អូមីក្រុង» នេះពីស្ត្រីអ្នកលក់ខ្នុរតាមកង់ម្នាក់។ ស្ត្រីដដែលបន្តថា នាងបានខកខានទៅចូលរួមធ្វើកូដកម្មជាមួយបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចាប់តាំងពីថ្ងៃទី១៥ ខែមករាមក ហើយនៅថ្ងៃទី២៨ ខែមករា ទើបអ្នកស្រីធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។
ស្ត្រីរូបនេះនិយាយថា៖ «ខ្ញុំគិតថាប្រហែលជាគាត់ [ក្រសួងសុខាភិបាល] យល់ច្រឡំថាខ្ញុំឆ្លងពីខាងក្រុមកូដករហ្នឹងហើយមើលទៅ! តែដូចខ្ញុំនិយាយអ៊ីចឹង ជាក់ស្ដែងគឺខ្ញុំអត់ទេ ព្រោះខ្ញុំខានទៅ [ធ្វើកូដកម្ម] យូរហើយបងប្អូន។ ជួយឆែកមើល Facebook របស់ខ្ញុំម្ដងទៀតទៅ ខ្ញុំខានទៅយូរមែនទែន ខ្ទង់ថ្ងៃ១០ជាងហ្នឹង ខ្ទង់ថ្ងៃ១៥, ១៦, ១៧ [ខែមករា ឆ្នាំ២០២២] គឺខ្ញុំអត់ដែលបានទៅចូលរួមទេ តាំងពីថ្ងៃហ្នឹង ព្រោះដោយសារអីខ្ញុំមានទម្ងន់»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានកូដករជាស្ត្រីម្នាក់បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទ «អូមីក្រុង» ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានតម្រូវឱ្យក្រុមកូដករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។
ក្រសួងសុខាភិបាលបានព្រមានថា៖ «បើបុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលនេះ នឹងត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមាន»។
ប្រភពដដែលបន្តថា ក្នុងករណីមានកូដករណាម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក (Isolation) ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆយរបស់ក្រុមគ្រូពេទ្យទទួលខុសត្រូវ។
សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី គឹម ពិសី ឱ្យដឹងថា ពួកគាត់នៅតែប្រកាន់ជំហរតវ៉ា ហើយសុំឱ្យមានការធ្វើតេស្តនៅកន្លែងតវ៉ាតែម្ដង។
អ្នកស្រីបន្តថា៖ «គាត់ [រដ្ឋាភិបាល] ចង់បំបែកពួកខ្ញុំកុំឱ្យធ្វើ [កូដកម្ម] ទៀត គាត់យករឿងអីគ្រប់បែបយ៉ាង [ដើម្បីបំបែក កុំឱ្យមានការប្រមូលផ្ដុំតវ៉ា]។ ហើយអារឿងអូមីក្រុងហ្នឹង ក៏ខ្ញុំគិតហើយៗ ជីដូនមួយខ្ញុំក៏ប្រាប់ទៀតថា តិចទៀតហ្នឹង គេនឹងបង្វែររឿងអូមីក្រុងទៀត ដល់ពេលហើយមិនដល់កន្លះខែ មួយខែហ្នឹង ឥលូវចេញមករឿងហ្នឹងមែន»។
អ្នកស្រីបន្ថែមថា៖ «ពួកគាត់អត់ជួយដោះស្រាយពួកកូដករខ្ញុំដែលត្រូវពិបាកប៉ុណ្ណឹងហើយ ហើយគាត់មានតែរឿងថែមឱ្យពួកខ្ញុំអ៊ីចឹងទៀត ដល់ពេលអ៊ីចឹង ណាគេក៏ពិបាកដែរ គ្រាន់ថាពេលខ្លះយើងចេះតែតស៊ូទៅ»។
អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា ការដែលក្រសួងប្រាប់ទៅក្រុមអ្នកតវ៉ា ឱ្យទៅធ្វើតេស្តរកវីរុសកូវីដ-១៩នេះ ធ្វើឡើងក្នុងចេតនាឱ្យមានការចូលរួម ដើម្បីសុវត្ថិភាពបុគ្គល គ្រួសារ និងសហគមន៍។
លោកថា៖ «យើងមានបំណងតែប៉ុណ្ណឹងទេ! រឿងថាគាត់ចោទអីណាផ្សេងទៀត ជារឿងរបស់គាត់ទេ! ប៉ុន្តែថាគោលបំណងរបស់ក្រសួងជារឿងបច្ចេកទេសសុទ្ធសាធ នៅក្នុងការធ្វើយ៉ាងណាដើម្បីកុំឱ្យមានការឆ្លង ដោយសារមានករណីអូមីក្រុង»។
យ៉ាងណា លោក ហុក គឹមចេង បដិសេធបកស្រាយបន្ថែមពីវិធានបន្ត បើករណីក្រុមកូដករមិនទៅធ្វើតេស្តតាមការអំពាវនាវរបស់ក្រសួង ដោយលោកថា តួនាទីនោះជារបស់អន្តរក្រសួង។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនេះមានភាពមិនប្រក្រតី ដោយសារចន្លោះថេរវេលាវិធានសុខាភិបាលនៃការធ្វើតេស្តលើស្ត្រីម្នាក់ដែលឆ្លងកូវីដ-១៩ និងការស្វែងរកអ្នកពាក់ព័ន្ធ មានគម្លាតយូរខុសពីធម្មតា ស្របពេលក្រសួងប្រើខ្លឹមសារផ្លូវច្បាប់ព្រមានលើអ្នកតវ៉ា ក្នុងករណីពួកគេមិនទៅធ្វើតេស្តតាមការប្រកាស។
លោក ថារ៉ូ ថា៖ «ខ្ញុំគិតថា វាអាចជាទម្រង់នៃការគំរាមកំហែងមួយផ្នែកផ្លូវអារម្មណ៍របស់ពួកគាត់ ហើយ[ខ្លឹមសារនៃ]ការអនុវត្តនោះទៀតសោត ក៏មើលទៅមិនមានលក្ខណៈស្មើភាពគ្នាក្នុងការអនុវត្តករណីវិធានការគ្រប់គ្រងនិងទប់ស្កាត់នូវវីរុសចម្លងថ្មី»។
គួរជម្រាបជូនថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជិត១ ០០០នាក់ បានធ្វើកូដកម្មអស់រយៈពេលជិត៥០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យដោះលែងតំណាងរបស់ពួកគេ៨នាក់ពីពន្ធនាគារ និងទាមទារឱ្យដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនល្បែងមួយនេះ៕