អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅឆ្នាំ​២០២១​បាន​ធ្លាក់ចុះ បើ​ធៀប​ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី១៣ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនេះ បានកើតឡើងនៅចំណុច​​ផ្លូវ​លេខ១៣៧ ស្ថិត​ក្នុង​ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ (ហ្វេសប៊ុក៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)

ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជានាឆ្នាំ២០២១ បានធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២០។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ នៅថ្ងៃទី៩ ខែកុម្ភៈនេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើងចំនួន២ ៦៧០លើក បណ្ដាលឱ្យស្លាប់ចំនួន១ ៤៩៧នាក់។ ចំនួនអ្នកស្លាប់នេះបានថយចុះ១៦៧នាក់ បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន១ ៦៦៤នាក់។ ចំណែកអ្នករងរបួសក៏បានធ្លាក់ចុះជិតពាក់កណ្ដាល ពោលគឺពីចំនួន៦ ១៤១នាក់ នៅឆ្នាំ២០២០ មកនៅត្រឹម៣ ៦១៥នាក់ នៅឆ្នាំ២០២១។

ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ២០២០ និង២០២១។ កាលពីឆ្នាំ២០២០ កម្ពុជាបានប្រកាសអាសន្ន បន្ទាប់ពីមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជិតដល់ពីរពាន់នាក់ (១ ៩៨១) នៅឆ្នាំ២០១៩។

មូលហេតុសំខាន់ៗដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរលើសល្បឿនកំណត់ ៣៨%, មិនគោរពសិទ្ធិ ២៤%, មិនប្រកាន់ស្ដាំ ១៤%, វ៉ាជែង ៨%, បត់ ៨%, ស្រវឹង ៤%, កត្តាយានយន្ត ៣% និងងងុយ ១%។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ទោះបីជាស្ថិតនៅក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ក្ដី តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមាន ហើយបានបន្សល់ទុកនូវសោកនាដកម្មជាច្រើនដល់ប្រជាពលរដ្ឋ។

លោកបានអំពាវនាវឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្ត ត្រូវបន្តជំរុញអនុវត្តកិច្ចការសំខាន់ៗ ដូចជា បន្តរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសត្រូវមានវិធានការច្បាស់លាស់ ដោយផ្ដោតលើមូលហេតុ មុខសញ្ញា គោលដៅ និងពេលវេលា ដែលបានកើតឡើងនូវគ្រោះថ្នាក់ ឬអំពើល្មើសច្បាប់។

នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) លោក គឹម បញ្ញា បានថ្លែងថា ការធ្លាក់ចុះគ្រោះថ្នាក់ និងអ្នកស្លាប់ដោយសារចរាចរណ៍នេះ អាចបណ្ដាលមកពីកត្តាពីរយ៉ាង គឺការចាត់វិធានការរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ដែលចូលរួមក្នុងការគោរពនិងអនុវត្តច្បាប់និងវិធានការច្បាប់ចរាចរណ៍ និងការធ្លាក់ចុះនៃលំហូរចរាចរណ៍ដោយសារការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។

យ៉ាងណាក្ដី អ្នកជំនាញរូបនេះបន្តអំពាវនាវឱ្យអាជ្ញាធរបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត។

លោកថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់និងវិធានការផ្សេងៗឱ្យបានខ្លាំងថែមទៀត ពិសេសក្នុងពេលដែលយើងចាប់ផ្ដើមបើកដំណើរការប្រទេសឡើងវិញ ដែលយើងឃើញថា មានសន្ទុះនៃគ្រោះថ្នាក់ហ្នឹងបានកើនឡើងវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ