បទយកការណ៍​៖ មុខរបរ​ស្ករត្នោត​នៅ​ក្នុង​ភូមិ​មួយ​ប្រឈម​ការ​បាត់បង់​ដោយសារ​ពុំ​មាន​អ្នក​បន្ត​វេន

ផលិតផលស្ករត្នោតក្រោយចម្រាញ់រួច។ (មេង គ្រុយពន្លក)

ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ជាភូមិមួយ​​ដែល​មាន​ពលរដ្ឋស្ទើរតែសឹង​គ្រប់ផ្ទះបាននាំ​គ្នា​​​​ប្រកបមុខ​របរធ្វើ​ស្ករត្នោតដើម្បីចិញ្ចឹមជីវិត ចាប់​តាំង​ពី​ជីដូន​ជីតាត​មក​ដល់​​កូន​ចៅ។ ប៉ុន្តែពេល​នេះ ​អ្នក​ភូមិ​ត្រពាំង​ធំ ជាពិសេស​​យុវជន ហាក់​បីដូច​ជា​មិន​ចាប់​អារម្មណ៍នឹង​​បន្ត​​វេន​​​ធ្វើ​​មុខ​​របរប្រពៃណី និងជាអត្តសញ្ញាណរបស់ខ្មែរនេះ​ទៀត​ទេ​ ដោយ​​ផ្ទះខ្លះ​បាន​សម្រេច​​បោះ​បង់​​មុខ​​របរ​នេះ​ជា​បន្ត​បន្ទាប់។ ពួកគេបាន​លើក​ហេតុ​ផល​ថា ការ​បោះបង់​​នេះ ដោយ​សារ​តែ​ការមុខ​របរ​​​នេះរក​ចំណូលបាន​តិចនិងប្រឈមគ្រោះថ្នាក់។

អ្នក​ស្រី គិន ខឿន​ អាយុ​៦៣​ឆ្នាំ មាន​មុខ​របរ​ជាអ្នកផលិត​ស្ករ​ត្នោតអស់រ​យៈពេល​ជិត​៣០​ឆ្នាំ ​បាន​​រៀប​រាប់​ថា ​អ្នក​ស្រី ​​និង​ស្វាមី​បានធ្វើមុខរបរនេះ​​​តាំ​ងពីរៀបការមក​ម្ល៉េះ ដែលនៅពេលនោះ មុខ​របរមួយនេះ​ ទទួលបានប្រាក់កម្រៃតិចតួចបំផុត ដោយ​ស្ករ​១គីឡូលក់បាន​ត្រឹម​៥០០រៀលប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា ​ថ្វីត្បិតតែ​មុខរបរ​ធ្វើស្ករត្នោតមិនចំណាយ​ធនធាន​ក៏ពិតមែន​ តែ​តម្រូវ​ឱ្យ​ចំណាយ​​ពេលវេលា​ច្រើន គឺ​ចាប់​ផ្ដើម​តាំង​ពី​ព្រលឹម​ទល់ព្រ​លប់​​ ដូចជា ​ប្ដីត្រូវ​ឡើងត្នោត ឯប្រពន្ធ​ត្រូវរម្ងា​ស់​ត្នោត និង​ត្រូវការអុសដុតច្រើន ជាដើម​។

អ្នក​ស្រី​​ថា៖ «ឥលូវ​គេច្រើនតែ​ឈប់​ធ្វើ [ស្ករត្នោត] គេ​ច្រើន​តែ​ធ្វើកា​រ​ងារ​​វិញ វា​ស្រួល​ជាង​ឡើង​ត្នោត​។ ណា​មួយកូន​ចៅ​ គេអាង​អី​ថាកុំ​ឱ្យ​ឡើង​ត្នោត​ ពាក្យ​ចាស់​លោកថា ១​ថ្ងៃ​​ងាប់​២ដង​ ឡើងទៅ​ពិបាក​ណាស់​ អាច​ធ្លាក់​ស្លាប់​​»

កំពុងអង្គុយលាងខ្ទះដែលទើបរម្ងាស់ស្កររួច អ្នក​ស្រី គិន ខឿន បាន​បញ្ជាក់ថា ទោះ​បី​ជា​តម្លៃ​ស្ករ​ត្នោត​មាន​ការ​កើន​ឡើង​បន្តិចក្ដី ក៏​អ្នក​ភូមិមួយចំនួនបានសម្រេច​ចិត្ត​​​បោះ​​បង់មុខរបរ​​ប្រពៃណី​​នេះដែរ ដោយសារ​តែ​ជា​មុខរបរប្រឈមនឹងគ្រោះថ្នាក់ និងរក​ចំណូល​បាន​តិច តែចំណាយពេលច្រើន។​ ​ជាក់ស្ដែង ​​សម្រាប់​គ្រួសារ​អ្នក​ស្រី​ បន្ទាប់​​ពី​អស់​​ពី​អ្នក​ស្រី​និង​ស្វាមី​ទៅ នឹង​គ្មា​ន​អ្នក​បន្ត​វេនធ្វើ​ស្ករត្នោតនេះទៀត​​ទេ ដោយហេតុ​​ថា​ ក្មេងជំនាន់​ក្រោយងាក​មក​រក​ការ​ងារធ្វើដែល​ស្រួល​ និង​មិនគ្រោះថ្នាក់​​ដល់​អាយុ​ជីវិត។

ដើមត្នោតជាច្រើនដើមនៅលើដីស្រែមួយកន្លែងក្នុងខេត្តមួយនៃប្រទេសកម្ពុជា។
ដើមត្នោតជាច្រើនដើមនៅលើដីស្រែមួយកន្លែងក្នុងខេត្តមួយនៃប្រទេសកម្ពុជា។

បើតាមស្រ្តី​វ័យចំណាស់​រូបនេះ បច្ចុប្បន្ន ស្ករត្នោតលក់ក្នុងភូមិ​បាន​តម្លៃ៨ ០០០រៀល ក្នុងមួយគីឡូ​ក្រាម ​ខណៈលក់នៅផ្សារបានប្រមាណ១០ ០០០រៀលក្នុងមួយគីឡូ។

អ្នកភូមិម្នាក់ទៀតដែលប្រកបរបរ​ផលិត​ស្ករត្នោត​អស់រយៈពេលជាង២០ឆ្នាំ លោក​ គ្រីស សន​​ បាន​ប្រាប់​ឱ្យដឹង​ថា លោកបានចាប់​អាជីព​ជា​អ្នក​ឡើង​ត្នោត និង​ផលិត​​ស្ករ​ត្នោត​ តវេនពីឪពុកចាប់​តាំង​ពី​កុមារភាព​រហូត​​ដល់​​លោក​មាន​​គ្រួសារ​​ក៏នៅ​​តែ​បន្ត​មុខ​របរ​នេះ ​​​ដោយសារ​លោក​​មិន​មាន​​ចំណេះ​ដឹង និង​​មុខ​របរ​ច្បាស់​លាស់​​​​។ លោកតែងតែ​​បន្ត​ផ្តាំទៅ​កូនៗ​មិន​ចង់ឱ្យស្នង​តំណែង​នេះ​ពី​រូបលោកនោះឡើយ​ ទោះបី​វា​ជា​មុខរបរនេះ​​បញ្ជាក់​ពី​ប្រពៃណី​អត្ត​សញ្ញាណជាតិក្ដី។

លោកពោលថា៖ «ខ្ញុំ​អត់​ចង់​ឱ្យ​កូន​ខ្ញុំ​ធ្វើអ៊ីចឹង​ផង ព្រោះ​វា​លំ​បាក ​កុំចង់ឱ្យ​យក​អាជីពហ្នឹង ព្រោះអី​អាជីព​ហ្នឹងអត់​មាន​​​រកស៊ី​អីបានទេ។ ខ្ញុំ​អត់​ចង់​ឱ្យ​ធ្វើ​អាជីពអ៊ី​ចឹង​ទេ ខ្ញុំ​ចង់​ឱ្យ​កូន​ខ្ញុំ​មាន​ ឱ្យខំរៀន​ឱ្យ​បាន​ធូរធារ​ជាង​ខ្ញុំ​ ព្រោះ​ការ​ងារ​ហ្នឹង​ វា​​ពិបាក​​ អត់​ស្រួល​ទេ​»។​

តែយ៉ាងណា បុរស​វ័យ​៤០ឆ្នាំ​រូប​នេះ​បារម្ភថា មុខរបរដែលជា​អត្ត​សញ្ញាណជាតិ​មួយ​នេះ​អាចនឹង​​​ប្រឈមនូវការបាត់​បង់​ក្នុង​ថ្ងៃណាមួយ​ខាង​មុខ ​ដោយ​​សារ​អ្នកភូមិ​ ជាពិសេស​​យុវជន​ជំនាន់​ក្រោយ មិនសូវចាប់អារម្មណ៍ក្នុងការបន្តវេន ខណៈមុខ​របរ​នេះ​ត្រូវប្រើប្រាស់​កម្លាំងច្រើន និងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

លោកថា៖ «ព្រៃឈើបាត់​បង់​បណ្ដើរៗ ហើយ​មានអី​ដុត[រម្ងាស់ស្ករ]ទៀត អនាគតមានតែ​បាត់ អត់មាននៅទេ​ ព្រោះក្មេង​ៗ​ឥលូវ​គេសុខ​​ចិត្ត​​​​ទៅធ្វើការ​នៅ​​រោង​​ចក្រ ​គេ​ធូរធារជាង​យើង។​ ​ទោះតម្លៃស្ករឡើង​ថ្លៃ​ក៏មិនប្រាកដថា​មា​ន​អ្នក​​ធ្វើ​ ទោះ​មាន​ក៏មាន​តិច វា​វេទនា ​អត់អីដុត​»។

អាជីវករលក់បន្លែ និងមានឪពុកម្ដាយធ្លាប់​ជា​អ្នក​ផលិត​ស្ករត្នោតផងនោះ លោក នូវ មុត​ បាន​និយាយ​​ថា​ មូលហេតុ​ដែល​លោកមិន​អាចបន្តអាជីពឡើងត្នោត និង​ផលិត​ស្ករ​ត្នោត​ពីឪពុកម្ដាយ ដោយសារ​លោកមានការ​ភ័យខ្លាចមិនហ៊ានឡើងខ្ពស់ និង​មិន​ចេះ​ពី​របៀប​យក​ទឹក​ត្នោត ខណៈឪពុកម្ដាយរបស់លោកក៏ហាមឃាត់មិនឱ្យប្រកបរបរ​នេះ​ដែរ។

លោកថា៖ «ម៉ែឪក៏មិនចង់ឱ្យធ្វើ​ នឹកឃើញធ្វើអាហ្នឹង វាយ៉ាប់កម្លាំង​ ហើយធ្វើក៏មិនបានដែរ​ ការងារទាំងអស់ហ្នឹងសុទ្ធតែប្រថុយជីវិតផង​»។

អតីតអ្នក​ផលិត​​ស្ករ​ត្នោត​ម្នាក់ លោក គ្រីស វ៉ិត ដែល​បាន​ចាប់​យក​អាជីពនេះ​​អស់​រយៈពេល​ជិត​​២០​ឆ្នាំមកនោះ បាននិយាយថា អាជីពនេះពិបាកនឹងធ្វើឱ្យជីវភាពគ្រួសារ​ធូរ​ធារ​ណាស់ ដោយសារ​តែការរកចំណូលបានតិច និងប្រថុយ​ប្រថាន​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​​ជីវិត​​ ដូច្នេះ​លោកក៏សម្រេចចិត្តបោះ​បង់​ចោល ហើយ​ទៅធ្វើជាពលករ​ចំណាក​ស្រុក​ទៅ​ប្រ​ទេស​ថៃ​វិញ។

លោកថា៖ «យើង​ប្រឈម​គ្រោះ​ថ្នាក់​ កាល​ណា​យើង​ខ្វះការ​ប្រុង​ប្រយ័ត្ន​ យើង​ខ្វះ​កំណល់​កល់​ អាច​​ចាប់​​មិនជាប់​​ចំណង អាច​ចំណង​រឹត​មិនតឹង ​វា​អាច​ងាក​ឆ្វេង​ងាក​ស្ដាំ ទឹក​ត្នោត​យើង​វា​ធ្ងន់​ដាក់​ចុះ​ពី​ចុង​មក​ វាអាច​វិល​បង្អោង​​នោះ​ វិល​ជើង យើង​អាច​រអិល​ធ្លាក់ ​វា​អាច​ធ្លាក់​ ចាប់អាលើ​មិនជាប់ ទឹក​ត្នោត​នេះ​វា​ធ្ងន់ ​​វាទាញ ​វាអាច​មាន​គ្រោះថ្នាក់​ច្រើន»។

​​​តែយ៉ាងណា លោក​បង្ហាញក្ដីបារម្ភពីការ​​បាត់​បង់​ផលិត​ផល​ស្ករ​​​ត្នោត​ និងអាជីព​ជា​​អ្នក​​ផលិត​ស្ករ​ត្នោត​ ខណៈលោកសង្កេតឃើញ​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកភូមិ​បាន​បោះបង់​​ចោល​អាជីពនេះជារឿយៗ​។ លោកបន្ថែមថា អ្វីដែលជាក្ដីបារម្ភមួយទៀតនោះ គឺ​ផល​ប៉ះពាល់​ទៅលើ​សុខភាព ដោយសារ​លោកសង្កេតឃើញ​មានការ​ផលិត​ស្ករត្នោត​ក្លែងក្លា​យដែលមានលាយ​សារធាតុ​ផ្សេងៗ​​​ដាក់​លក់​នៅលើទីផ្សារ។​

ចំណែក អតីតអ្នក​ធ្វើស្ករត្នោតម្នាក់ទៀត លោក បុន នឿន បាននិយាយ​ថា លោក​បោះ​បង់អាជីពនេះ​អស់រយៈពេល​ជាង៨ឆ្នាំមកហើយ ​បន្ទាប់ពីលោក​បាន​ធ្លាក់ពីលើចុងដើម​​ត្នោត​បណ្ដាលឱ្យ​បាក់ឆ្អឹងខ្នង​។ លោកបន្តថា ក្រោយពីជួបគ្រោះថ្នាក់នេះបាន​ធ្វើ​ឱ្យ​​​ស្ថាន​ភាព​គ្រួសារ​របស់​​លោកកាន់តែលំបាកមួយកម្រិតទៀត។

អតីតអ្នក​ធ្វើស្ករត្នោត លោក បុន នឿន រៀបរាប់ពីជីវភាពពេលដែលនៅប្រកបរបរឡើងត្នោត ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
អតីតអ្នក​ធ្វើស្ករត្នោត លោក បុន នឿន រៀបរាប់ពីជីវភាពពេលដែលនៅប្រកបរបរឡើងត្នោត ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

លោកថា៖ «កាលហ្នឹងខ្ញុំ​ឡើង ដូចអត់ដឹងបាក់កាំ​ អត់ដឹងខ្លួនដែរ បាក់កាំ​ ធ្លាក់ខ្ពស់ដែរ ក្បែរធាង​ក្បែរ​ស្លឹក​ខាង​លើ​។​ ខ្ញុំធ្លាក់​មកគ្រាំចង្កេះ បាក់ឆ្អឹងខ្នងពីរបីកង​ [ឥលូវ] លែងឈឺដែរ គ្រាន់តែ​ស្ពឹកជើង​ ក្ដិចជើង​ម្ខាងក្ដីមិនឈឺផង​»

ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC) លោក ថេង សាវឿន យល់​ស្រប​ដូចប្រជាពលរដ្ឋដែរ ដែលថា មុខរបរនេះមានប្រាក់ចំណូលតិច និង​ប្រឈម​គ្រោះ​​ថ្នា​ក់​​ខ្ពស់។

តែយ៉ាងណា លោក​ថា៖ «​​ប្រសិនបើរដ្ឋាភិ​បាល​​ ស្ថាប័នពាក់ព័ន្ធ ឬក៏ប្រជាពលរដ្ឋ នៅមិន​បន្តគាំទ្រទេ​ ​​អាច​នឹងបាត់​បង់​នូវ​មុខរបរនេះ ​ហើយក៏​បាត់បង់អត្តសញ្ញាណ ឬក៏វប្បធម៌​របស់ប្រជាពលរដ្ឋខ្មែរដែរ ពីព្រោះថា​ មុខរបរនៃការធ្វើស្ករត្នោត គឺជា​​ការសម្គាល់នូវអត្តសញ្ញាណ​​ ចំណូលសេដ្ឋកិច្ច​ការងារ​ធ្វើ​ ឬជាមុខរបរចញ្ចឹមជីវិតរបស់បងប្អូន​ប្រជាពលរដ្ឋដែរ»។

លោកបន្តថា ​ដើម្បី​ថែ​រក្សា​​មុខ​របរ​ដែលជាអត្តសញ្ញាណជាតិ​ខ្មែរ​នេះ ​ទាម​ទារ​ឱ្យ​ក្រសួងឧស្សាហកម្ម និង​សិប្បកម្មដែលទទួលបន្ទុក​ ​គួរពិចារណាសិក្សា​ស្រាវជ្រាវ​ ចងក្រង​នូវអត្ត​សញ្ញាណ​​ និងជំរុញ​លើកទឹកចិត្តប្រជាពលរដ្ឋនៅតំបន់​គោល​ដៅ​​ឱ្យ​បន្តប្រកប​មុខរប​រ​នេះ​ និង​​សិក្សាពីបច្ចេកទេស​ដែលអាច​កាត់បន្ថយ​​ហានិភ័យ ក៏ដូចជា​ស្វែងរកទីផ្សារ​ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ ជាដើម​។

អគ្គនាយក​សហគ្រាសធុនតូច និងមធ្យម (SME) លោក ហ៊ក ផេង បានគូសបញ្ជាក់​ថា​ ស្ករត្នោតជា​មុខរបរតំណាងឱ្យ​ជាតិសាសន៍កម្ពុជា​ និងមានតម្លៃមហាសាល​។ លោកបន្ថែមថា ​ស្ករត្នោតរបស់កម្ពុជា​ជាផលិតផលខ្មែរ​ដែល​​ត្រូវ​បានយកលាយ​ជាមួយ​អា​ហារ ស្រា និង​តែបាន​។​

​លោក​យល់​ឃើញ​ថា​ ផលិត​ផល​ស្ករ​ត្នោតនឹង​មិន​ឈាន​ដល់​ការបាត់​បង់​អត្ត​សញ្ញាណ​នោះ​​ឡើយ ​ដោយ​សារ​តែ​ខាង​ក្រសួងឧស្សាហកម្ម​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការស្រាវ​ជ្រា​​វ​​​រុក​​រក​​វត្ថុធាតុដើម ដែល​មាន​​​ក្រុម​ហ៊ុន​​នៅ​កូរ៉េជា​ដៃគូ។

លោកថា​៖ «ស្ករ​ត្នោត​មិន​​​មាន​ការបាត់​បង់នោះ​ទេ មាន​តែ​ការ​រីកចម្រើន​ទៅវិញ។​ បើសិន​ជា​យើង​មាន​មជ្ឈ​មណ្ឌល​ស្រាវ​​ជ្រាវ​​​នៅ​កូរ៉េ​មួយ សិក្សា​ស្រាវ​ជ្រាវ​ពីវត្ថុធាតុ​ដើម​ក្នុង​ស្រុក​ ខ្ញុំ​គិតថា មិនអាច​បាត់​បង់​ទេ មាន​តែ​រីកចម្រើន​ និង​មានតែការជំរុញ​ឱ្យដាំ​ត្នោត​ទៀត​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ