សមត្ថកិច្ច​បញ្ជូន​កូដករ​ណាហ្គាវើលដ៍​៣នាក់​ទៅ​តុលាការ​នៅព្រឹកនេះ

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សមត្ថកិច្ចបញ្ជូនក្រុមកូដករបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់​ព័ន្ធ​​នឹង​​ការចោទ​ «រារាំង​ដល់​​ការ​​អនុវត្ត​​វិធាន​ការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​កូវីដ-១៩» ​កាលពីចុងសប្ដាហ៍មុន។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍​ថា សមត្ថកិច្ចបាន​បញ្ជូន​កូដករ​​​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ចំនួន៣នាក់ រួម​មាន លោក សេង វណ្ណារិទ្ធ លោក ជួន ចាន់ណាត និងលោក សៅរ៍ សម្បត្តិ ទៅតុលាការនាព្រឹកថ្ងៃអង្គារនេះ ដើម្បីចាត់វិធានការច្បាប់បន្ត ដោយសារតែ​ពួកគេជាប់ពាក់ព័ន្ធនឹងការ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩» ​កាលពីថ្ងៃទី៥ ខែកុម្ភៈនេះ ។

លោក​បន្តថា ចំពោះ​កូដករ​​ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួ​​ន៤នាក់​ទៀត រួមមាន ឈ្មោះ ម៉េង កាក់នីកា, អេង ស្រីបូ, អ៊ុក សុភ័ក្រមូលីកា និង ខឹង ចិន្ដា មិនចូលបំភ្លឺតាមដីកាកោះរបស់លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈនេះទេ សមត្ថកិច្ចនឹង​អនុវត្តវិធានការច្បាប់ទៅលើពួកគេ​ផងដែរ​ ពោលពួកគេអាច​ប្រឈមនឹងការ​ចាប់ខ្លួន​។

បើតាម​ក្រុម​​កូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលប្រាប់វីអូឌីថ្មីៗនេះ គឺ​អំឡុង​ពេល​ដែលពួកគាត់តវ៉ានៅថ្ងៃទី៥ ខែ​កុម្ភៈ​នោះ សមត្ថ​កិច្ច​​បាន​​ចាប់​ខ្លួន​​កូដករចំនួន​៦នាក់ ក្នុងនោះបានដោះលែងវិញ៣នាក់ ខណៈ៣នាក់ទៀតត្រូវ​បាន​បញ្ជូន​ទៅ​​សួរ​នាំ​នៅ​​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដោយចោទថាបានរារាំងដល់ការអនុវត្តវិធាន​ការ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈមន្ត្រីក្រសួងសុខាភិបាលចុះទៅយកសំណាក​ដើម្បីតេស្តរកវីរុសកូវីដ-១៩។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃនេះ។

នាយករងទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញ​ថា ការចាប់ខ្លួន​កូដករ​​ណាហ្គាវើលដ៍​ចំនួន៣នាក់​នេះ​ សមត្ថកិច្ច​​ហាក់​មិន​មាន​​ភស្តុតា​ងច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់​ថា«ពួកគេ​រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»នោះទេ ដោយសារក្រោយពីក្រសួងប្រកាសឱ្យក្រុមកូដករ​បាន​​ទៅធ្វើតេស្តរកវីរុស​កូវីដ-១៩ ដែលមានន័យថា ពួកគេបានទៅធ្វើតាមការប្រកាសនោះ ហើយក៏មិនបានរារាំងកូដករណាមិនឱ្យទៅធ្វើតេស្តនោះដែរ។

លោក​បញ្ជាក់ថា បើរដ្ឋាភិបាលមិនជួយ​អន្តរាគមន៍​ទៅស្ថាប័នពាក់ព័ន្ធឱ្យពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារ​នេះ ​និង​ដោះលែងតំណាងកូដករឱ្យមានសេរីភាព រួមទាំងទម្លាក់ចោលការចោទប្រកាន់លើពួកគេទេ នឹង​ធ្វើឱ្យ​បញ្ហា​​នេះ​កាន់​តែ​​រីក​ធំឡើ​ងៗជាងមុន។

លោកមានប្រសាសន៍ថា៖ «បើបញ្ហារបស់ពួកគាត់មិនត្រូវបានដោះស្រាយទេ កូដកម្មអាចមានបន្តទៅទៀត អត់អាចចប់បានទេ។ អ៊ីចឹង​បញ្ហាសំខាន់ ឫសគល់ហ្នឹង ត្រូវដោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ ឬជាមួយនឹងអតីតឬក៏បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុង​ធ្វើកូដកម្ម ហើយដោះលែងតំណាងរបស់ពួកគេ ដើម្បីឱ្យក្លាយទៅជាប្រតិភូចរចា​តាមការបោះឆ្នោតរបស់ពួកគេ ដើម្បីបញ្ចប់[វិវាទការងារ] អាហ្នឹងបានជាដំណោះ​ស្រាយ»។

បុគ្គលិក​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជិត១ ០០០នាក់​ បាននាំគ្នាធ្វើកូដកម្មអហិង្សាអស់រយៈពេលជិត៥០ថ្ងៃមក​ហើយ ដើម្បីទាមទារឱ្យ​​ដោះលែង​​តំណាង​សហជីព​​របស់​​ពួក​គេ៨នាក់ពីពន្ធនាគារ និងទាមទារឱ្យដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនល្បែង​មួយ​នេះដែលបានអូសបន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំមក​ហើយ។

ក្នុងពិធីមួយកាលពីថ្ងៃទី២៥ ខែមករា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញទៅភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ដោយលោកចាត់ទុក​ការតវ៉ារបស់បុគ្គលិក​ណាហ្គាវើលដ៍ ដោយ​សារ​វិវាទ​ការងារ។ លោកបន្ថែមថា ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ ភាគីក្រុមហ៊ុន រួមទាំងកូដករដែលកំពុងតវ៉ា ត្រូវរក្សាភាព​អត់ធ្មត់ និងប្រកាន់ជំហរសម្របសម្រួល ដើម្បីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហជីពអន្តរជាតិបានផ្ញើលិខិតមួយ​ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បានកើតចេញពីការបរាជ័យជាយូរ​ណាស់​មកហើយ​របស់​ភាគី​ក្រុមហ៊ុន​ ក្នុងការគោរពសិទ្ធិកម្មករ និងសហ​ជីព​ ចំពោះកិច្ចចរចា​ដោយស​មូហ​ភាព​ ដើម្បីទទួលបានប្រាក់ឈ្នួល និងលក្ខខណ្ឌការ​ងារ​កាន់​តែល្អ​ប្រសើរ​។

លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាល​លើ​​ការ​ងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមាន​ជំងឺ​​កូវីដ-១៩នោះទេ។​

ផ្ទុយទៅវិញ​ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ត្រូវ​បាន​​បញ្ឈប់​ពី​ការងារ ដោយ​មិន​បានពិគ្រោះ​​យោបល់​ក្រោម​ច្បាប់​ការងារ​កម្ពុជាឡើយ​ ដោយក្នុងចំណោមនោះ មានបុគ្គលិក១ ១០០នាក់ គឺ​ជា​សមាជិក​សហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ