សង្គមស៊ីវិល​ចាត់​ទុក​ករណី​លោក ឌួង ងៀប ថា​ជា​ការ​ទម្លាយ​អាថ៌កំបាំង​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។ (ហ្វេសប៊ុក​៖ Duong Ngeap ឌួង ងៀប)

ក្រុមអង្គការសង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាល​ចាត់​វិធានការ​លុប​បំបាត់​អំពើ​ពុក​រលួយក្នុង​ប្រព័ន្ធ​តុ​លា​​ការឱ្យ​មាន​ប្រសិទ្ធភាព ដើម្បីធានាយុត្តិធម៌សង្គម​ ខណៈមានមន្ត្រីផ្កាយ៣ម្នាក់​ទម្លាយពីបញ្ហានេះ។

ឧត្តមសេនីយ៍ផ្កាយមាស​៣ លោកឧកញ៉ា ឌួង ងៀប ថ្មីៗនេះបានទម្លាយ​ពី​អំពើ​ពុករលួយ​របស់​ចៅក្រមទាំង​មិន​បញ្ចេញ​ឈ្មោះ ខណៈរូបលោក​ត្រូវបាន​ចោទ​ពី​បទ «ឆបោកជនជាតិតៃវ៉ាន់»

លោក ឌួង ងៀប កាលពីថ្ងៃទី៧ ខែ​មករា បាននិយាយក្នុងវីដេអូបង្ហោះលើបណ្ដាញ​​ហ្វេសប៊ុករបស់លោកថា បន្ទាប់​ពីមានការ​ចោទ​ប្រកាន់ លោក​បាន​អង្វរ​តុ​លាកា​​រ​​​ឱ្យជួយ​ ដោ​យ​សម្អាង​ថា លោក​មិន​ដែល​​បោក​អ្នក​ណា​សូម្បីតែមួយ​រៀល។ ប៉ុន្តែលោក​ថា ពេលលោក​​ទៅ​​​​តុលាការ​ម្ដងៗ លោក​​​ត្រូវ​បង់​លុយឱ្យមន្ត្រីតុលាការរហូត ទោះ​បី​​លោកមិន​មា​ន​កំ​​ហុសក៏ដោយ ដែ​លការ​​ណ៍នេះ លោកថាលោក​ទ្រាំលែងបាន ហើយលុយក៏អស់ដែរ។ 

ឧកញ៉ា ឌួង ងៀប បានគូ​សប​ញ្ជាក់​ថា៖ «ខ្ញុំ​​ទ្រាំ​​ជាមួយចៅក្រមលែង​បាន​ហើយ ពេលនេះ​ខ្ញុំ​អស់​លុយហើយ ខ្ញុំគ្មានលុយឯណាឱ្យ​ចៅ​ក្រម​តទៅ​​ទៀ​​ត​​​​ទេ»។

បញ្ហានេះ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួល​បានការជំនុំជម្រះយុត្តិធម៌ នៅមជ្ឈមណ្ឌលសិទ្ធិ​ម​នុស្ស​កម្ពុជា លោក ហ៊ុន សាងហាក់ មានប្រសាសន៍ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានអ្នកជំនាញសិទ្ធិ​មនុស្ស​ជាតិនិងអន្តរជាតិមើល​ឃើញ​ថា មិន​ទាន់​ផ្ដល់ទំ​នុកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធនៅឡើយទេពីសេវាផ្ដល់យុត្តិ​ធម៌​នោះ ហើយថា អំពើពុករលួយ​ក្នុងប្រព័ន្ធនេះក៏គេបានឮច្រើនឆ្នាំណាស់មកហើយដែរ។

លោក​ចាត់​ទុក​ករណី​លោក ឌួង ងៀប ថា​ជា​វិញ្ញាសា​មួយចោទ​សួរ​ទៅ​ភាគី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​​ឱ្យពិចារណាឡើងវិញ ថាតើត្រូវចាត់វិធានការបែបណាទៅលើប្រព័ន្ធតុលាការ ដើម្បីការពារមុខមាត់ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។

យ៉ាងណា លោក ហ៊ុន សាងហាក់ បារ​ម្ភថា បើជំងឺនេះ​មិនត្រូវ​បាន​ព្យាបាល​ទេ នឹង​ធ្វើ​ឱ្យកម្ពុជា​​ខាត​​បង់ ព្រោះ​​បញ្ហា​​នេះបានជំរុញឱ្យមានវិវាទសង្គមកាន់តែខ្លាំង រួមទាំងការ​បាត់​បង់ទំនុកចិត្តពីអ្នកវិនិយោគ។

លោកថា៖ «បើយើងទុករឿងអស់ទាំងហ្នឹងឱ្យបន្តទៀត អារម្មណ៍របស់សាធារណជនទាំងអស់ ទាំងអ្ន​ក​​​​តូច​អ្នកធំហ្នឹង គិតថា​ប្រព័ន្ធយុត្តិធម៌​នៅស្រុកយើងហ្នឹង វាមានបញ្ហាមែនទែន ដល់ថ្នាក់មន្ត្រីឧកញ៉ា​ហើ​​យ គាត់​នៅទ​ទួលរងអយុត្តិធម៌បែបហ្នឹង ហើយមិនមានអន្តរាគមន៍។ អាហ្នឹងហើយវាធ្វើឱ្យបញ្ហារីកធំឡើ​​ងៗ​ វាប៉ះពាល់យ៉ាង​ខ្លាំង​ទៅដល់សង្គមទាំងមូល»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍​ផ្នត់​គំនិត លោកបណ្ឌិត សេក សុ​ជាតិ មើលឃើញ​ថា ករណី​លោក ឌួង ងៀប ជា​សាក្សីរស់​ដែល​បាន​លាត​ត្រដាង​អាថ៌កំបាំង​អំពើ​ពុក​រលួយនៅក្នុងប្រព័ន្ធតុលាការ ហើយថាករណីនេះមានលក្ខណៈ​ធ្ងន់​ធ្ងរ។

លោក សុជាតិ ចាត់ទុកថា នេះជាពន្លឺរបស់អង្គភាពប្រឆាំងអំពើ​ពុក​រលួយ ក្នុង​ការស្វែងរកអ្នកពាក់ព័ន្ធដើម្បីលាង​ជម្រះ​មន្ទិល​សង្ស័យ​រប​ស់​មហាជ​នដែល​បានឮជា​ច្រើនឆ្នាំមកហើយនោះ ហើយថាករណីនេះក៏ជា​ឱកាស​នៃ​ការ​ស្ដារមុខ​មាត់​រដ្ឋាភិបាល​ឡើងវិញផង​ដែរ។

លោកថា៖ «យើងគិតថា ជាឱកាសល្អមែនទែនសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស្វែងរកការពិត​ថា តើនៅក្នុងប្រព័ន្ធតុលាការពិតជាមានអំពើពុករលួយមែនអត់?»

វីអូឌី មិនអាចសុំអត្ថាធិប្បាយពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀង បាន​ទេ នៅថ្ងៃ​នេះ។

ប៉ុន្តែ​អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​អះអាងថា លោក​ ឌួង ងៀប បាន​ប្ដឹង​ករណី​នេះ​ទៅ​​​ក្រសួង​ហើយ ហើយ​​ក្រសួងកំពុង​ពិនិត្យ​មើល​ករណី​នេះតាមនីតិវិធី។

លោកថា៖ «មិនមែនតែ ឌួង ងៀប ទេ! នរណាក៏ដោយឱ្យតែមានមូលដ្ឋានថាខ្លួនរងភាពអយុត្តិធម៌ដោ​យ​​សារភាពមិនប្រក្រតី ក្រសួងគេនឹងពិនិត្យ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម គេនឹងពិនិត្យមើលតាមហ្នឹងហើ​យ។ បើមាន​មូលដ្ឋាន​ច្បាស់លាស់ គេ​នឹង​ចាត់[ចំណាត់ការ]ហើយ ជានីតិវិធីច្បាប់គឺអ៊ីចឹង»។

របាយការណ៍ថ្មីមួយរបស់អង្គការតម្លាភាពអន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ ចេញ​ផ្សាយ​នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រកឃើញថា អំពើពុករលួយនៅកម្ពុជា២ឆ្នាំជាប់​គ្នា​មកនេះនៅតែស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់ជាងគេ បើធៀបទៅនឹងប្រទេសជាសមាជិកអាស៊ាន។

បើតាមការវាយតម្លៃរបស់អង្គការអន្តរជាតិនោះ ប្រព័ន្ធយុត្តិធម៌ជាផ្នែកមួយទាញទម្លាក់ពិន្ទុ​នៃ​ការ​វាយ​តម្លៃពី​កម្រិត​អំពើ​ពុករលួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ